
លោករដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe។ Xinhua
ក្រុមអ្នកវិភាគបានលើកឡើងពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe ទៅកាន់ប្រទេសស្រីលង្កាកាលពីសប្ដាហ៍មុន ដែលផ្តោតទៅលើការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងយោធា ដោយវិភាគអំពីទំនាក់ទំនងត្រីកោណរវាងចិន-ស្រីលង្កា-ឥណ្ឌា និងភាពដែលអាចទៅរួចនៅថ្ងៃអនាគត។
លោក Wei បានក្លាយជាមន្ត្រីជាន់ខ្ពស់ចិនទី ២ ដែលបានធ្វើដំណើរទស្សនកិច្ចចាប់តាំងពីពេលមានវិបត្តិជំងឺរាតត្បាតមក ពោលគឺក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខគោលនយោបាយការបរទេសចិន លោក Yang Jiechi កាលពីខែតុលាឆ្នាំ ២០២០ មក។
ដំណើរទស្សនកិច្ចនេះទំនងជានឹងបង្កឱ្យរសើបដល់ប្រទេសឥណ្ឌា ដែលកំពុងប្រឈមមុខផ្នែកយោធាជាមួយប្រទេសចិននៅតាមព្រំដែនហិម៉ាឡៃយ៉ាក្នុងរយៈពេល ១ ឆ្នាំកន្លងមក។ ប៉ុន្តែ អ្នកជំនាញនិយាយថា ពេលវេលាក្នុងការដោះស្រាយបញ្ហាយោធារវាងប្រទេសទាំង ២ នេះ ប្រហែលជាមិនមែនជារឿងសំខាន់នៅក្នុងរបៀបវារៈរបស់ទីក្រុងប៉េកាំងក្នុងពេលនេះទេ។
ដំណើរទស្សនកិច្ចរបស់លោក Wei ទំនងជាស្របពេលនឹងសេចក្តីសម្រេចរបស់តុលាការកំពូលប្រទេសស្រីលង្កា កំពុងដោះស្រាយបញ្ហាគម្រោងអភិវឌ្ឍន៍កំពង់ផែស៊ីធីកូឡុំបូ (Port City Colombo) តម្លៃប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក (មូលនិធិរបស់ចិន) ដែលត្រូវបានគេចោទប្រកាន់ថារំលោភអធិបតេយ្យភាពរដ្ឋធម្មនុញ្ញ និងច្បាប់ការងារនៃប្រទេសនេះ។
យ៉ាងណាមិញលោក Ranjan Mathai អតីតរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា មិនយល់ស្របនឹងអ្វីដែលប្រទេសចិនលើកឡើងឡើយ។ លោកបានឱ្យដឹងថា៖ «ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈពេលដែលប្រទេសស្រីលង្កាអះអាងថា ខ្លួនមិនចង់ស្ថិតនៅកណ្ដាលជម្លោះយោធារវាងប្រទេសមហាអំណាចឡើយ»។
លោក Mathai បានបន្តថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យប្រទេសស្រីលង្ការក្សាភាពអព្យាក្រឹតទាក់ទងទៅនឹងភាពតានតឹងជុំវិញសកម្មភាពរបស់ចិននៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ផងដែថាការសន្ទនាសន្តិសុខទ្វេភាគី ដោយប្រទេសចំនួន ៤ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក កាន់តែដាក់សម្ពាធទៅលើទីក្រុងប៉េកាំងថែមទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រទេសចិន បាននិងកំពុងស្វែងរកការរួមគ្នាមួយជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
លោក Rajiv Bhatia អតីតអ្នកការទូតឥណ្ឌាបាននិយាយថាទំនាក់ទំនងរវាងឥណ្ឌា និង ស្រីលង្កា ចាប់ផ្ដើមតានតឹងចាប់តាំងពីខែ មីនា មក នៅពេលដែលទីក្រុងញូវដែលីមិនបានចូលរួមបោះឆ្នោតលើសេចក្តីសម្រេចរបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ដើម្បីប្រមូលភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្សក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស្រីលង្កា។
អង្គការ UN ជឿជាក់ថា មនុស្សរហូតដល់ ១០០ ០០០ នាក់បានស្លាប់នៅក្នុងជម្លោះរយៈពេល ២៦ ឆ្នាំរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាមិល Tamil Tiger ។ ភាគីទាំង ២ ត្រូវបានចោទប្រកាន់ពីការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅ ដែលបានបញ្ចប់ក្នុងឆ្នាំ ២០០៩។ ក្នុងអំឡុងពេលសង្គ្រាម ចិនក៏បានគាំទ្ររដ្ឋាភិបាលស្រីលង្កាដោយផ្គត់ផ្គង់អាវុធប្រឆាំងនឹងពួកឧទ្ទាមតាមិល Tamil Tiger ផងដែរ។
ទោះយ៉ាងណា កិច្ចសហប្រតិបត្តិការការពារជាតិបានរលាយសាបសូន្យទៅបន្ទាប់ពីសង្គ្រាម។ វត្តមាននាវាមុជទឹកចិន និងនាវាចម្បាំងនៅកំពង់ផែកូឡំបូក្នុងឆ្នាំ ២០១៤ បាននាំឱ្យមានការតវ៉ាយ៉ាងខ្លាំងពីទីក្រុងញូវដែលី។ នៅឆ្នាំ ២០១៩ ទីក្រុងប៉េកាំងបានផ្គត់ផ្គង់នាវាចម្បាំងកែលម្អដល់ប្រទេសស្រីលង្កា ប៉ុន្តែផែនការរបស់ខ្លួនក្នុងការបង្កើតរោងចក្រជួសជុលយន្តហោះត្រូវលុបចោលវិញ ក្រោយមានការជំទាស់ពីប្រទេសឥណ្ឌា។
លោក George Cooke អតីតអ្នកការទូតស្រីលង្កាបាននិយាយថា ប្រទេសឥណ្ឌាមិនបាច់ព្រួយបារម្ភអំពីដំណើរទស្សនកិច្ចរបស់លោក Wei ទេ។ លោកបានបន្តថា ប្រទេសស្រីលង្កាបានធានាដល់ប្រទេសឥណ្ឌាថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមានមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនទេ ព្រោះវាក៏អាចធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសដែរ។
យ៉ាងណាមិញ អ្នកជំនាញខ្លះបាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយស្រីលង្កាភាគច្រើនពឹងផ្អែកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ អាចនឹងកាន់តែស៊ីជម្រៅ ប្រសិនបើមហាសមុទ្រឥណ្ឌាបើកឱ្យមានសកម្មភាពយោធាជាងនេះ៕