កាលពីថ្ងៃសុក្រ ទី ១១ ខែធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្យាយាមបញ្ចុះបញ្ចូលតុលាការកំពូលឱ្យសម្រេចត្រឡប់លទ្ធផលការបោះឆ្នោតនៅរដ្ឋដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានឈ្នះដែលក្រោយមកពាក្យបណ្ដឹងនេះត្រូវបានច្រានចោលជាឯកច្ឆន្ទដោយតុលាការកំពូលនៅថ្ងៃដដែល។
លោក Trump បានបង្ហោះសារតាមប្រព័ន្ធសង្គម Twitter ថា៖ «ឥឡូវនេះរដ្ឋបាល Biden នឹងក្លាយរដ្ឋបាលរញ៉េរញ៉ៃពោរពេញទៅដោយរឿងអាស្រូវសម្រាប់រយៈពេលរាប់ឆ្នាំខាងមុខ។ ហេតុនេះ គឺធ្វើឱ្យកាន់តែងាយស្រួលសម្រាប់តុលាការកំពូលសហរដ្ឋអាមេរិកក្នុងការអនុវត្តតាមរដ្ឋធម្មនុញ្ញ និងធ្វើអ្វីដែលមនុស្សគ្រប់គ្នាដឹងថា ត្រូវតែធ្វើ។
ពួកគេត្រូវតែបង្ហាញភាពក្លាហាន និងប្រាជ្ញាដ៏អស្ចារ្យ។ ជួយសង្គ្រោះសហរដ្ឋអាមេរិក!!!»។
ក្នុងសារបន្ទាប់លោក Trump បានសរសេរថា៖ «ប្រសិនបើតុលាការកំពូលបង្ហាញពីប្រាជ្ញា និងភាពក្លាហានដ៏អស្ចារ្យ ប្រជាជនអាមេរិកនឹងឈ្នះរឿងក្ដីដែលប្រហែលសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយដំណើរការបោះឆ្នោតរបស់យើងនឹងត្រូវបានគោរពម្ដងទៀត!»។
សាររបស់លោក Trump គឺហាក់ដូចជាលោកសង្ឃឹមថា ចៅក្រមអភិរក្សនិយមទាំង ៦ ក្នុងចំណោមចៅក្រមសរុបទាំង ៩ នឹងធ្វើការសម្រេចពន្យារការជួបប្រជុំអង្គបោះឆ្នោតនៅរដ្ឋ Georgia, Michigan, Pennsylvania, និង Wisconsin តាមការស្នើរបស់ពាក្យបណ្ដឹង។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមចៅក្រមអភិរក្សនិយមទាំង ៦ ចៅក្រមចំនួន ៣ រូប គឺតែងតាំងដោយលោក Trump ដែលការតែងតាំងចុងក្រោយបំផុត គឺបានធ្វើឡើងរយៈពេលប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោត។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីលោក Trump បង្ហោះសារនេះចៅក្រមទាំង ៩ រូប នៃតុលាការកំពូលបានចេញបង្គាប់ដ៏ខ្លីមួយមានប្រវែង ១ ទំព័រ ច្រានចោលពាក្យបណ្ដឹងនេះ។ ក្នុងលិខិតបង្គាប់តុលាការបានប្រកាសថា៖ «សំណើដាក់ពាក្យបណ្ដឹងរបស់រដ្ឋ Texas ត្រូវបានច្រានចោលដោយខ្វះជំហរប្ដឹងស្របតាមមាត្រា ៣ នៃរដ្ឋធម្មនុញ្ញ។ រដ្ឋ Texas មិនបានបង្ហាញថា ពួកគេ គឺត្រូវបានប៉ះពាល់ដោយរបៀបធ្វើការបោះឆ្នោតនៅរដ្ឋផ្សេងទៀតទេ»។ ការសម្រេចនេះ គឺជាការសម្រេចឯកច្ឆន្ទដោយចៅក្រមចំនួន ៧ រូប ច្រានចោលសំណើភ្លាមៗហើយចៅក្រម ២ រូបផ្សេងទៀតគិតថា រដ្ឋមានសិទ្ធិដាក់សំណើតែបញ្ជាក់ថា ពួកគេនឹងមិនសម្រេចតាមសំណើនេះទេ។
លោក Trump បានប្រតិកម្មតាមរយៈ Twitter ថា៖ «តុលាការកំពូលពិតជាធ្វើឱ្យយើងខកចិត្ត។ គ្មានប្រាជ្ញាគ្មានភាពក្លាហាន!»។ អ្នកផ្ដួចផ្ដើមពាក្យបណ្ដឹង អគ្គរដ្ឋអាជ្ញានៃរដ្ឋ Texas លោក Ken Paxton ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់លោក Trump បានអះអាងដោយមិនមានភ័ស្តុតាងក្នុងពាក្យបណ្ដឹងថា មានភាពមិនប្រក្រតីកើតឡើងក្នុងការបោះឆ្នោតផ្ញើតាមប្រអប់សំបុត្រនៅរដ្ឋទាំង ៤ នេះ ហើយធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតទាំងមូល និងធ្វើឱ្យមានវិសមភាពរវាងអ្នកបោះឆ្នោតពីរដ្ឋ ១ ទៅរដ្ឋ ១។
លោក Paxton បានស្នើទៅកាន់តុលាការកំពូលឱ្យពន្យារការជួបប្រជុំ Electoral College របស់រដ្ឋទាំង ៤ នេះ ដើម្បីបើកការស៊ើបអង្កេតទៅលើការបោះឆ្នោតនេះ។ ប្រសិនបើការជួបប្រជុំអង្គបោះឆ្នោត ត្រូវបានពន្យាររហូតដល់ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ នោះសំឡេងឆ្នោតរបស់រដ្ឋទាំងនេះនឹងត្រូវបានចាត់ទុកជាមោឃៈ។
ក្រោយពីលោក Paxton ដាក់ពាក្យបណ្ដឹង លោក Trump រួមជាមួយសមាជិកសភាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋចំនួន ១២៥ រូប និងរដ្ឋក្រហមចំនួន ១៧ បានដាក់សំណើទៅកាន់តុលាការកំពូល ដើម្បីចូលរួមធ្វើជាភាគីដើមបណ្ដឹងផងដែរ។ រីឯរដ្ឋជាង ២០ ផ្សេងទៀតបានដាក់សំណើទៅកាន់តុលាការកំពូលឱ្យច្រានចោលពាក្យបណ្ដឹងនេះ។
កាលពីថ្ងៃអង្គារ ទី ៨ ធ្នូ តុលាការកំពូលក៏បានច្រានចោលពាក្យបណ្ដឹងស្រដៀងគ្នានឹងពាក្យបណ្ដឹងខាងលើដែលបានប្ដឹងដោយសមាជិកបក្សសាធារណរដ្ឋនៅ Pennsylvania ដើម្បីត្រឡប់លទ្ធផលថា លោក Biden ឈ្នះនៅរដ្ឋនោះ។ អ្នកវិភាគមួយចំនួនបានយល់ថា ការសម្រេចរបស់តុលាការកំពូលទាំងនេះ គឺជាសញ្ញានៃចុងបញ្ចប់ការតវ៉ាលទ្ធផលការបោះឆ្នោតដោយលោក Trump។
បើទោះជាយ៉ាងនេះក៏ដោយលោក Trump នៅតែប្រកាន់ជំហរថា លោកបានឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ហើយលោក Biden បានលួចជ័យជម្នះនេះ ដោយការក្លែងបន្លំសន្លឹកឆ្នោត។ រដ្ឋទាំង ៥០ នៃសហរដ្ឋអាមេរិកបានធ្វើការបញ្ជាក់លទ្ធផលការបោះឆ្នោតរួចជាស្រេចដោយមិនរកឃើញភាពមិនប្រក្រតីណាមួយទេ ហើយបានតែងតាំងអង្គបោះឆ្នោតរួចជាស្រេច។
អង្គបោះឆ្នោតទូទាំងសហរដ្ឋអាមេរិកនឹងធ្វើការជួបប្រជុំ Electoral Collegeនៅថ្ងៃចន្ទ ទី ១៤ ធ្នូ ហើយនឹងសម្រេចថា លោក Biden ជាប្រធានាធិបតីនឹងបញ្ជូនលទ្ធផលទៅសភាអាមេរិក។ នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ សភាអាមេរិកនឹងជួបប្រជុំក្នុងសម័យប្រជុំរួម ដើម្បីបញ្ជាក់ការសម្រេចរបស់អង្គបោះឆ្នោត ហើយប្រធានាធិបតីនឹងចូលកាន់តំណែងនៅម៉ោង ១២ ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១៕