ក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​នៅ​កន្លែង​មាន​វិបត្តិ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង ​នៅ​អាមេរិក​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​មន្ទីរ​ពេទ្យ​ជា​ច្រើន​របស់​ពួក​គេ​ គឺ​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ប្រទេស​​នេះ​ ខណៈ​ដែល​​ប្រទេស​ឥណ្ឌា​ បាន​ទទួល​នូវ​កំណត់ត្រា​អំពី​ចំនួន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ច្រើន​។​

នៅ​ក្នុង​សញ្ញា​នៃ​ការ​រីក​ចម្រើន​​នានា​ កម្មវិធី​ប្រកួត​ម៉ូតូ​ Formula​ One ​បាន​ត្រឡប់​មក​ជាមួយ​រដូវ​បើក​ពិធី ​Austrian ​Grand Prix ​បាន​រៀបចំ​ធ្វើ​ឡើង ​​ក្រោយ​ពី​ការ​បិទ​ប្រទេស​ ខណៈ​សារមន្ទីរ ​Louvre ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ត្រូវ​​​បើក​ឡើង​វិញ កាល​ពី​​ថ្ងៃ​ចន្ទ​​ក្រោយ​ពី​បាន​បិទ​អស់​រយៈ​ពេល ​១៦ ​សប្តាហ៍​​។​

អាមេរិក​បាន​តស៊ូ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​អាក្រក់​បំផុត​ ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នេះ​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​នេះ​​ បាន​កើន​ឡើង​រហូត​ដល់​ជិត ​១៣០ ០០០ ​នាក់​ ដោយ​មាន​ករណី​ឆ្លង​ចំនួន ​២,៨ ​លាន​នាក់​ ហើយ​រដ្ឋ​ជា​ច្រើន​ទៀត ​បាន​រង​ការ​​ប៉ះពាល់​ ដោយសារ​ការ​ឆ្លង​កាន់​តែ​ខ្លាំង​ឡើង​ ក្រោយ​ពី​ការ​បិទ​ប្រទេស​ និង​ការ​​រឹត​​បន្តឹង​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​អាមេរិក​។​

គ្រែ​​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ត្រូវ​បាន​ពេញ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​តិចសាស់ ​ខណៈ​អាជ្ញាធរ​រដ្ឋ​នេះ​បាន​អំពាវនាវ​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​ថ្មី​ម្តង​ទៀត​ អភិបាល​ក្រុង​ខ្លះ​បាន​ថ្លែង​ថា ​ទីក្រុង​របស់​ពួក​គេ​បាន​បើក​ឡើង​វិញ​លឿន​ពេក​ហើយ​ ខណៈ​ប្រធានាធិបតី​អាមេរិក ​លោក ​ដូណាល់​ ត្រាំ​ បាន​ព្យាយាម​និយាយ​សម្រួល​អំពី​ស្ថានការណ៍​ជំងឺ​នោះ​ថា​ បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

ប្រទេស​ឥណ្ឌា ​បាន​ប្រឈម​មុខ​ជាមួយ​ឧបសគ្គ​ស្រដៀង​គ្នា​នេះ​ដែរ​ ខណៈ​ខ្លួន​បាន​កត់ត្រា​អំពី​ចំនួន​ករណី​ឆ្លង​វីរុស​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ជា​ទី​ដែល​មន្ទីរ​ពេទ្យ​មួយ​ចំនួន​បាន​ផ្តល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ និង​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ​យ៉ាង​ច្រើន​ទំនង​ជា​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​នោះ​ទេ​។​

យោង​តាម​ចំនួន​សរុប​របស់​កាសែត ​AFP មួយ​​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ផ្អែក​ទៅ​លើ​ប្រភព​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា ​ការ​ឆ្លង​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​ប្រភេទ​ថ្មី​នោះ​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ​៥៣១ ៧៨៩ ​នាក់​ និង​ឆ្លង​​​​ជាង ​១១ ​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ​ចាប់​តាំង​ពី​វីរុស​នេះ​ ​ផ្ទុះ​ឡើង​នៅ​ចិន​កាល​ពី​ចុង​ឆ្នាំ ​២០១៩ ​កន្លង​ទៅ​នោះ​។​

បន្ទាប់​ពី​អាមេរិក ប្រេស៊ីល ​គឺ​ជា​ប្រទេស​ដែល​រង​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់ ​៦៤ ៨៦៧ ​នាក់ ​ហើយ​បន្ទាប់​​មក គឺ​អង់គ្លេស​ អ៊ីតាលី ​និងម៊ិកស៊ិក​។

ទិវា​​ឯករាជ្យ​ US ​កាល​ពី​ថ្ងៃ​ទី ៤​ ខែ​កក្កដា ​ត្រូវ​គ្រប​ដណ្តប់​ដោយ​ភ័ស្តុតាង​កាន់​តែ​ច្រើន​ឡើង​ដែល​ថា​ ការ​ឆ្លើយ​តប​វីរុស​​​មិន​បាន​ត្រឹមត្រូវ​៕ AFP/SK