មន្ត្រី​ស៊ីវិល​មួយ​ចំនួន ដែល​មាន​តំណែង​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក ត្រូវ​បាន​បញ្ឈប់​ការងារ ឬ​លាលែង​ដោយ​មិន​ដឹងពី​មូលហេតុ​ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​បុគ្គល​ជំនិត​របស់​លោក Trump ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ប្រធានាធិបតី​រូប​​នេះ​នៅ​តែ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

កាលពី​ថ្ងៃ​ចន្ទ​ទី​ ៩​ ខែ​វិច្ឆិកា​ លោក​ Trump ​បាន​បញ្ឈប់​ការងារ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Mark​ Esper​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូល-ហេតុ​នៃ​ការ​បណ្ដេញ​ចេញ​នេះ​។ ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ​នេះ​ លោក Esper ​បាន​ប៉ះ​ទង្គិច​ជាមួយ​លោក Trump ដោយ​លោក​ Esper​បាន​ប្រឆាំង​នឹង​គោល​បំណង​របស់​លោក Trump ​ក្នុង​ការ​ដាក់​ពង្រាយ​កង​យោធា​ ដើម្បី​បង្ក្រាប​ការ​ធ្វើ​បាតុកម្ម​ តវ៉ា​ប្រឆាំង​ការ​សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​លោក​ George Floyd​។​

មួយ​ថ្ងៃ​ក្រោយ​ការ​បណ្ដេញ​ចេញ​លោក ​Esper ​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោកស្រី Jen​ Steward ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ ទទួល​បន្ទុក​រៀបចំ​គោល​នយោបាយ​របស់​​លោក ​James​ Andersen​ និង​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​ចារកម្ម​ និង​សន្តិសុខ​ លោក​ Joseph Kernan ​បាន​លាលែង​ពី​តំណែង ​ដោយ​មិន​ដឹង​ថា ​ពួក​គេ​លាលែង​ដោយ​ស្ម័គ្រ​ចិត្ត​ ឬ​ត្រូវ​បាន​គេ​បង្ខំ​។​

នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម​លោក​ Christopher​ Miller​បាន​ឡើង​ធ្វើ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​។ ​លោក​ Anthony ​Tata​ ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ត្រី ​១ ​រូប​ និង​ជា​អតីត​អ្នក​វិភាគ​អភិរក្ស​និយម​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ ​Fox ​News ​នឹង​ឡើង​ជំនួស​លោក​ Andersen​។​ លោក​ Ezra​ Cohen ​Watnick ​ដែល​ជា​អតីត​បុគ្គលិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​ លោក Trump​ នឹង​ឡើង​ជំនួស​លោក​ Kernan​។ ​

លោក​Kash​ Petal ក៏​ជា​អតីត​បុគ្គលិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន Trump​ នឹង​ឡើង​ជំនួស​លោកស្រី Steward​។ ​បុរស​ទាំង ៣ ចុង​ក្រោយ​នេះ ​គឺ​ត្រូវ​បាន​គេ​គិត​ថា​ មាន​ភាព​ស្មោះស្ម័គ្រ​ទៅ​កាន់​លោក​ Trump យ៉ាង​ខ្លាំង ​ហើយ​ជា​ពិសេស​លោក​​ Cohen ​Watnick ​និង​លោក ​Petal​ ដែល​បាន​ចូលរួម​សកម្មភាព​ការពារ​លោក​ Trump​ និង​វាយ​ប្រហារ​ FBI ក្នុង​ការ​ស៊ើប​អង្កេត​ការ​លូក​ដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ​២០១៦​។​

សមាជិក​សភា​តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រជាធិបតេយ្យ ​លោក​ Adam Smith​ ដែល​ជា​ប្រធាន​គណៈកម្មការ​កង​ប្រដាប់​អាវុធ​ នៃ​សភា​តំណាងរាស្ត្រ​ បាន​ថ្កោល​ទោស​ការ​ផ្លាស់​ប្ដូរ​នេះ ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ ​«វា​ពិបាក​ក្នុង​ការ​និយាយ​ហួស​កម្រិត ​ថា​តើ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក្នុង​ការ​​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​ ​ខណៈ​ពេល​ដែល​កំពុង​​មាន​ការ​ផ្ទេរ​អំណាច​ប្រធានាធិបតី​»​។​

លោក​បន្ត​ទៀត​ថា​៖ ​«ប្រសិន​បើ​នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ទំនោរ​មួយ​ថ្មី ​ដែល​លោក​ប្រធានាធិបតី​អាច​នឹង​បណ្ដេញ​ចេញ ​ឬ​បង្ខំ​ឱ្យ​អ្នក​ជំនាញ​សន្តិសុខ​ជាតិ​លាលែង​ ដើម្បី​ជំនួស​ដោយ​បុគ្គល​ដែល​យល់​ថា​ មាន​ភាព​ស្មោះស្ម័គ្រ​នឹង​លោក​នោះ ​រយៈពេល ​៧០​ ថ្ងៃ​ខាង​មុខ​ គឺ​មាន​គ្រោះ​ថ្នាក់​បំផុត​»​។​

គេ​មិន​បាន​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​លោក​ Trump ​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ថ្នាក់​ដឹកនាំ​មន្ទីរ​បញ្ចកោណ ​ក្រោយ​ពី​ការ​ប្រកាស​ជ័យជម្នះ​លោក ​Biden ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​។ ​កង្វះ​ហេតុផល​បាន​ធ្វើ​ឲ្យ​កើន​ឡើង​ការ​សង្ស័យ​ទៅ​លើ​សកម្មភាព​លោក Trump​។​ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា លោក Trump ធ្វើ​បែប​នេះ ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​ផ្ទេរ​អំណាច​របស់​លោក Biden កាន់​តែ​ពិបាក​។ ​អ្នក​វិភាគ​ផ្សេង​ទៀត​បាន​គិត​ថា ​អ្នក​ជំនិត​លោក Trump​ គឺ​កំពុង «ត្បុរ​» ​ចូល​តំណែង​សំខាន់ៗ ​ដែល​លោក Biden​ ពិបាក​នឹង​ដក​ចេញ ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​រហូត​ដល់​អ្នក​ខ្លះ​គិត​ថា ​លោក​ Trump ​គឺ​កំពុង​រៀបចំ​ធ្វើ​រដ្ឋ​ប្រហារ​។​

ទស្សនា​វដ្ដី​ The​ Atlantic​ បាន​លើក​ឡើង​កាល​ពី​មុន​ការ​បោះឆ្នោត​ថា ​លោក​ Trump អាច​ធ្វើ​រដ្ឋ​ប្រហារ​បាន​តាមរយៈ​ការ​ប្រើប្រាស់​ច្បាប់​ Insurrection ​Act​ ធ្វើ​ការ​ប្រកាស​អាសន្ន​នៅ​រដ្ឋ​ Swing ​State ​មួយ​ចំនួន​ ហើយ​បញ្ជូន​ទាហាន​ចូល​ទៅ​រដ្ឋ​ទាំង​នោះ​។ ​

តែ​ការ​ប្រកាស​អាសន្ន ​និង​ការ​ដាក់​ពង្រាយ​ទាហាន​តាមរយៈ​ការ​ប្រើប្រាស់​ច្បាប់​ Insurrection Act​ គឺ​អាច​ធ្វើ​ឡើង​លុះត្រា​តែ​មាន​ភាព​ចលា​ចល ​និង​អសន្តិសុខ​យ៉ាង​ខ្លាំង​នៅ​រដ្ឋ​ទាំង​នេះ ​ដែល​មិន​អាច​ទប់ស្កាត់​បាន​ដោយ​អាជ្ញាធរ​របស់​រដ្ឋ​។​ មក​ដល់​ពេល​នេះ​មិន​មាន​ភាព​ចលាចល​ ឬ​អសន្តិសុខ​ខ្លាំង​នោះ​ទេ ​ដូច្នេះ​ការ​ដាក់​ពង្រាយ​ទាហាន​ គឺ​មិន​អាច​ធ្វើ​បាន​ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ ទាហាន​ភាគ​ច្រើន​នឹង​មិន​ស្ដាប់​បញ្ជា​របស់​លោក​ Trump​ ឱ្យ​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ​។​

យ៉ាង​ណា​មិញ​ ការ​បណ្ដេញ​ចេញ​លោក​ Esper​ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ ក៏​អាច​គ្រាន់​តែ​ជា​ជម្លោះ​គោល​នយោបាយ​ប៉ុណ្ណោះ ​ដោយសារ​លោក​ Esper បាន​ប្រឆាំង​ការ​ដក​ទ័ព​ពី​តំបន់​មជ្ឈិមបូព៌ា​ តែ​លោក Trump​ បាន​សន្យា​ទៅ​អ្នក​គាំទ្រ​ថា​ លោក​នឹង​ដក​ទាហាន​ឱ្យ​អស់​មុន​ថ្ងៃ​បុណ្យ​ណូអែល​។ ​ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​វិភាគ​ប៉ុណ្ណោះ ​ដោយ​ហេតុផល​ និង​គោល​បំណង​ពិត​របស់​លោក Trump​ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​៕​