ក្រុងតូក្យូ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានអំពាវនាវដល់សម្ព័ន្ធមិត្តអាស៊ីសំខាន់ៗឱ្យរួបរួមគ្នាប្រឆាំងនឹងសកម្មភាព «កេងប្រវ័ញ្ច ពុករលួយ និងបង្ខិតបង្ខំ» របស់ប្រទេសចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើតទន្លេមេគង្គជួរភ្នំហិមាល័យ និងច្រកសមុទ្រតៃវ៉ាន់ ខណ:ពេលលោកចូលរួមកិច្ចប្រជុំនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។
លោក Pompeo បានថ្លែង បែបនេះ នៅក្នុងកិច្ចពិភាក្សាជាមួយភាគីជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលរួមជាមួយនឹងអាមេរិក គឺជាសមាជិកទាំង ៤ នៃវេទិកាយុទ្ធសាស្ត្រ «កិច្ចសន្ទនាសន្តិសុខចតុភាគី» ឬហៅកាត់ថា Quad។
លោកបានវាយប្រហារចិននៅក្នុងសេចក្ដីថ្លែងការណ៍បើករបស់លោកថា៖ «កាលពីយើងជួបគ្នាដូចពេលនេះពីឆ្នាំមុន បរិយាកាសពិភពលោក គឺខុសគ្នាខ្លាំងណាស់ពីពេលបច្ចុប្បន្ន។ យើងមិនអាចនឹកស្មានថា មានរោគរាតត្បាតចេញពី Wuhan នោះទេ។ វិបត្តិនោះកាន់តែធ្ងន់ធ្ងរ ដោយសារការបិទបាំងរបស់ បក្សកុម្មុយនីស្តចិន។ ធម្មជាតិនៃរបបផ្ដាច់ការនេះបានធ្វើឱ្យមានការឃុំឃាំង និងបំបិទមាត់ប្រជាជនចិនក្លាហានមួយចំនួនដែលបានប្រកាសអាសន្ន អំពីការរាតត្បាតជំងឺ។ អាមេរិកឈរនៅជាមួយអ្នករាល់គ្នានៅពេលយើងសហការគ្នា ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏សាហាវនេះ និងរួមគ្នាកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ»។
សម្ដីរបស់លោក Pompeo គឺផ្ទុយពីសមភាគីទាំង ៣ របស់លោក ដែលពួកគេបានចៀសវាងវាយប្រហារទៅលើប្រទេសចិន ដោយផ្ទាល់។
ប្រទេសជប៉ុន ដែលស្ថិតក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីលោក Yoshihide Suga គឺកំពុងស្វែងរកតុល្យភាពរវាងតម្រូវការនៃការគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងបំណងប្រាថ្នា ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន។ ប៉ុន្តែរដ្ឋមន្ត្រីទាំង ៤ រូប ក្រោយមកបានបញ្ជាក់ថា ពួកគេនឹងបង្កើនការសម្របសម្រួល ដើម្បីធានាសេរីភាព និងការបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ីភាគច្រើនពេញចិត្តនឹងភាពតឹងរ៉ឹងរបស់វ៉ាស៊ីនតោនចំពោះគូប្រជែងចិន ប៉ុន្តែពួកគេមិនស្វាគមន៍ចំពោះការវាយប្រហារទៅលើប្រទេសចិន ដោយលោក Trump និងលោក Pompeo នោះទេ ដើម្បីចៀសវាងមានជម្លោះជាមួយចិន។
ផ្នែកមួយនៃបញ្ហារបស់សម្ព័ន្ធមិត្តអាស៊ីរបស់ក្រុងវ៉ាស៊ីនតោន គឺការពឹងផ្អែករបស់ពួកគេលើប្រទេសចិន សម្រាប់ការធ្វើពាណិជ្ជកម្ម។ យោងតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសចិន គឺជាគោលដៅលេខ ១ សម្រាប់ការនាំចេញរបស់អូស្ត្រាលីក្នុងឆ្នាំ ២០១៩ លេខ ២ សម្រាប់ការនាំចេញរបស់ជប៉ុន និងលេខ ៣ សម្រាប់ការនាំចេញរបស់ឥណ្ឌា។
ទោះជាយ៉ាងណា ក្រោយកិច្ចប្រជុំ លោក Pompeo បានប្រាប់កាសែត Nikkei ថា អាមេរិកមានគោលបំណងកែប្រែ Quad ពីវេទិកាយុទ្ធសាស្ត្រឱ្យក្លាយទៅជាសម្ព័ន្ធភាពយោធាមួយ ដើម្បីប្រឈមមុខជាមួយនឹងចិន ហើយលោកក៏សង្ឃឹមថា មានប្រទេសផ្សេងទៀតចូលរួមជាមួយ Quad ដែរ។
នេះគឺជាលើកដំបូងក្នុងរយ:ពេលជាង ១ ឆ្នាំ ដែលលោក Pompeo បានបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ីខាងកើត ក្រោយពីមានការរាលដាលជំងឺ COVID-19 ហើយស្របពេលជាមួយការកើនឡើងភាពតានតឹងជាមួយក្រុងប៉េកាំង។
Quad ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ក្នុងគោលបំណងប្រជុំពិភាក្សាអំពីគោលនយោបាយយោធាការផ្លាស់ប្ដូរព័ត៌មាន និងសមយុទ្ធយោធា។ តែនៅឆ្នាំ ២០០៨ អូស្ត្រាលីបានដកខ្លួនចេញ ជាមួយការផ្លាស់ប្ដូរគោលនយោបាយរបស់ជប៉ុន និងឥណ្ឌាចំពោះចិនដែលបានធ្វើឲ្យមានការបែកបាក់ Quad។
Quad ត្រូវបានបង្កើតឡើងវិញក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានទី៣១ កាលពីឆ្នាំ ២០១៧ ដែលប្រទេសទាំង ៤ បានចូលរួម។ Quad ត្រូវបានអ្នកវិភាគមួយចំនួនដាក់ងារថា «Asian NATO» ឬអង្គការណាតូអាស៊ី ដោយលើកឡើងថា Quad អាចនឹងរក្សាតុល្យភាពជាមួយចិនបានហើយមានសក្ដានុពលក្នុងការឡោមព័ទ្ធប្រទេសចិន ប្រសិនបើវេទិកាយុទ្ធសាស្ត្រនេះប្រែក្លាយជាសម្ព័ន្ធភាពយោធា៕