ក្រុងញូវយ៉កៈ កូនប្រសាប្រុសដែលមានមុខមាត់ដូចប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ គឺលោក Jared Kushner នឹងចូលរួមជាមួយរដ្ឋការថ្មីរបស់ឪពុកក្មេក។
ដោយយោងសម្តី «អ្នកដែលពាក់ព័ន្ធក្នុងដំណើរការនេះ» កាសែត New York Times រាយការណ៍ថា បច្ចុប្បន្ន លោក Kush ner កំពុងរៀបចំឯកសារបង្ហាញហិរញ្ញវត្ថុចាំបាច់ «ដើម្បីទទួលយក តំណែងសេតវិមានផ្លូវការមួយ»។
ស្ត្រីអ្នកនាំពាក្យ លោក Kushner បានបញ្ចាក់ថា បច្ចុប្បន្ន គាត់កំពុងវិភាគអ្វី ដែលគាត់នឹងត្រូវធ្វើ មុនពេលចូលរួមនឹងក្រុមសេតវិមាន។
ជាផ្នែកមួយ នៃដំណើរការ នេះ លោកនឹងលាលែងពីប្រមុខប្រតិបត្តិ នៃក្រុមហ៊ុន Kushner និងដកចេញ «រាល់ទ្រព្យសម្បត្តិដ៏ច្រើនក្រាស់ក្រែល»។
ក្នុងសេចក្តីថ្លែងការណ៍មួយ ស្ត្រីអ្នកនាំពាក្យរូបនោះ បាននិយាយថា៖ «លោក Kushner កំពុងប្តេជ្ញាចិត្តអនុវត្តតាមច្បាប់សីលធម៌សហព័ន្ធ និងបាននិងកំពុងពិគ្រោះជាមួយការិយាល័យសីលធម៌រដ្ឋាភិបាលទាក់ទងនឹងវិធានការជាច្រើន ដែលគាត់នឹងត្រូវចាត់ធ្វើ»។

ស្ត្រីអ្នកនាំពាក្យរូបនោះ បានបន្តថា៖ «ថ្វីបើគេមិនទាន់បានបង្ហើយផែនការនោះក្តី ក៏លោក Kushner នឹងលាលែងពីតំណែងរបស់លោកនៅក្នុងក្រុមហ៊ុន Kushner និងដកទ្រព្យសម្បត្តិសំខាន់ៗអនុលោមទៅតាមគោលការណ៍ណែនាំ របស់សហព័ន្ធដែរ»។
ពាក្យថាលោក Kushner កំពុងឈានទៅចូលរួមក្នុងរដ្ឋការលោកត្រាំ កើតមានឡើងនៅពេល កាសែត New York Times រាយការណ៍ថា ស្វាមីរបស់អ្នកស្រី Ivanka Trump បាននិងកំពុងស្វែងរកគ្រោងការអចលនទ្រព្យ ជាមួយក្រុមហ៊ុនមួយដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន។
លោក Kushner វ័យ ៣៦ ឆ្នាំ គឺជាសមាជិកដ៏មានអំណាចនិងមានឥទ្ធិពលម្នាក់ នៃមជ្ឈដ្ឋាន ខាងក្នុងរបស់លោកត្រាំ។ ឥទ្ធិពលនេះ បង្ហាញនូវភាពរឹងមាំខាងគោលនយោបាយការបរទេស ថ្វីបើលោកមានផលប្រយោជន៍មុខជំនួញឯកជនក្នុងប្រទេសសំខាន់ៗមួយចំនួនក្តី។ លោកត្រាំ ធ្លាប់បាននិយាយជាសាធារណៈថា Kushner ដែលជាអម្បូរ ជីហ្វអូតូដុក នឹងមានតួនាទី សំខាន់ក្នុងទំនាក់ទំនងអាមេរិកជាមួយអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីលោកត្រាំ នៅតែពុំទាន់ប្រាកដប្រជានៅឡើយ នៅពេលដែលសមាជិកដែលត្រូវបានតែងតាំង ៩ នាក់ ត្រូវរង់ចាំសវនាការបញ្ជាក់មួយពីក្រុមអ្នកធ្វើច្បាប់នៃព្រឹទ្ធសភាអាមេរិក នឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍នាសប្តាហ៍នេះ ដែល ក្នុងនោះមានទាំងតំណែងរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson ផងដែរ៕
The New York Times