កាល​ពី​ថ្ងៃ​អង្គារ ទី ​២២​ ធ្នូ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​រិះគន់​កញ្ចប់​ថវិកា​ជំនួយ​វិបត្តិ​កូវីដ ១៩ ​ចំនួន ​៩០០​ ពាន់​លាន​ដុល្លារ ដែល​បាន​អនុម័ត​ដោយ​បក្ស​ទាំង ​២ ​ក្នុង​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​គឺ​ជា «ភាព​អាម៉ាស់» ​ហើយ​បាន​ទាមទារ​កាត់​បន្ថយ​ការ​ចាយ​វាយ ​«ខ្ជះខ្ជាយ ​និង​មិន​ចាំបាច់» និង​បង្កើន​ដល់​ប្រជាជន​អាមេរិក។

ក្នុង​វីដេអូ​បង្ហោះ​ទៅ​កាន់​គណនី​បណ្ដាញ​សង្គម ​Twitter​ និង​ Facebook ​លោក ​Trump ​បាន​និយាយ​ថា៖ «កាល​ពី​ប៉ុន្មាន​ខែ​មុន​សភា​បាន​ចាប់​ផ្ដើម​​ចរចា​លើ​កញ្ចប់​ថ្មី ​ដើម្បី​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​ប្រជាជន​អាមេរិក។ គេ​បាន​ចំណាយ​ពេល​យ៉ាងយូរ។ ​ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​ដែល​ពួក​គេ​គ្រោង​បញ្ជូន​មក​តុ​ខ្ញុំ គឺ​ខុស​ឆ្ងាយ​ពី​ការ​រំពឹង​ទុក។ ​វា ​[សេចក្ដី​ព្រាង​ច្បាប់] ​គឺ​ពិត​ជា​ភាព​អាម៉ាស់​មែន»។

លោក​ Trump ​បន្ត​ថា៖ ​«គេ​ហៅ​វា​ថា​ សេចក្ដី​ព្រាង​ច្បាប់​ជំនួយ​វិបត្តិ​កូវីដ ១៩​ តែ​មិនមាន​អ្វី​ទាក់ទង​នឹង​ជំនួយ​កូវីដ ១៩ ទេ»។

លោក Trump ​បាន​រិះគន់​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​​ច្បាប់​នេះ ​ដែល​ផ្ដល់​ជំនួយ​ដល់​បរេទស​ដូចជា​ ជំនួយ ​៨៥,៥ ​លាន​ដុល្លារ ​ដល់​​កម្ពុជា​ ជំនួយ ​១៣៤ ​លាន​ដុល្លារ​ ដល់​មីយ៉ាន់ម៉ា​ជំនួយ ១,៣ ពាន់​លាន​ដុល្លារ ​ដល់​​​អេហ្ស៊ីប ​ជំនួយ ២៥ ​លាន​ដុល្លារ ​​ដល់​ប៉ាគីស្ថាន ​និង​ជំនួយ ​៥០៥ ​លាន​ដុល្លារ ​ដល់​​ក្រុម​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្ដាល​ជា​ដើម។​ លោក ​Trump ​គិត​ថា ​ការ​ចាយ​វាយ​នេះ គឺ «ខ្ជះខ្ជាយ ​និង​​មិន​ចាំបាច់» ​ហើយ​គួរ​តែ​ដក​ចេញ​ពី​សេចក្ដី​ព្រាង​ច្បាប់​។

លោក​ Trump​ បាន​និយាយ​ថា៖ ​«សភា​បាន​រក​ឃើញ​ប្រាក់​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​បរទេស​ អ្នក​បញ្ចុះ​បញ្ចូល​ និង​ក្រុម​មាន​ផល​ប្រយោជន៍​ពិសេស ខណៈ​ពេល​ដែល​បញ្ជូន​ចំនួន​ប្រាក់​ទាប​បំផុត​ទៅ​កាន់​ប្រជាជន​​អាមេរិក​ដែល​ត្រូវ​ការ​ប្រាក់​នេះ។​ នេះ​គឺ​មិនមែន​កំហុស​របស់​ពួក​គេ ​[ប្រជាជន​អាមេរិក] ទេ ​គឺ​ជា​កំហុស​របស់​ចិន។​ ខ្ញុំ​ស្នើសុំ​ឱ្យ​សភា​ធ្វើ​វិសោធនកម្ម​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​និង​ធ្វើ​ការ​បង្កើន​ពី​ ៦០០ ដុល្លារ ​ដែល​​​ទាប​មិន​គួរ​ឱ្យ​ជឿ ទៅ​ ២ ​០០០​ ដុល្លារ ​ឬ ​៤ ០០០ ដុល្លារ ​សម្រាប់​ប្ដី​​ប្រពន្ធ ​១ គូ​»។

ប្រធាន​សភា​តំណាងរាស្ត្រ​លោកស្រី ​Nancy Pelosi​ ដែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ស្វាគមន៍​សម្តី​របស់​លោក ​Trump ​ដោយសារ​ការ​ទាមទារ​ឱ្យ​បង្កើន​ប្រាក់​ជំនួយ​ដល់​ ២ ០០០ ដុល្លារ ​​សម្រាប់​មនុស្ស​ម្នាក់​របស់​លោក ​Trump ​គឺ​ដូច​ជា​ចំនួន​ដែល​លោកស្រី​បាន​ទាមទារ​ក្នុង​ការ​ចរចា​ជាមួយ​បក្ស​សាធារណរដ្ឋ​។

លោកស្រី ​Pelosi ​និយាយ​ថា៖ ​«សមាជិក​បក្ស​សាធារណរដ្ឋ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​មិន​​បញ្ជេញ​នូវ​ចំនួន​ទឹក​ប្រាក់​ដែល​ប្រធានាធិបតី​ចង់​បាន​សម្រាប់​សែក​ជំនួយ​ផ្ទាល់។ ទីបំផុត​លោក​​ប្រធានាធិបតី​បាន​យល់ព្រម​ចំនួន​ ២ ០០០​ ដុល្លារ ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​នាំ​សំណើ​នេះ​​មក​សភា​តំណាងរាស្ត្រ​ក្នុង​សប្ដាហ៍​នេះ ​តាមរយៈ​ការ​យល់​ព្រមជា​ឯកច្ឆន្ទ។​ តោះ​យើង​ធ្វើ!»។

យ៉ាងណា​មិញ​ មេ​ដឹកនាំ​បក្ស​ទាំង ២ និង​រដ្ឋបាល​លោក ​Trump ​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ចរចា​កញ្ចប់​ថវិកា​ជំនួយ ​៩០០​ ពាន់​លាន​នេះ ​ដើម្បី​ផ្ដល់​សែក ​៣០០ ដុល្លារ ក្នុង​មួយ​សប្តាហ៍ សម្រាប់​រយៈពេល ១១ សប្ដាហ៍​ដល់​ជន​គ្មាន​ការងារ ​និង​សែក ​៦០០ ​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​កុមារ​នីមួយៗ។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​លោក ​Steve Mnuchin ​គឺ​ជា​អ្នក​​តំណាង​លោក ​Trump ​ក្នុង​ការ​ចរចា​នេះ ​ដោយសារ​សេតវិមាន​រវល់​នឹង​ការ​​តវ៉ា​លទ្ធផល​បោះឆ្នោត។ ដើម​ឡើយ​សេតវិមាន​បាន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​តែ​លោក ​Trump ​បាន​ធ្វើ​ការ​ប្រកាស​នេះ​ភ្លាមៗ​ ដែល​ធ្វើ​ឱ្យ​មន្ត្រី​សេតវិមាន​ភ្ញាក់​ផ្អើល​។

សម្តី​របស់​លោក ​Trump ​គឺ​ហាក់​ដូច​ជា​លោក​ចង់​វ៉េតូ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​បើ​ទោះបី​​ជា​លោក​មិន​បាន​និយាយ​ដោយ​ផ្ទាល់​ក៏​ដោយ។​ តែ​ច្បាប់​នេះ​បាន​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ ៣៥៩-​៥៣ ក្នុង​សភា​​តំណាងរាស្ត្រ ​និង ៩២-៦ ​ក្នុង​ព្រឹទ្ធសភា​ ដែល​ជា​​សំឡេង​ភាគ​ច្រើន​មិន​អាច​វ៉េតូ​បាន។ ​គេ​មិន​ទាន់​ដឹង​ថា ​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​ តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​ប៉ាន់​ស្មាន​ថា​ លោក ​Trump អាច​នឹង​មិន​ព្រម​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ ២០២១ ​ដែល​អាច​បណ្ដាល​​ឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​ម្ដង​ទៀត។

យ៉ាងណា​មិញ​លោក ​Trump​ បាន​បញ្ចប់​ដោយ​និយាយ​ថា៖ «បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​សមរម្យ​ឱ្យ​ខ្ញុំ ​ឬ​មួយ​រដ្ឋបាល​បន្ទាប់​នឹង​ត្រូវ​ផ្ដល់​កញ្ចប់​ជំនួយ​កូវីដ​ ហើយ​រដ្ឋបាល​នោះ គឺ​អាច​ជា​រដ្ឋបាល​ខ្ញុំ យើង​នឹង​សម្រេច​វា​ឱ្យ​បាន»។

សម្តី​ចុង​ក្រោយ​របស់​លោក ​Trump ​គឺ​បង្ហាញ​ថា ​លោក​នៅ​តែ​ប្រកាន់​យក​ជំហរ​ថា​ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ​២០២០​ ហើយ​បក្ស​ប្រជាធិបតេយ្យ​បាន​លួច​ជ័យជម្នះ​របស់​លោក​តាមរយៈ​ការ​ក្លែងបន្លំ​ការ​បោះឆ្នោត។​ ការ​តវ៉ា​របស់​លោក​ជាង ៤០ ពាក្យ​បណ្ដឹង​ត្រូវ​បាន​បរាជ័យ​ដោយសារ​ការ​អះអាង​របស់​លោក​ Trump ​គឺ​មិន​មាន​ភ័ស្តុតាង​ច្បាស់លាស់​ដែល​អាច​​បញ្ជាក់​បាន។

មក​ដល់​ពេល​នេះ​លទ្ធផល​នៅ​រដ្ឋ​ទាំង​ ៥០ ​ត្រូវ​បាន​បញ្ជាក់​ថា​ ត្រឹមត្រូវ​ទាំង​អស់​ហើយ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden ​គឺ​ត្រូវ​បាន​អង្គ​បោះ​ឆ្នោត​នៃ ​Electoral College បោះឆ្នោត ​៣០៦-២៣២ ​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី។ សម័យ​ប្រជុំ​រួម​នៃ​សភា​អាមេរិក​នឹង​ធ្វើ​ការ​រាប់​សំឡេង​ឆ្នោត ​Electoral College ​នៅ​ថ្ងៃ​ទី ៦ ​ខែ ​មករា ​ឆ្នាំ ២០២១ ហើយ​ប្រធានាធិបតី​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី ២០​ ខែមករា​៕