កាលពីថ្ងៃសៅរ៍ ទី ៥ ខែធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទាក់ទងតាមទូរស័ព្ទជាមួយអភិបាលរដ្ឋ Georgia លោក Brian Kemp ដើម្បីជំរុញឱ្យលោក Kemp កោះប្រជុំពិសេសនៃសភារដ្ឋ Georgia ហើយបញ្ចុះបញ្ចូលសមាជិកសភាឱ្យច្រានចោលជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងធ្វើការតែងតាំងអង្គបោះឆ្នោតគាំទ្រ លោក Trump វិញ។
កាសែត Washington Post បានរាយការណ៍រឿងនេះមុនគេ ដោយផ្អែកលើប្រភពអនាមិក ១ រូប ដែលបានដឹងពីការហៅតាមទូរស័ព្ទនេះ។ ប្រភពនេះក៏បាននិយាយដែរថា លោក Kemp បានច្រានចោលមិនធ្វើតាមការទាមទាររបស់លោក Trump ដោយលើកឡើងថា លោកមិនមានអំណាចធ្វើបែបនេះទេ។ លោក Trump ក៏បានទាមទារឱ្យលោក Kemp ធ្វើសវនកម្មលើហត្ថលេខាអ្នកបោះឆ្នោតចុះលើសន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ ដោយអះអាងថា លោកនឹងឈ្នះបើសិនធ្វើសវនកម្មនេះ។
ក្រោយមកខុទ្ទកាល័យលោក Kemp បានបញ្ជាក់ថា លោក Trump ពិតជាបានធ្វើការទាមទារនេះមែន ហើយលោកអភិបាលមិនបានធ្វើតាមទេ ដោយសារមានច្បាប់ហាមឃាត់មិនឱ្យជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ខុទ្ទកាល័យលោក Kemp បានសរសេរថា៖ «ដូចដែលលោកអភិបាលបានមានប្រសាសន៍ម្ដងហើយម្ដងទៀតថា លោកនឹងបន្តអនុវត្តតាមច្បាប់ និងគាំទ្ររដ្ឋលេខាធិការឱ្យចាត់វិធានការសមហេតុផល រួមទាំងការធ្វើសវនកម្មសំណាក ហត្ថលេខាដើម្បីស្ដារទំនុកចិត្ត និងដោះស្រាយបញ្ហាធ្ងន់ធ្ងរដែលត្រូវបានលើកឡើង»។
លោក Trump បានវាយប្រហារលោក Kemp តាមបណ្ដាញសង្គម Twitter ថា៖ «ខ្ញុំនឹងឈ្នះរដ្ឋ Georgia យ៉ាងលឿន និងយ៉ាងងាយ បើសិនអភិបាល Brian Kemp និងរដ្ឋលេខាធិការបានអនុញ្ញាតការផ្ទៀងផ្ទាត់ហត្ថលេខា។ មិនទាន់បានធ្វើហើយនឹងបង្ហាញភាពខុសទ្រង់ទ្រាយធំ។ ហេតុអ្វីបានជា «បុគ្គលសាធារណរដ្ឋ» ទាំង ២ នាក់នេះនិយាយថាទេ? ប្រសិនយើងឈ្នះរដ្ឋ Georgia អ្វីៗផ្សេងទៀតនឹងទៅមុខ»។
លោក Kemp បានឆ្លើយតបលើ Twitter វិញថា លោកបានអំពាវនាវជាសាធារណៈឱ្យធ្វើសវនកម្មហត្ថលេខាចំនួន ៣ លើករួចទៅហើយ។ ការឆ្លើយតបនេះធ្វើឱ្យលោក Trump បង្ហោះសារថា៖ «ប៉ុន្តែអ្នកមិនដែលបានទទួលការបញ្ជាក់ហត្ថលេខាទេ! បុគ្គលិករបស់អ្នកបានបដិសេធមិនធ្វើអ្វីដែលអ្នកបានស្នើសុំ។ តើពួកគេកំពុងលាក់អ្វីខ្លះ? យ៉ាងហោចណាស់ត្រូវស្នើសុំធ្វើសម័យប្រជុំពិសេសនៃសភារដ្ឋនេះជាបន្ទាន់។ អ្នកអាចធ្វើបានយ៉ាងងាយ និងភ្លាមៗ។ តម្លាភាព»។
ការទំនាក់ទំនង និងការផ្លាស់ប្ដូរពាក្យសម្ដីទាំងនេះធ្វើឡើងរយៈពេលប៉ុន្មានម៉ោងមុនលោក Trump ធ្វើដំណើរទៅកាន់រដ្ឋ Georgia ដើម្បីចូលរួមយុទ្ធនាការបោះឆ្នោតជុំទី២ របស់បេក្ខជនសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ២ រូប តែលោក Brian Kemp មិនបានចូលរួមទេ ដោយសារលោកត្រូវចូលរួមពិធីបុណ្យសព។ នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោកក្នុងកម្មវិធីនយោបាយចាប់តាំងពីថ្ងៃទី ៣ ខែវិច្ឆិកា លោក Trump បន្តធ្វើការចោទប្រកាន់ដោយមិនមានភ័ស្តុតាងថា៖ «ពួកគេបានលេងខូច និងក្លែងបន្លំការបោះឆ្នោតប្រធានាធិបតីរបស់យើង ប៉ុន្តែយើងនៅតែឈ្នះ។ ពួកគេក៏នឹងព្យាយាមក្លែងបន្លំការបោះឆ្នោតនេះផងដែរ»។
ការប៉ះទង្គិចគ្នារវាងលោក Trump និងលោក Kemp រួមជាមួយនឹងការអះអាងមិនមានភ័ស្តុតាងរបស់លោក Trump បានធ្វើឱ្យសមាជិកបក្សសាធារណរដ្ឋមួយចំនួនមានការព្រួយបារម្ភថា បក្សពួកគេនឹងចាញ់ការបោះឆ្នោតសមាជិកព្រឹទ្ធសភាជុំទី២ នេះ។
បើសិនបក្សប្រជាធិបតេយ្យឈ្នះអាសនៈ ២ នេះ បក្សសាធារណរដ្ឋនឹងបាត់បង់សំឡេងភាគច្រើនក្នុងព្រឹទ្ធសភា និងធ្វើឱ្យសំឡេងស្មើគ្នា ៥០-៥០។
នៅថ្ងៃដដែលលោក Trump បានអះអាងថា រឿងក្ដីតវ៉ាលទ្ធផលបោះឆ្នោតដែលលោកបានចាញ់នៅទូទាំងរដ្ឋសំខាន់ នឹងប្ដឹងទៅកាន់តុលាការកំពូលអាមេរិក។មកដល់ពេល នេះលោក Biden ត្រូវបានគេសន្មតថា ទទួលបានអង្គបោះឆ្នោតចំនួន ៣០៦ ២៣២ គ្រប់គ្រាន់សម្រាប់ទទួលជ័យជម្នះ។ ដំណើរការផ្ទេរអំណាចបានចាប់ផ្ដើមជាស្ថាពរហើយ និងលោក Biden បានចាប់ចេញឈ្មោះគណៈរដ្ឋមន្ត្រីបណ្ដើរៗ តែលោក Trump នៅតែប្រកាន់យកជំហរថាលោកបានឈ្នះការបោះឆ្នោត ២០២០ និងអះអាងដោយមិនមានភ័ស្តុតាងថា មានការក្លែងបន្លំសន្លឹកឆ្នោត៕