
អ្នកតវ៉ាកាន់បដានៅក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា។ AFP
ក្រុមគាំទ្រសិទ្ធិមនុស្សកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើជំនួញបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈសហរដ្ឋអាមេរិកត្រៀមបង្កើនការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុននានាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធានៃប្រទេសនេះ។
ដោយឡែកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ត្រូវបានគេជំរុញឱ្យមានការពិចារណាលើការបន្ថែមទណ្ឌកម្ម និងការដាក់ពិន័យផ្សេងទៀតទៅលើប្រទេសនេះផងដែរ។ លោក Thomas Andrews អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា៖ «របាយការណ៍ និងភ័ស្តុតាងរូបថត» ជាច្រើនបន្ថែមទៀតដែលបង្ហាញឱ្យឃើញពីរូបភាពកងកម្លាំងសន្តិសុខធ្វើសកម្មភាពប្រឆាំងនឹងច្បាប់អន្តរជាតិដោយប្រើគ្រាប់រំសេវផ្ទាល់ប្រឆាំងនឹងក្រុមបាតុករ។
ជាមួយគ្នានេះ ក្រុមហ៊ុនអន្តរជាតិមួយចំនួននៅមីយ៉ាន់ម៉ាក៏បានចាប់ផ្ដើមដកខ្លួនជាបណ្ដើរៗ ហើយដោយធ្វើការកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា។ តួយ៉ាងកាលពីថ្ងៃអង្គារសប្ដាហ៍មុនសេដ្ឋីសិង្ហបុរីម្នាក់ គឺលោក Lim Kaling បានប្រកាសដកខ្លួនចេញពីការបណ្តាក់ទុនលើផលិតផលបារីដែលជាការបណ្ដាក់ទុនរួមគ្នាជាមួយប្រទេសនេះផងដែរ។
សហស្ថាបនិក និងជានាយកក្រុមហ៊ុនផលិតឧបករណ៍លេងហ្គេមនៅសិង្ហបុរី Razer លោក Lim Kaling បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តដកការវិនិយោគរបស់ខ្ញុំចេញពីប្រទេសមីយ៉ាន់ម៉ា វិញ ដោយបោះចោលភាគហ៊ុន ១ ភាគ ៣ របស់ខ្ញុំក្នុងការបណ្តាក់ទុនរួមគ្នាជាមួយនឹងម្ចាស់ក្រុមហ៊ុន RMH Singapore។ បច្ចុប្បន្នខ្ញុំកំពុងស្វែងរកក្រុមហ៊ុនណា ដែលព្រមទទួលយកភាគហ៊ុនរបស់ខ្ញុំនេះប្រកបដោយការទទួលខុសត្រូវ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMH Singapore កាន់កាប់ភាគហ៊ុនប្រមាណ ៤៩% នៃក្រុមហ៊ុនថ្នាំជក់ Virginia Tobacco Company នៅមីយ៉ាន់ម៉ាជាក្រុមហ៊ុនផលិតបារីឈានមុខគេរបស់ប្រទេស។ បន្ថែមពីនេះបើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៩ ក្រុមហ៊ុននេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងសេដ្ឋកិច្ចមីយ៉ាន់ម៉ាដែលគាំទ្រដោយក្រុមយោធានៅពីក្រោយ។
ការប្រកាសដកភាគហ៊ុននេះ ធ្វើឡើងបន្ទាប់ពីមានញត្តិតាមអ៊ីនធឺណិតមួយបង្កើតឡើងដោយក្រុមសកម្មជនយុត្តិធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា អំពាវនាវឱ្យក្រុមហ៊ុន Razor ដកលោក Lim ចេញពីក្រុមប្រឹក្សារបស់ខ្លួនប្រសិនបើលោកមិនមានវិធានការដកភាគហ៊ុនចេញពីប្រទេសនេះភ្លាមៗទេ។
ក្រុមអ្នកបង្កើតញត្តិនេះ បាននិយាយថា៖ «នេះមិនមានន័យថា ក្រុមហ៊ុន RMH Singapore កំពុងតែបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយរបបយោធានោះទេ ប៉ុន្តែការដាក់សម្ពាធលើពួកយោធាគឺត្រូវតែបន្ថែម។ យើងសូមអំពាវនាវឱ្យលោក Lim Kaling ឈរជាមួយប្រជាជនមីយ៉ាន់ម៉ា និងបញ្ចុះបញ្ចូលក្រុមហ៊ុន RMH Singapore ឱ្យដកអាជីវកម្មរបស់ពួកគេឈប់រកស៊ីជាមួយក្រុមហ៊ុន MEHL បន្តទៀត»។
ស្រដៀងគ្នានេះដែរក្រុមហ៊ុន Kirin Holdings របស់ប្រទេសជប៉ុន បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួននឹងបញ្ឈប់ការបណ្តាក់ទុនរួមគ្នាចំនួន ២ របស់ខ្លួន គឺ Myanmar Brewery និង Mandalay Brewery ពីក្រុមហ៊ុន MEHL។ ក្រុមហ៊ុនផលិតស្រាបៀរនេះ បានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធា និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ «ប្រឆាំងនឹងបទដ្ឋាន និងគោលនយោបាយ សិទ្ធិមនុស្សរបស់យើង»។
ក្រុមហ៊ុន Kirin ទទួលសម្ពាធពីសកម្មជនជាយូរមកហើយក្នុងការជំរុញឱ្យមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីឆ្នាំ ២០១៩ ថាមានហានិភ័យខ្ពស់ក្នុងការចូលរួមចំណែក ឬពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិរួមទាំងវិបត្តិរ៉ូហ៊ីងយ៉ាទៀតផង។
របាយការណ៍នោះបានបង្ហាញឱ្យឃើញនូវបញ្ជីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនគាំទ្រដោយយោធាមីយ៉ាន់ម៉ាចំនួន ១៤ រួមមានក្រុមហ៊ុន Virginia Tobacco និងក្រុមហ៊ុន Myanmar Brewery (បណ្ដាក់ទុនរួមជាមួយក្រុមហ៊ុន MEHL ដែលជាក្រុមហ៊ុនគាំទ្រដោយយោធានិង MEC ដែលជាក្រុមហ៊ុនសហគ្រប់គ្រងជាមួយក្រុមហ៊ុនបរទេស)។ ដៃគូបរទេសទាំងនោះរួមមានក្រុមហ៊ុន Kirin ក្រុមហ៊ុនផលិតដែកថែបកូរ៉េខាងត្បូង Posco និងក្រុមហ៊ុនទូរគមនាគមន៍វៀតណាម Viettel ជាដើម។
សម្ព័ន្ធសង្គមស៊ីវិលកូរ៉េខាងត្បូងចំនួន ២ រួមគ្នាជាមួយអង្គការយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ាបានដាក់ពាក្យបណ្តឹងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រឆាំងនឹងអាជីវកម្មចំនួន ៥ រួមមានក្រុមហ៊ុន Posco ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Inno គ្រុប និងក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ប៉ាស៊ីហ្វិកគ្រុបដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយយោធាមីយ៉ាន់ម៉ា។ ក្រុមហ៊ុនទាំងនោះមិនទាន់បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងរដ្ឋប្រហារនេះ នៅឡើយទេ។
លោក Shigeru Nakajima ជាមេធាវីមានមូលដ្ឋាននៅទីក្រុងតូក្យូមានជំនាញខាងការគ្រប់គ្រងអនុលោម និងគ្រប់គ្រងហានិភ័យបាននិយាយថា ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ាប្រឈមមុខនឹងហានិភ័យកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើង ខណៈដែលសាធារណជន កាន់តែយល់ដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ និងដោយប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។
លោកស្រី HtweHtwe Thein សាស្ត្រាចារ្យរងផ្នែកជំនួញអន្តរជាតិនៃសាកលវិទ្យាល័យ Curtin បានមានប្រសាសន៍ថា រដ្ឋប្រហារគឺជា «សុបិនអាក្រក់បំផុត» សម្រាប់វិនិយោគិន។ លោកស្រីបាននិយាយថា៖ «ការធ្វើជំនួញត្រូវការស្ថិរភាព និងភាពប្រាកដប្រជា។ ឥឡូវអ្វីៗក៏អាចកើតឡើងបានដែរ ដូច្នេះទំនុកចិត្តទាបនៃការធ្វើជំនួញស្ថិតក្នុងកម្រិតទាប។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញថា មីយ៉ាន់ម៉ានៅតែជាទិសដៅវិនិយោគបរទេសដ៏គ្រោះថ្នាក់មួយ»។
បើតាមទិន្នន័យរបស់ធនាគារពិភពលោកលំហូរវិនិយោគផ្ទាល់ពីបរទេសនៃប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៥ ដែលជាពេលមានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងការបោះឆ្នោតឆ្នាំ ២០១៥ បានពង្រឹងបន្ថែមទៀតនូវមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះចាប់តាំងពីពេលនោះមកគឺធ្លាក់ឈានដល់កម្រិតទាប ១,៧% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៨ ។
ប្រទេសសិង្ហបុរី នៅតែជាដៃគូរវិនិយោគធំជាងគេក្នុងប្រទេសនេះ ដោយមានការវិនិយោគសរុបទឹកប្រាក់ប្រមាណជាង ២៤,១ កោតដុល្លារសហរដ្ឋអាមេរិកមកដល់បច្ចុប្បន្ននេះ និងប្រទេសចិន ក៏មានភាគហ៊ុនវិនិយោគខ្ពស់បន្ទាប់នៃវិនិយោគបរទេសផ្ទាល់ក្នុងប្រទេសមីយ៉ាន់ម៉ា មានតួលេខសរុបប្រមាណជាង ៥០ ភាគរយនៃការវិនិយោគក្នុងស្រុកសរុប៕