ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី ៣ ​ខែ​វិច្ឆិកា។​ បើ​ទោះបី​ជា​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​ប្រកាស​យ៉ាង​ណា​ក៏​ដោយ ​តែ​សារព័ត៌មាន​ធំៗ ​នៅ​អាមេរិក​បាន​សន្និដ្ឋាន​ហើយ​ថា បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden ​ជា​អ្នក​ទទួល​ជ័យជម្នះ ​បន្ទាប់​ពី​ទទួល​បាន​អង្គ​បោះ​ឆ្នោត​ច្រើន​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយ​ជា​ប្រធានាធិបតី។

ទោះ​មាន​ឈ្មោះ​ថា​ ជា​អ្នក​ឈ្នះ​យ៉ាង​ណា​ក្តី ​ក៏​លោក​ Joe Biden ​ត្រូវ​ការ​រយៈពេល​ជាង ​២ ខែ​ទៀត​ ទើប​លោក​អាច​ចូល​កាន់​តំណែង​បាន​នៅ​ខែ​មករា​ ឆ្នាំ​ក្រោយ ដោយសារ​នៅ​សល់​នីតិវិធីការ​បោះឆ្នោត​ជា​ច្រើន​ទៀត​ ដែល​មិន​ទាន់​ប្រព្រឹត្ត​រួច​។

តាម​ធម្មតា​ពេល​វេលា​អំឡុង​ចុង​ខែ​វិច្ឆិកា ​និង​ដើម​ខែ​ធ្នូ ​គឺ​ជា​ពេល​វេលា​ផុត​កំណត់​សម្រាប់​រដ្ឋ​នីមួយៗ ​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត ​និង​បញ្ចេញ​ការ​បញ្ជាក់ ​(Certify) លទ្ធផល​ការ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ ​ពេល​វេលា​មុន​ការ​បញ្ជាក់​លទ្ធផល​ឆ្នោត ​ក៏​ជា​រយៈពេល​សម្រាប់​បេក្ខជន​នីមួយៗ​ដាក់​ពាក្យ​បណ្ដឹង​លើ​ភាព​មិន​ប្រក្រតី ​ឬ​ស្នើសុំ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ​ពេល​ដែល​គម្លាត​តូច​ពេក​រវាង​អ្នក​ឈ្នះ ​និង​អ្នក​ចាញ់។ ចង់​មិន​ចង់​ការ​ប្ដឹង​ផ្តល់​នៅ​តុលាការ​អាច​អូស​បន្លាយ ​រហូត​អាច​ធ្វើ​ឱ្យ​ហួស​ពេល​ផុត​កំណត់ ​តែ​មិន​មាន​ផល​ប៉ះពាល់​ច្រើន​ដូច​ហួស​ពេល​កំណត់​ នៃ​ការ​តែងតាំង​អង្គ​បោះឆ្នោត​ និង​ការ​ជួប​ប្រជុំ ​Electoral College។

រហូត​ដល់​ថ្ងៃ​ទី ៨​ ខែ​ធ្នូ ​ជា​ថ្ងៃ​ផុត​កំណត់ «Safe ​Harbor» នៃ​ការ​តែងតាំង​អង្គ​បោះ​ឆ្នោត ​ដែល​អង្គ​បោះ​ឆ្នោត​ក្រោយ​ថ្ងៃ​នេះ ​គឺ​អាច​នឹង​មិន​ទទួល​ស្គាល់ ដោយ​សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា​អាមេរិក​ និង​អាច​ចាត់​ទុក្ខ​ជា​មោឃៈ​ផង​ដែរ​។ ​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​អាច​ធ្វើ​ឱ្យ​ការ​តែងតាំង​អង្គ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ក្រោយ​ពេល​ផុត​កំណត់​នេះ​។

បន្ត​មក​ថ្ងៃ​ទី ១៤ ​ខែ​ធ្នូ ​ជា​ថ្ងៃ​ជួប​ប្រជុំ​នៃ ​Electoral College​ នៅ​តាម​រដ្ឋ​នីមួយៗ​ ដើម្បី​ឱ្យ​អង្គបោះ​ឆ្នោត​ធ្វើ​ការ​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី។ បើ​សិន​រដ្ឋ​ណា​មួយ​មិន​បាន​រៀបចំ​ការ​ជួប​ប្រជុំ​នេះ​ទាន់​ថ្ងៃ​ផុត​កំណត់ ​នោះ​សំឡេង​អង្គបោះ​ឆ្នោត​របស់​ពួក​គេ​អាច​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ។

នៅ​ថ្ងៃទី ៦ ​ខែ មករា ​ឆ្នាំ ​២០២១​ សម័យ​ប្រជុំ​រួម​នៃ​សភា​តំណាងរាស្ត្រ ​និង​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា ​ដែល​ជា​អនុប្រធានាធិបតី​អាមេរិក​លោក ​Mike Pence នឹង​ធ្វើ​ការ​រាប់ និង​បញ្ជាក់​ចំនួន​សន្លឹក​ឆ្នោត​ក្នុង​ការ​ជួប​ប្រជុំ​ Electoral College ​ហើយ​ប្រកាស​បេក្ខជន​ទទួល​ជ័យជម្នះ​។

សមាជិក​សភា​តំណាងរាស្ត្រ​ ១ ​រូប ​រួម​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា ​១ ​រូប ​អាច​ដាក់​ពាក្យ​ជំទាស់​លើ​អង្គ​បោះ​ឆ្នោត​ណា​មួយ​បាន។ ​សភា​តំណាងរាស្ត្រ ​និង​ព្រឹទ្ធសភា ​នឹង​ធ្វើ​ការ​ប្រជុំ​លើ​ការ​ជំទាស់​នេះ​រៀងៗ​ខ្លួន ក្នុង​រយៈពេល ​១ ​ម៉ោង​ហើយ​នឹង​ធ្វើ​ការ​បោះឆ្នោត​ថា ​ត្រូវ​ជំទាស់​ដែរ ​ឬ​ទេ? ​តែ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ការ​ជំទាស់ ​គឺ​មិន​ដែល​បាន​សម្រេច​នោះ​ទេ។​

បើ​សិន​គ្មាន​បេក្ខជន​ណា​មួយ​ទទួល​បាន​អង្គ​បោះឆ្នោត​គ្រប់ ​២៧០​ ដោយសារ​ហេតុផល​ណា​មួយ​ នោះ​សភា​តំណាង​រាស្ត្រ​នឹង​ធ្វើ​ជា​អ្នក​តែងតាំង​ប្រធានាធិបតី ​ហើយ​ព្រឹទ្ធសភា​ជា​អ្នក​តែងតាំង​អនុ​ប្រធានាធិបតី។ ​តែ​ការ​តែងតាំង​ប្រធានាធិបតី​​នៅ​សភា​តំណាងរាស្ត្រ​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​បែង​ចែក​សមាជិក​ជា​ក្រុម​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង​ ហើយ​ក្រុម​នីមួយៗ​មាន​សំឡេង​បោះឆ្នោត​តែ ​១ គត់​ ដែល​សរុប​មាន​តែ ​៥០ សំឡេង​ប៉ុណ្ណោះ។​

សម្រាប់​អាណត្តិ​បច្ចុប្បន្ន​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន ​២៣២ ​ធៀប​នឹង ​សំឡេង ​១៩៨​ របស់​បក្ស​សាធារណរដ្ឋ​ក្នុង​សភា​តំណាង​រាស្ត្រ តែ​បើ​សិន​បែងចែក​សមាជិក​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង​បក្ស​សាធារណរដ្ឋ​មាន​ក្រុម​ចំនួន​ ២៦ ​ហើយ​ បក្ស​ប្រជាធិបតេយ្យ​មាន​ ២៤​ ក្រុម​។

ដោយ​ឡែក​លោក Trump ​វិញ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ​សំខាន់ៗ​ ចំនួន ៥ ដូច​ជា ​Arizona,​ Georgia​, Michigan,​ Nevada, ​និង Pennsylvania។ លោក ​Trump បាន​ចាញ់​រឿង​ក្ដី​នៅ​រដ្ឋ Georgia ​និង ​Michigan ​រី​ឯ​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ ​Pennsylvania ​បាន​ឈាន​ទៅ​ដល់​តុលាការ​កំពូល។ ​គេ​សង្កេត​ឃើញ​ថា ការ​ប្ដឹង​ផ្ដល់​ទាំង​នេះ​មាន​យឺត​យ៉ាវ។​ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ​លោក Trump​ នឹង​ចាញ់​ការ​ប្ដឹង​ផ្ដល់​ទាំង​នេះ ​ដោយសារ​កង្វះ​ភ័ស្តុតាង ​និង​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ហើយ​បើ​សិន​លោក​បាន​ឈ្នះ​រឿង​ក្ដី​ទាំង​នេះ​មែន​ ក៏​នៅ​តែ​មាន​ឥទ្ធិពល​តិច​តួច​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែរ។

សារព័ត៌មាន​AP​និង​ ​Fox News ​បាន​រាយការណ៍​ថា ​លោក ​Biden ​ឥឡូវ​នេះ​​លោក​មាន​អង្គ​បោះ​ឆ្នោត​ចំនួន​ ២៩០​ ធៀប​នឹង​ចំនួន​ ២១៤​ របស់​លោក ​Trump ហើយ បើ​សិន​លោក Biden ​នៅ​តែ​នាំ​មុខ​សំឡេង​នៅ​រដ្ឋ ​Georgia​ ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នោះ​ អង្គ​បោះ​ឆ្នោត​របស់​លោក​អាច​នឹង​កើន​រហូត​ដល់​ ៣០៦។

យ៉ាង​ណា​មិញ ​បើ​សិន​សភា​អាមេរិក​បាន​សម្រេច​ថា ​លោក Biden បាន​ឈ្នះ​ការ​បោះឆ្នោត ​នោះ​លោក​ធ្វើ​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ ​ទី ២០​ ខែ ​មករា ​ឆ្នាំ ២០២១។

រី​ឯ​នៅ​ពេល​បច្ចុប្បន្ន​នេះ​វិញ ​គឺ​ជា​រយៈពេល​អន្តរកាល​ លោក ​Biden ​បាន​រៀប​ក្រុម​ការងារ​ប្រឆាំង​នឹង​ជំងឺ​ COVID-19​ រួច​ស្រេច​ដែល​នឹង​ដំណើរការ​នៅ​ថ្ងៃ​ដែល​លោក​ឡើង​កាន់​អំណាច​៕