កាល​ពី​ថ្ងៃ​សុក្រ ​ទី ២៧ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​បាន​និយាយ​ថា​ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden ត្រូវ​តែ​បង្ហាញ​សំឡេង​ឆ្នោត​ទាំង​អស់ ​ដែល​លោក​បាន​ទទួល​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ៣ ​វិច្ឆិកា​ មិន​ត្រូវ «ទទួល​បាន​ដោយ​ខុស​ច្បាប់» ទើប​អាច​ចូល​សេតវិមាន​បាន។

លោក​ Trump​ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ថា៖ «Biden អាច​ចូល​សេតវិមាន​ក្នុង​នាម​ជា​ប្រធានាធិបតី​លុះត្រា​តែ​គាត់​អាច​បង្ហាញ​ថា​ ចំនួន​សន្លឹក​ឆ្នោត​មិន​គួរ​ឱ្យ​ជឿ​ ៨០ លាន​ គឺ​មិន​មាន​ការ​ក្លែង​បន្លំ​ ឬ​ទទួល​បាន​ដោយ​ខុស​ច្បាប់។ ​នៅ​ពេល​ដែល​អ្នក​មើល​ទៅ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង​ Detroit,​ Atlanta, Philadelphia, និង Milwaukee​ គឺ​មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​ គាត់ (Biden) មាន​បញ្ហា​មិន​អាច​ដោះស្រាយ​បាន!»។

ក្នុង​សារ​បន្ទាប់​លោក Trump​ ក៏​បាន​វាយ​ប្រហារ​ទីក្រុង​ទាំង​នេះ​ថា​ពុករលួយ​ដោយ​លោក​សរសេរ​ថា៖ ​«Biden ​បាន​លទ្ធផល​មិន​សូវ​ល្អ​នៅ​ក្នុង​ទីក្រុង​ធំៗ​ (Politico) លើកលែង​តែ​ទីក្រុង Detroit (សំឡេង​​ឆ្នោត​ច្រើន​ជាង​ចំនួន​ប្រជាជន!​), Philadelphia, Atlanta, និង​ Milwaukee​ ដែល​គាត់​ត្រូវ​តែ​ឈ្នះ។ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ទីក្រុង​​ទាំង​អស់​នេះ​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ដែល​សំខាន់ៗ​បំផុត​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ពុក​រលួយ​!»។

សារ​របស់​លោក Trump ​គឺ​ក្នុង​ចំណោម​ការ​អត្ថាធិប្បាយ​ចុង​ក្រោយ​បំផុត​របស់​លោក​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ដែល​លោក​បាន​ជំទាស់​លទ្ធផល​នៅ​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដែល​លោក​បាន​ចាញ់​ជា​ពិសេស​រដ្ឋ​​Pennsylvania ​ដោយ​បាន​​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំ​​អ្នក​បោះឆ្នោត​ (ស្លាប់​ ឬ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​អ្នក​បោះ​ឆ្នោត​ម្នាក់​បោះឆ្នោត​ច្រើន​ដង​។ល។)​ និង​ការ​បន្លំ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ។

ការ​ប្ដឹង​រារាំង​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត​របស់​លោក ​Trump​ នៅ​រដ្ឋ ​Arizona, Georgia, Michigan, Nevada, និង Pennsylvania ភាគ​ច្រើន​បាន​ទទួល​បរាជ័យ។​ កាល​ពី​ថ្ងៃ​សុក្រ ​តុលាការ​ឧទ្ធរណ៍​នៅ​រដ្ឋ ​Pennsylvania​ បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​លោក ​Trump​ ដោយ​តុលាការ​បាន​សរសេរ​ក្នុង​ការ​សម្រេច​របស់​ពួក​គេ​ថា៖ «អ្នក​បោះឆ្នោត​មិនមែន​មេធាវី​ទេ​ដែល​ជា​អ្នក​ជ្រើសរើស​ប្រធានាធិបតី។​ សន្លឹក​ឆ្នោត​មិន​មែន​ពាក្យ​បណ្ដឹង​ទេ ​ដែល​សម្រេច​ការ​បោះឆ្នោត​»។

នៅ​ឯ​រដ្ឋ​ Wisconsin វិញ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ បាន​ប្រព្រឹត្ត​រួចរាល់​អស់ ​ដោយ​លទ្ធផល​គឺ​នៅ​តែ​លោក ​Biden ​ទទួល​ជ័យជម្នះ។​ ក្រុម​លោក ​Trump បាន​ទាមទារ​ការ​រាប់​សា​ឡើង​វិញ​នេះ​ និង​បាន​បង់​ប្រាក់​អស់​ ៣​ លាន​ដុល្លារ​ ដោយ​សង្ឃឹម​ថា ​នឹង​ពិនិត្យ​រក​សន្លឹក​ឆ្នោត​ណា​ដែល​មាន​កំហុស ​និង​ធ្វើ​ការ​តវ៉ា​សន្លឹក​ឆ្នោត​ទាំង​នោះ ​ក្នុង​បំណង​កាត់​បន្ថយ​ចំនួន​សន្លឹក​​ឆ្នោត​លោក​ Biden។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៦ ​វិច្ឆិកា​ លោក​ Trump ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​នឹង​ចាក​ចេញ​ពី​សេតវិមាន​បើ​សិន​អង្គបោះ​ឆ្នោត​នៃ​ Electoral College ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក ​Biden។​ មក​ដល់​ពេល​នេះ​ លោក ​Biden ​ត្រូវ​បាន​គេ​សន្មត​ថា​ បាន​ទទួល​អង្គ​បោះឆ្នោត​ចំនួន​ ៣០៦​ គ្រប់គ្រាន់​ចំនួន​ ២៧០​ ដែល​ត្រូវ​ការ​ក្នុងការ​ទទួល​ជ័យជម្នះ​ក្នុង​កិច្ច​ប្រជុំ ​Electoral College​ ធៀប​នឹង​ ២៣២ ​របស់​លោក​ Trump។

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក្រុម​មេធាវី​របស់​លោក ​Trump នៅ​តែ​បន្ត​តវ៉ា​លទ្ធផល​បោះឆ្នោត ដែល​ពួក​គេ​បង្ហាញ​ថា​ នឹង​បន្ត​រហូត​ដល់​តុលាការ​កំពូល​អាមេរិក​៕