ក្រុងប៉េកាំង៖ នៅមុនជំនួបកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ដែលត្រូវបានរៀបចំធ្វើកាលពីថ្ងៃចន្ទ សហគមន៍អន្តរជាតិរំពឹងថា ក្រុមមេដឹកនាំពិភពលោកនឹងបង្កើតកិច្ចប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនានា។
ឆ្នាំនេះ គឺជាខួបលើកទី៧៥ របស់ UN ដែលយល់ថា ខ្លួនកំពុងឈរនៅចំចំណុចប្រសព្វមួយទៀត ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សទាក់ទងនឹងភាពឯកតោនិយម និងគាំពារនិយមកំពុងកើនឡើង។
លោកអគ្គលេខាធិការ UN អង់តូនីញ៉ូ ហ្គុយតឺរេស បានថ្លែង នៅពេលបើកសម័យប្រជុំពេញអង្គនៃមហាសន្និបាត UN លើកទី៧៥ (UNGA) ថាខណៈដែលយើងប្រារព្ធខួបលើកទី៧៥ របស់ UN នេះ វាពិតជាច្បាស់ណាស់ថា ពិភពលោកមានក្តីរំពឹងខ្ពស់លើយើង ថាជាវេទិកាដ៏សំខាន់សម្រាប់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការទៅលើប្រព័ន្ធអន្តរជាតិដែលពឹងផ្អែកទៅលើគោលការណ៍នានា។
កាលពីថ្ងៃចន្ទ ប្រទេសសមាជិក UN ត្រូវបានរំពឹងទុកនឹងអនុម័តសេចក្តីប្រកាសមួយដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មី ចំពោះការបង្កើនពហុភាគីនិយម។
នៅក្នុងសុន្ទរកថា ថ្លែងបើកជំនួប UNGA លោក Volkan Bozkir ប្រធានមហាសន្និបាត UN លើកទី៧៥ (UNGA) បានថ្លែងថា បរិបទដែលយើងកំពុងធ្វើការនេះ គឺធ្វើឲ្យយើងនឹកឃើញពីភាពចាំបាច់នៃប្រព័ន្ធពហុភាគី និងជំរុញឲ្យយើងទាំងអស់គ្នាប្រើប្រាស់រដ្ឋធម្មនុញ្ញ UN ដើម្បីដោះស្រាយឧបសគ្គនានាដូចជាជំងឺរាតត្បាតកូវីដ ១៩ ជាដើម។
ជំងឺដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក បានឆ្លងទៅមនុស្សជាង ៣០ លាននាក់ និងបណ្តាលឲ្យមនុស្សជិត ១ លាននាក់ស្លាប់។
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានថ្លែងតាមវីដេអូខន់ហ្វើរិនរបស់ UN កាលពីព្រហស្បតិ៍ថា នៅក្នុងពេលដ៏សំខាន់នេះ នេះគឺជាឱកាសដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្កើតឲ្យមានភាពល្អប្រសើរ និងច្បាស់លាស់ជាងមុន។ សម្រាប់ទ្វីបអាហ្រ្វិកមាគ៌ា ដែលយើងប្រកាន់យកនោះ គឺច្បាស់ណាស់។ របៀបវារៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ UN នៅឆ្នាំ ២០៣០ គឺគម្រោង ១ សម្រាប់កិច្ចសហការ និងភាពជាដៃគូសកល៕ Xinhua/PSA