កាលពីថ្ងៃអាទិត្យ ទី ២០ ធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលការរាយការណ៍ដែលថា លោកបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅសេតវិមាន ដើម្បីពិភាក្សាពីការប្រកាសច្បាប់អាជ្ញាសឹក និងវិធីសាស្ត្រផ្សេងៗក្នុងបំណងត្រឡប់លទ្ធផលឆ្នោតលោក Biden ដែលទើបឈ្នះការបោះឆ្នោតឆ្នាំ ២០២០ នេះ។
លោក Trump បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter ថា៖ «ច្បាប់អាជ្ញាសឹក=ព័ត៌មានក្លែងក្លាយ វាគ្រាន់តែការរាយការណ៍អាក្រក់ ដោយចេតនា!»។
កាលពីថ្ងៃសៅរ៍ ទី ១៩ ធ្នូ កាសែត The New York Times និង CNN ចុះផ្សាយថា លោក Trump នៅថ្ងៃសុក្រ ១៨ ធ្នូ បានរៀបចំកិច្ចប្រជុំនៅសេតវិមានដែលមានការចូលរួមពីមេធាវីផ្ទាល់ខ្លួន លោក Rudy Giuliani និងមន្ត្រីសេតវិមានមួយចំនួនទៀត។
កិច្ចប្រជុំនេះក៏មានការចូលរួមពីបុគ្គលចម្រូងចម្រាសដូចជាអតីតមេធាវីផ្ទាល់ខ្លួនលោក Trump លោកស្រី Sidney Powell ដែលត្រូវបានលោក Giuliani បណ្ដេញចេញពីក្រុមមេធាវីលោក Trump កាលពីខែវិច្ឆិកា ផងដែរ និងអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ដែលទើបតែទទួលការលើកលែងទោសកាលពីចុងខែវិច្ឆិកា។
ប្រភពដែលបានចូលរួមកិច្ចប្រជុំបានប្រាប់សារព័ត៌មានខាងលើថា លោក Flynn បានណែនាំគំនិតប្រកាសប្រើច្បាប់អាជ្ញាសឹកទៅកាន់លោក Trump ដែលគំនិតនេះលោក Flynn ធ្លាប់និយាយជាសាធារណៈកាលពីដើមសប្ដាហ៍មុននៅលើទូរទស្សន៍អភិរក្សនិយម New smax។ លោកថា លោក Trump អាចដាក់ពង្រាយកងទ័ព ដើម្បីរៀបចំការបោះឆ្នោតម្ដងទៀត។ ប៉ុន្ដែគេនៅតែមិនដឹងច្បាស់ទេថា តើលោក Trump យល់ព្រមគំនិតនេះ ឬយ៉ាងណា? ចំពោះអ្នកផ្សេងទៀតនៅក្នុងបន្ទប់ប្រជុំបានច្រានចោលគំនិតនេះទាំងអស់គ្នា។
គំនិតមួយទៀតដែលត្រូវបានលើកយកមកពិភាក្សាដែរនោះ គឺការតែងតាំងលោកស្រី Powell ជារដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតលើការក្លែងបន្លំការបោះឆ្នោត។ នាយខុទ្ទកាល័យលោក Trump គឺលោក Mark Meadow និងមេធាវីសេតវិមានលោក Pat Cipollone បានច្រានចោលគំនិតតែងតាំងនេះជាច្រើនដង ដោយសារការអះអាងរបស់លោកស្រី Powell គឺជាការអះអាងបែបជ្រុលនិយម ហើយគ្មានភ័ស្តុតាងដែលថា វ៉េណេស៊ុយអេឡាបានលូកដៃក្នុងការបោះឆ្នោត ២០២០។ ចំពោះគំនិតផ្សេងទៀត គឺជជែកពីការចេញបញ្ជារឹបអូសម៉ាស៊ីនរាប់សន្លឹកឆ្នោត និងបើកការស៊ើបអង្កេតពិនិត្យម៉ាស៊ីនទាំងនោះ។
លោក Cipollone បានប្រាប់លោក Trump ថា គ្មានអំណាចដែលស្របតាមរដ្ឋធម្មនុញ្ញសម្រាប់ធ្វើអ្វីដែលកំពុងត្រូវបានពិភាក្សានោះទេ។ ទីប្រឹក្សាសេតវិមានផ្សេងទៀត និងក្រុមយុទ្ធនាការបោះឆ្នោតលោក Trump បានយល់ឃើញដូចគ្នានឹងលោក Cipollone ដែរពេលពិភាក្សាក្នុងកិច្ចប្រជុំ។ ដោយសារមិនចុះសម្រុងភាពតានតឹងក្នុងកិច្ចប្រជុំនេះក៏បានកើតឡើង ដោយមានការស្រែកដាក់គ្នាទៅវិញទៅមក។ លោកស្រី Powel lនិងលោក Flynn បានចោទប្រកាន់ទីប្រឹក្សាលោក Trump ផ្សេងទៀតថា បាននិងកំពុងបោះបង់ចោលប្រធានាធិបតី Trump ខណៈពេលដែលលោកកំពុងតវ៉ាឱ្យមានការត្រឡប់លទ្ធផលបោះឆ្នោត។
ចាប់តាំងពីការបោះឆ្នោតមកម្ល៉េះលោក Trump បានជំរុញឱ្យអគ្គរដ្ឋអាជ្ញាលោក William Barr តែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីពិនិត្យមើលការលួចបន្លំសន្លឹកឆ្នោតក៏ដូចជារដ្ឋអាជ្ញាពិសេសម្នាក់ទៀត ដើម្បីស៊ើបអង្កេតលោក Hunter Biden ជាកូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។
លោក Trump បានចាញ់ការបោះឆ្នោតដោយទទួលសំឡេងគាំទ្រតិចជាងប្រធានាធិបតីជាប់ឆ្នោតជាង ៧ លានសំឡេង។ រដ្ឋទាំងអស់បានបញ្ជាក់លទ្ធផលនៃការបោះឆ្នោតរួចរាល់ហើយ និងអង្គបោះឆ្នោតតំណាង (Electoral College) ក៏បានបោះឆ្នោតឱ្យលោក Biden ក្នុងសំឡេង ៣០៦-២៣២។
ការតវ៉ារបស់លោក Trump នៅតុលាការដែលមានជាង ៤០ ពាក្យបណ្ដឹង គឺបានបរាជ័យសឹងតែទាំងអស់ ដោយថ្មីៗនេះតុលាការកំពូលបានច្រានចោលពាក្យបណ្ដឹងចំនួន ២ ទៀត។ តែបើទោះជាយ៉ាងនេះក៏ដោយ លោក Trump ដែលមានការគាំទ្រពីបុគ្គលចម្រូងចម្រាសដូចជាលោកស្រី Powell លោក Flynn និងលោក Giuliani នៅតែបន្តការតវ៉ា ហើយបានដាក់ពាក្យបណ្ដឹងមួយទៀតនៅរដ្ឋ Pennsylvania ទៅកាន់តុលាការកំពូលតែអ្នកវិភាគមួយចំនួនគិតថា ពាក្យបណ្ដឹងនេះនឹងបរាជ័យដូចពាក្យបណ្ដឹងមុនៗ៕