
បុគ្គលិកពេទ្យម្នាក់យកសំណាកពីសិស្សម្នាក់នៅសាលាឯកជនមួយនៅទីក្រុងហាណូយ ដើម្បីតេស្តរកកូវីដ១៩ កាលពីថ្ងៃទី២២ ឧសភា។ AFP
មជ្ឈមណ្ឌលស្រាវជ្រាវនៃក្រសួងសុខាភិបាលវៀតណាម កំពុងពិភាក្សាជាមួយប្រទេសរុស្ស៊ី ទាក់ទិននឹងការសម្រេចផលិតវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម VnExpress កាលពីថ្ងៃសៅរ៍។
ប្រភពដដែលបានឱ្យដឹងថា ភាគីរុស្ស៊ី នឹងផ្ទេរផលិតផលពាក់កណ្តាលសម្រេច រួមជាមួយសេចក្តីណែនាំផលិតទៅកាន់មជ្ឈមណ្ឌល Polyvac របស់ក្រសួងសុខាភិបាលវៀតណាម ដើម្បីផលិតវ៉ាក់សាំងប្រមាណ ៥០លានដូសក្នុង១ឆ្នាំ។
មន្ត្រីម្នាក់នៅមជ្ឈមណ្ឌល Polyvac បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuter ថា កិច្ចពិភាក្សាកំពុងដំណើរការទៅហើយ ប៉ុន្តែមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទាក់ទិននឹងដំណើរការនេះទេ។ យ៉ាងណាមិញ នៅក្នុងប្រភពសារព័ត៌មានក្នុងស្រុកវៀតណាមខាងលើបានរាយការណ៍ថា វៀតណាមក៏គ្រោងនឹងទិញវ៉ាក់សាំង Sputnik V បន្ថែមពីខាងរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងស្រុក មុននឹងដំណើរការផលិតវ៉ាក់សាំងនេះនៅដំណើរការក្រោយៗ។
គួរបញ្ជាក់ផងដែរថា ប្រទេសនេះ បានទិញយកវ៉ាក់សាំងកូវីដប្រហែល ១ លានដូស ចាប់តាំងពីប្រទេសនេះចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីដើមខែមីនា។ មកដល់បច្ចុប្បន្ន ប្រទេសនេះទទួលបានវ៉ាក់សាំងប្រមាណ ២,៦ លានដូសហើយ ដែលភាគច្រើនបានមកពីគម្រោងវ៉ាក់សាំងជំងឺកូវីដ ១៩ សកល COVAX ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម បានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងបង្កើតមូលនិធិចំនួន ១,១ ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចំនួន ១៥០ លានដូស សម្រាប់ប្រជាជនរបស់ខ្លួន៕