
លោកប្រធានាធិបតីអាមេរិក Donald Trump និងស្រ្តីទី១ Melania Trump។ រូបថត AFP
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចោទអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ និងគំរាមថា នឹងប្រើកម្លាំងយោធាតបតទៅវិញ ប្រសិនបើលោកដឹងថា មានជនជាតិអាមេរិកណាម្នាក់ស្លាប់ក្នុងករណីវាយប្រហារណាមួយ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនគ្រាប់រ៉ុក្កែត Katyusha យ៉ាងហោច ៨ គ្រាប់ ត្រូវបានគេបាញ់សំដៅទៅស្ថានទូតអាមេរិក ប៉ុន្តែត្រូវបានធ្លាក់នៅតំបន់បៃតងនៅ Baghdad ប្រទេសអ៊ីរ៉ាក់ បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងរងរបួសជនស៊ីវិលអ៊ីរ៉ាក់។ ការវាយប្រហារនេះ កើតឡើងភ្លាមៗ ក្រោយពីរដ្ឋបាល Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងដកកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ខាងមុខ។
លោក Trump បានសរសេរ លើ Twitter ថា៖ «ស្ថានទូតរបស់យើងនៅទីក្រុងបាកដាដរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ កាលពីថ្ងៃអាទិត្យ។ ទាយមើលថា មកពីណា? គឺមកពីអ៊ីរ៉ង់។ ឥឡូវនេះ យើងឮគេថា នឹងអាចមានការវាយប្រហារជនជាតិអាមេរិកបន្ថែមទៀតនៅអ៊ីរ៉ាក់ ដំបូន្មានឱ្យសុខខ្លួនរបស់យើងចំពោះអ៊ីរ៉ង់៖ ប្រសិនបើជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងករណីវាយប្រហារហ្នឹងខ្ញុំនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ។ គិតមើលឱ្យច្បាស់ម្ដងទៀត»។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ក៏បានចង្អុលថា ជាក្រុមក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែរ ខណៈដែលបញ្ជាការយោធាអាមេរិកប្រចាំតំបន់នោះនិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត «គឺពិតជាត្រូវបានធ្វើឡើងដោយក្រុមជីវពលឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ពិតមែន»។
លោក Pompeo បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «បើទោះជាវាមិនបានបណ្តាលឱ្យមានជនជាតិអាមេរិករងរបួសនៅក្នុងការវាយប្រហារនេះក៏ដោយ ប៉ុន្តែវាបានធ្វើឱ្យខូចខាតអគារជាច្រើននៅក្នុងបរិវេណស្ថានទូតអាមេរិកហើយអ្នកបង្កមានចេតនាសំដៅមកយោធាយើងច្បាស់ណាស់។ សហរដ្ឋអាមេរិកនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការស្លាប់របស់ជនជាតិអាមេរិកណាម្នាក់ ដែលបណ្តាលមកពីការងាររបស់ក្រុមជីវពលឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់។
ជាការឆ្លើយតបលោក Mohammad Javad Zarif រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសារ Twitter មួយទៅកាន់លោក Trump ថា៖ «ការដែលធ្វើឱ្យពលរដ្ឋរបស់អ្នកប្រថុយនឹងហានិភ័យនៅបរទេស មិនអាចបំបាំងភ្នែកគេឯងពីភាពបរាជ័យដែលពិបាកនឹងស្រោចស្រង់របស់លោកនៅប្រទេសខ្លួនឯងឡើយ»។
នៅក្នុងសារ Twitter មួយផ្សេងទៀតលោក Zarif បាននិយាយថា៖ «លើកមុន សហរដ្ឋអាមេរិកបានបំផ្លាញតំបន់ក្នុងប្រទេសយើង ដោយប្រើប្រាស់អាវុធ WMD (អាវុធបំផ្លិចបំផ្លាញដោយទ្រង់ទ្រាយធំ) ខ្ជះខ្ជាយនូវទឹកប្រាក់ប្រមាណ ៧ ពាន់លានដុល្លារ ហើយបង្កឱ្យមានជនជាតិអាមេរិកប្រមាណជិត ៥៩ ពាន់នាក់រងរបួស» ជាឯកសារយោងមួយស្ដីពី ការលុកលុយរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ាក់ឆ្នាំ ២០០៣។
លោក Zarif បានបន្ថែមថា៖ «លោក Trump នឹងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពធ្វើទាំងប្រថុយប្រថាន និងអាកប្បកិរិយាមិនល្អរបស់លោកកន្លងមក មុននឹងលោកចុះចេញពីតំណែងប្រធានាធិបតី»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh ក៏បានថ្កោលទោសការចោទប្រកាន់របស់សហរដ្ឋអាមេរិកដោយហេតុថា ពួកគេត្រូវទទួលរងការចោទប្រកាន់ «ច្រំដែលៗ គ្មានមូលដ្ឋាន និងប្រឌិតរឿង» ដែលមានគោលបំណងធ្វើឱ្យល្អមើលចំពោះ «ស្ថានភាពដ៏អាក្រក់ ដែលលោក Trump កំពុងជួបប្រទះសព្វថ្ងៃ»។
លោក Khatibzadeh បាននិយាយថា៖ «ដូចដែលត្រូវបានប្រកាសជាច្រើនដងរួចមកហើយថា ការវាយប្រហារទៅលើតំបន់ការទូត និងតំបន់លំនៅឋានមិនមែនជាសកម្មភាពរបស់យើងទេ។ ឧទាហរណ៍ជាក់ស្ដែងដូចការចោទប្រកាន់នេះ អ៊ីចឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ជាអ្នកដែលបង្កឱ្យមានភាពតានតឹងកើតឡើង»។
លោក Khatibzadeh បានផ្ដាំលោក Trump ឱ្យប្រើ «សេណារីយោណា ដែលគួរឱ្យជឿជាងនេះ» និងចៀសវាង «សកម្មភាពប្រថុយប្រថានប្រកបដោយគ្រោះថ្នាក់» ក្នុងអំឡុងពេលកាន់អំណាចចុងក្រោយរបស់លោក។
យ៉ាងណាមិញ មន្ត្រីអាមេរិកខ្លះបានសម្តែងការព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងប្រារព្ធខួប ៣ មករា នៃការសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ដោយសហរដ្ឋអាមេរិក ហើយអាចនឹងធ្វើកូដកម្មសងសឹកវិញ។
កាលពីថ្ងៃចន្ទ សប្ដាហ៍មុន កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចាត់វិធានការមិនធម្មតានៃការប្រកាសជាសាធារណៈនូវការដាក់ដំណើរការនាវាមុជទឹកដើរដោយមីស៊ីល និងដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកឈ្មោះ USS Georgia អមដោយនាវាចម្បាំងអាមេរិក ២ បន្ថែមទៀត ទៅកាន់ច្រកសមុទ្រ Hormuz (ទីតាំងស្ថិតជិតប្រទេសអ៊ីរ៉ាក់)។
កងទ័ពជើងទឹកអាមេរិកកម្រពិភាក្សាអំពីចលនានាវាមុជទឹករបស់ខ្លួនណាស់ ប៉ុន្តែសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ក៏មានបញ្ចូលព័ត៌មានលម្អិតស្តីពីសមត្ថភាពរបស់នាវាដែលមានសមត្ថភាពអាច «ផ្ទុកមីស៊ីលទប់ទល់នឹងសមត្ថភាពមីស៊ីលលើដី Tomahawk រហូតដល់ ១៥៤ គ្រឿង»។
សេចក្តីថ្លែងការណ៍ចេញពីទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកហៅកាត់ថា CENT COM ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានកាលពីព្រឹកថ្ងៃពុធ ស្ដីអំពីកិច្ចពិភាក្សាពីការគំរាមកំហែងអ៊ីរ៉ង់ថ្មីៗ ជាពិសេសចំពោះស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ ហើយជម្រើសនានាក៏ត្រូវបានលើកមកពិភាក្សាដូចគ្នា។
ក្រុមមន្រ្តីបាននិយាយថា ជម្រើសស្តង់ដា និងទីតាំងសម្រាប់ ដាក់ដំណើការអាវុធ និងប្រឆាំងតបតទៅអ៊ីរ៉ាកវិញនៅតែជាបញ្ហាត្រូវលើកមកពិភាក្សា ប៉ុន្តែគ្មានជម្រើសណាត្រូវបានគេសម្រេចនៅឡើយទេ។ ផ្ទុយទៅវិញកិច្ចពិភាក្សាផ្តោតលើការខិតខំប្រឹងប្រែងបន្ថែមទៀតលើផ្នែកការទូត និងការផ្ញើសារជាសាធារណៈទៅកាន់គ្នាជាជាងការសម្រេចរកដំណោះស្រាយសមស្របមួយ៕