ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ​ទី ៩ ​ថា​ លោក​កំពុង​ត្រៀម​បញ្ចេញ​អ៊ីមែល​របស់​អ្នក​កាន់​តំណែង​មុន​គាត់​ លោកស្រី Hillary Clinton ក្រោយ​ពី​លោក​ទទួល​ការ​រិះគន់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។ ការ​ប្រកាស​នេះ ​ធ្វើ​ឡើង ​២៦ ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី។

ក្នុង​ការ​សម្ភាស​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News លោក Pompeo បាន​និយាយ​ថា៖ «យើង​មាន​អ៊ីមែល​ទាំង​នោះ» ដោយ​លោក​បន្ថែម​ទៀត ថា៖ «យើង​នឹង​បញ្ចេញ​ព័ត៌មាន​ទាំង​អស់​នេះ ដើម្បី​ឱ្យ​ប្រជាជន​អាមេរិក​អាច​មើល​បាន។ អ្នក​នឹង​ចាំ​ថា​ព័ត៌មាន​សម្ងាត់​​ត្រូវ​បាន​ដាក់​ក្នុង​ប្រព័ន្ធ​អ៊ីមែល​ផ្ទាល់​ខ្លួន វា​មិន​ត្រូវ​នៅ​ទីនោះ​ទេ។ លោកស្រី Hilary Clinton ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ វា​គឺ​ជា​ឥរិយាបថ ដែល​មិន​អាច​ទទួល​យក​បាន»។

1 ថ្ងៃ​មុន​ការ​ប្រកាស​របស់​លោក Pompeo លោក Trump ក៏​បាន​និយាយ​ក្នុង​ការ​សម្ភាស​នៅ​ប៉ុស្តិ៍ Fox News ថា៖ «ពួក​គេ (អ៊ីមែល​របស់​ Clinton) គឺ​ស្ថិត​នៅ​ក្នុង​ក្រសួង​ការបរទេស ​ប៉ុន្តែ​លោក Mike Pompeo ​មិន​អាច​បញ្ចេញ​ពួក​គេ (អ៊ីមែល) បាន​ដែល​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់។ ​តាម​ពិត​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ចំពោះ​គាត់ (Mike Pompeo) ដោយសារ​ហេតុផល​នេះ។ គាត់​មិន​អាច​បញ្ចេញ​ពួក​គេ (អ៊ីមែល) ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​មូលហេតុ​ទេ។ អ្នក ​(Pompeo) កំពុង​ដឹកនាំ​ក្រសួង​ការ​បរទេស អ្នក​នឹង​ត្រូវ​បញ្ចេញ​ពួក​គេ (អ៊ីមែល) ​ឱ្យ​បាន។ កុំ​ភ្លេច​ថា ​ព័ត៌មាន​ទាំង​នោះ​ ជា​ព័ត៌មាន​សម្ងាត់​»។

ទាំង​លោក Trump និង​លោក ​Pompeo មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គេ​នឹង​បញ្ចេញ​អ៊ីមែល​របស់​លោកស្រី Clinton ​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​មាន​ការ​ប្រកួតប្រជែង​យ៉ាង​ក្ដៅ​គគុក​នោះ​ទេ។ ពួក​គេ​អាច​ធ្វើ​ការ​បញ្ចេញ​បាន​នូវ​ចំណុច​ណា​មួយ​ក្នុង​រយៈពេល ​៤ ឆ្នាំ​កន្លង​មក​នេះ។

អ៊ីមែល​របស់​លោកស្រី ​Clinton ​គឺ​ជា​ចំណុច​ចម្រូងចម្រាស​មួយ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។ លោកស្រី Clinton ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស ​និង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីមែល​ផ្ទាល់​ខ្លួន​ហើយ​បាន​ផ្ញើ​ព័ត៌មាន​សម្ងាត់​​តាម​ប្រព័ន្ធ​នេះ​។ សមាជិក​សភា​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ឱ្យ FBI បើក​ការ​ស៊ើប​អង្កេត​ថា ​សកម្មភាព​របស់​លោកស្រី ​Clinton ​គឺ​ខុស​ច្បាប់​ដែរ​ឬទេ​? FBI បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ពួក​គេ ​ហើយ​បាន​សន្និដ្ឋាន​ថា​ សកម្មភាព​លោកស្រី Clinton គឺ​ជា​សកម្មភាព​ធ្វេស​ប្រហែស​ខ្លាំង​តែ​មិន​បាន​ដាក់​ការ​ចោទ​ប្រកាន់​ណា​មួយ​ទេ ​ពី​ព្រោះ​លោកស្រី​មិន​មាន​ចេតនា​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋកម្ម។

តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធាន FBI ​លោក James Comey ​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ​ដោយ​លើក​ឡើង​ថា FBI បាន​រក​ឃើញ​ភ័ស្តុតាង​ថ្មី។ ការ​ប្រកាស​នេះ ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​លោកស្រី​ Clinton។ ក្រោយ​ពី​លោកស្រី Clinton បាន​ចាញ់​ឆ្នោត FBIបាន​បញ្ចប់​ការ​ស៊ើបអង្កេត ​ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​មុន។

ក្រៅ​ពី​នេះ​ នៅ​ក្នុង​កិច្ច​សម្ភាសន៍ Fox News ដដែល​លោក ​Trump​ ក៏​បាន​រិះគន់​អគ្គរដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​លោក William “Bill” Barr ដោយ​បាន​និយាយ​ថា​ លោក Barr អាច​នឹង​ក្លាយ​ជា​អគ្គរដ្ឋ​អាជ្ញា​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​បើ​សិន​ជា​លោក​មិន​អាច​ដាក់​ទោស​លោកស្រី Clinton ទាក់ទង​នឹង​រឿង​អ៊ីមែល ហើយ​ដាក់​ទោស​សមាជិក​ផ្សេង​ទៀត​នៃ​រដ្ឋបាល Barrack Obama ដោយ​បាន​ចោទ​ថា ​រដ្ឋការ​ Obama បាន​លួច​ឃ្លាំមើល​ក្រុម​លោក Donald Trump កាល​ពី​ពេល​បោះឆ្នោត ​២០១៦​ និង​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​លោក។​

នៅ​ឆ្នាំ ២០១៦ FBI​ បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ទំនាក់ទំនង​រវាង​រុស្ស៊ី ​និង​សមាជិក​យុទ្ធនាការ​របស់​លោក Donald Trump។ នៅ​ឆ្នាំ ​២០១៧ ការ​ស៊ើប​អង្កេត​នេះ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert S. Mueller III ដែល​ជា​អតីត​ប្រធាន FBI។​ លោក Mueller បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឆ្នាំ ២០១៩​ ដោយ​បាន​ដាក់​ទោស​សមាជិក​យុទ្ធនាការ​លោក Trump មួយ​ចំនួន​តែ​មិន​បាន​ដាក់​ទោស​ លោក Trump​ ផ្ទាល់​ទេ។

នៅ​ឆ្នាំ ២០១៩ លោក Barr បាន​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត ដើម្បី​រុករក​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ស៊ើប​អង្កេត​ឆ្នាំ ​២០១៦ មក​ដល់​សព្វ​ថ្ងៃ​នេះ​ ការ​ស៊ើប​អង្កេត​នេះ​ មិន​មាន​ការ​ដាក់​ទោស​នរណា​ម្នាក់ និង​មិន​មាន​ការ​ប្រកាស​អ្វី​ថ្មី​ទេ។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ ការ​លើក​ឡើង​រឿង​អ៊ីមែល​របស់​លោក​ស្រី Clinton គឺ​ជា​តាកទិក​របស់​លោក Trump ដើម្បី​បង្វែរ​អារម្មណ៍​សាធារណជន​ពី​ការ​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សេតវិមាន ​និង​ការ​រាលដាល​ជា​ថ្មី​ជុំវិញ​ប្រទេស។​

យ៉ាងណា​មិញ​ការ​តស៊ូ​មតិ​លើកទី​២ ​រវាង​លោក Trump និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ត្រូវ​បាន​លុប​ចោល ​ដែល​ជា​ការ​ប្រុងប្រយ័ត្ន​នៃ​ការ​ឆ្លង​ជំងឺ​ COVID-19៕