
ប្រធានអង្គការ UNICEF លោក Henrietta H. Fore។ AFP
ប្រភពពីរដ្ឋាភិបាលចំនួន ៣ បានឱ្យដឹងថា ប្រទេសឥណ្ឌា ទំនងជាមិនអាចផលិត ដើម្បីនាំចេញវ៉ាក់សាំងកូវីដ ១៩ រហូតដល់ខែតុលា ព្រោះត្រូវបំពេញតម្រូវការក្នុងស្រុក ដែលការពន្យារនេះ អាចនឹងធ្វើឱ្យមានកង្វះខាតការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរដល់គម្រោងវ៉ាក់សាំងជំងឺកូវីដ ១៩ សកល COVAX។
វិទ្យាស្ថានសេរ៉ូមប្រទេសឥណ្ឌា (SII) ដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុតដល់គម្រោងវ៉ាក់សាំង COVAX បានបញ្ឍប់ការនាំចេញរបស់ខ្លួនតាំងពីខែមីនាមកម្ល៉េះ បណ្ដាលឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រទេសបង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកផងដែរ។
កាលពីថ្ងៃចន្ទ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) ដែលជាសហដឹកនាំគម្រោងវ៉ាក់សាំងនេះ ក៏បានអំពាវនាវដល់អ្នកផលិតវ៉ាក់សាំងនៅខាងក្រៅប្រទេសឥណ្ឌា ពន្លឿនការផលិត ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីនេះឱ្យបាន ដោយសារកង្វះការផ្គត់ផ្គង់វ៉ាក់សាំងនៅប្រទេសអាស៊ីខាងត្បូង។
ដោយឡែកសម្រាប់ មេដឹកនាំនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) និងរដ្ឋសហភាពអ៊ឺរ៉ុបក៏ត្រូវតែចូលរួមបរិច្ចាគដូសរបស់ពួកគេឱ្យគម្រោងនេះផងដែរ ដោយសេចក្ដីសម្រេចនេះ នឹងធ្វើឡើងនៅចក្រភពអង់គ្លេសនាខែក្រោយ។
ប្រភពអនាមិកប្រាប់សារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយថា ឥឡូវនេះប្រទេសឥណ្ឌា កំពុងផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងនៅប្រទេសខ្លួនសិន ខណៈករណីឆ្លងកើនដល់ប្រមាណ ២៥ លាននាក់ហើយ ដោយចំនួនមនុស្សស្លាប់ប្រចាំថ្ងៃ ក៏កើនឡើងក្នុងកម្រិតខ្ពស់ ១ ដែរ។
ប្រភពមួយក្នុងចំណោមប្រភពអនាមិកដទៃទៀតបានឱ្យដឹងថា៖ «យើងមិនចង់ចែកវ៉ាក់សាំងទៅប្រទេសណា ដែលយើងមិនមានកាតព្វកិច្ចចែកឡើយ។ ពួកយើងបានធ្វើកិច្ចពិភាក្សាផ្ទៃក្នុងមួយ ដោយមើលឃើញថាប្រទេសខ្លះយើងត្រូវស្នើឱ្យគេកុំរំពឹងទុកការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសយើងអី ព្រោះដោយសារតែស្ថានភាពឥណ្ឌាបច្ចុប្បន្ន»។
យ៉ាងណាមិញ ប្រភពនេះមិនបានបញ្ជាក់ឈ្មោះប្រទេស ដែលខ្លួនស្នើចង់ឱ្យពន្យារនោះទេ។
វិទ្យាស្ថានសេរ៉ូមឥណ្ឌា ត្រូវផ្គត់ផ្គង់វ៉ាក់សាំងដល់គម្រោង COVAX ចំនួន ២ ពាន់លានដូសក្នុងឆ្នាំនេះ ប៉ុន្តែត្រូវផ្អាកការនាំចេញខ្លួនតាំងពីខែមីនា មកម៉្លេះ។ ការផ្អាកការនាំចេញនេះ ត្រូវបានគេរំពឹងទុកថា នឹងបង្កឱ្យមានកង្វះវ៉ាក់សាំងដល់ទៅ ១៩០ លានដូសនៅចុងខែមិថុនា។
វិទ្យាស្ថានសេរ៉ូមប្រទេសឥណ្ឌា (SII) បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងផ្ដោតលើបញ្ហាវ៉ាក់សាំងនៅប្រទេសឥណ្ឌាសិន ដោយកាលនោះគេធ្លាប់រំពឹងថា ប្រទេសនេះនឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសនានាឡើងវិញចាប់ពីខែ មិថុនាទៅ។
ទាក់ទិននឹងការកំណត់ពេលវេលានៃការនាំចេញវ៉ាក់សាំងនៅខែតុលាសម្ព័ន្ធវ៉ាក់សាំងGAVI ដែលសហដឹកនាំគម្រោង COVAX ដែរនោះ បានប្រាប់សារព័ត៌មាន Reuter ថា គេរំពឹងទុកថា វិទ្យាស្ថានសេរ៉ូមនឹងនាំចេញវ៉ាក់សាំងយ៉ាងហោច ១៤០ លានដូស នៅចុងខែ ឧសភា។
គម្រោងវ៉ាក់សាំង COVAX បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានសេរ៉ូមឥណ្ឌា ដើម្បីចែកចាយរវាងវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Novavax ចំនួន ១,១ ពាន់លានដូស។ យ៉ាងណាមិញ ប្រធានអង្គការ UNICEF កាលពីថ្ងៃចន្ទ បានស្នើឱ្យប្រទេស G7 ផ្គត់ផ្គង់វ៉ាក់សាំងទៅឱ្យគម្រោង COVAX ដែលជាវិធានការបន្ទាន់ ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរ ដែលបណ្តាលមកពីវិបត្តិនៅប្រទេសឥណ្ឌា។ បច្ចុប្បន្ន អង្គការនេះ ក៏កំពុងជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩ តាមរយៈគម្រោង COVAX ប្រមាណ ១៩០ លានដូសនៅចុងខែមិថុនា។
ទិន្នន័យពីអង្គការ Unicef បានឱ្យដឹងថា បើប្រទេសខាងលើសហការគ្នា នោះពួកគេនឹងអាចផ្គត់ផ្គង់បានប្រហែល ១៥៣ លានដូស ហើយជាមួយគ្នានេះ ប្រទេសទាំងនេះក៏នៅតែអាចផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនខ្លួនគ្រប់គ្រាន់ជានិច្ច។
ប្រធានអង្គការសុខភាពពិភពលោក TedrosAdhanom Ghebreyesus បានឱ្យដឹងថា វិទ្យាស្ថានសេរ៉ូមឥណ្ឌា ត្រូវតែត្រឡប់មកផលិត និងធ្វើយ៉ាងណាបំពេញតម្រូវការផ្គត់ផ្គង់ឱ្យទាន់ពេលវេលាទៅតាមការសន្យាជាមួយគម្រោង COVAX ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសជុំវិញពិភពលោក។
លោកស្រី Henrietta H. Fore ប្រធានអង្គការ UNICEF បានថ្លែងថា ទាក់ទិននឹងហានិភ័យនៃការមិនបានផ្គត់ផ្គង់វ៉ាក់សាំងទៅតាមតម្រូវការ និងពេលវេលា ដែលនេះ អាចបណ្ដាលឱ្យប៉ះពាល់ដល់ប្រទេសប្រាក់ចំណូលទាប និងមធ្យម ដោយគ្មានលទ្ធភាពទទួលបានវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងថ្មីនៅប្រទេសឥណ្ឌា កាលពីថ្ងៃច័ន្ទ កន្លងទៅ មានការធ្លាក់ចុះបន្តិច បើទោះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែមានលើសពី ៤ ០០០ នាក់ក៏ដោយ។ ប៉ុន្តែ អ្នកជំនាញ បាននិយាយថាចំនួននេះជាចំនួន ដែលមិនអាចជឿទុកចិត្តបាន ដោយសារកង្វះការធ្វើតេស្តនៅតាមតំបន់ជនបទទូទាំងប្រទេស៕