នៅសល់តែចំនួន ២០ ថ្ងៃទៀតទេ គណបក្សកុម្មុយនីស្តវៀតណាម (CPV) នឹងធ្វើការជ្រើសរើសថ្នាក់ដឹកនាំប្រទេស និងសម្រេចគោលនយោបាយថ្មីសម្រាប់អនុវត្តផែនការ ៥ ឆ្នាំខាងមុខ ក្នុងកិច្ចប្រជុំមហាសន្និបាតបក្សដែលនឹងប្រព្រឹត្តទៅរយៈពេលជាង ១ សប្ដាហ៍ ហើយនឹងចាប់ផ្ដើមនៅថ្ងៃទី ២៥ មករា ២០២១។ គេរំពឹងថា មហាសន្និបាតទី១៣ នេះ នឹងមានការរង្គោះរង្គើថ្នាក់ដឹកនាំតែមិនមានការកែប្រែគោលនយោបាយច្រើនទេ។
ប្រទេសវៀតណាម មានរចនាសម្ព័ន្ធដឹកនាំ «សសរបួន» ដែលអំណាចត្រូវបានបែងចែករវាងបុគ្គលចំនួន ៤ គឺអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។ តែដំណើរការជ្រើសរើសមេដឹកនាំធំៗទាំង ៤ នេះនៅតែមានភាពស្រពេចស្រពិលនៅឡើយ។
ជាផ្លូវការក្នុងមហាសន្និបាត ប្រតិភូបក្សចំនួន ១ ៦០០ នាក់ មកពីទូទាំងប្រទេសនឹងបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការកណ្ដាលបក្ស CPV ប្រមាណ ២០០ នាក់។ គណៈកម្មាធិការកណ្ដាលនឹងតែងតាំងសមាជិកការិយាល័យនយោបាយ (Politburo) ចំនួន ១៧ ទៅ ១៩ នាក់ ហើយជ្រើសរើសសមាជិក Politburo មួយរូបឱ្យធ្វើជាអគ្គលេខាបក្ស។
Politburo នឹងធ្វើការណែនាំតែងតាំងបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។ Politburo ក៏នឹងធ្វើការណែនាំតែងតាំងបេក្ខជនតំណែងប្រធានាធិបតី និងប្រធានរដ្ឋសភាទៅកាន់រដ្ឋសភាផងដែរ។
តែជាក់ស្ដែងដំណើរការនេះ គឺមានលក្ខណៈសម្ងាត់ ហើយធ្វើជុំវិញការសាងសង់មូលមតិ និងប្រកួតប្រជែងដណ្ដើមការគ្រប់គ្រង Politburo ហើយតំណែងទាំង ៤ ត្រូវបានសម្រេចទុកជាមុនទៅហើយ។ កាលពីថ្ងៃទី ១៤ ខែធ្នូ ២០២០ គណៈកម្មាធិការកណ្ដាលអាណត្តិបច្ចុប្បន្នបានធ្វើកិច្ចប្រជុំ ៥ ថ្ងៃ ដើម្បីពិភាក្សា «ឯកសារបុគ្គលិក» ដែលជាក់ស្ដែង គឺជាកិច្ចប្រជុំសម្រាប់សម្រេចការតែងតាំងតំណែងសំខាន់ៗ ដែលការសម្រេចទាំងនេះ នឹងត្រូវប្រកាសជាសាធារណៈនៅមហាសន្និបាតបក្សខាងមុខនេះ។
មហាសន្និបាតអាណត្តិនេះត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងហើយមិនអាចទាយទុកជាមុនបានបើប្រៀបធៀបទៅនឹងមហាសន្និបាតអាណត្តិ ២០១៦។ សារព័ត៌មានក្នុងស្រុកក៏បានកត់សម្គាល់អំពីកង្វះបេក្ខជនច្បាស់លាស់ដែលអាចទទួលតំណែង «សសរ ៤»។
សំណួរដែលសំខាន់មួយគឺថា តើអគ្គលេខាបក្សលោក Nguyen PhuTrong អាចរក្សាតំណែងរបស់លោកបានដែរឬទេ។ តាមពិតលោក Trong ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកនយោបាយវៀតណាមដទៃទៀត ដែលមានអំណាចក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
កាលពីមហាសន្និបាតឆ្នាំ ២០១៦ លោក Trong បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដកនាយករដ្ឋមន្ត្រី Nguyen Tan Dung ដោយជោគជ័យ។ លោកក៏បានដឹកនាំយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលលុបបំបាត់គូប្រជែងនយោបាយរបស់លោកជាច្រើន។ លោកបានទទួលតំណែងជាប្រធានាធិបតីផងដែរ បន្ទាប់ពីមរណភាពរបស់អ្នកកាន់តំណែងមុននៅឆ្នាំ ២០១៨។
តែច្បាប់គណបក្សបានកំណត់ឱ្យអគ្គលេខាបក្សកាន់តំណែងតែ ២ អាណត្តិប៉ុណ្ណោះហើយឥឡូវនេះ លោក Trong គឺកំពុងនៅអាណត្តិទី២ ទៅហើយ។ បន្ថែមពីលើនេះ លោកក៏មានបញ្ហាសុខភាពផងដែរ ដោយកាលពីឆ្នាំ ២០១៩ លោកដាច់សរសៃឈាមខួរក្បាល ហើយក្រោយមកលោកគឺមានសភាពទន់ខ្សោយ។
អ្នកវិភាគមួយចំនួនគិតថា លោក Trong អាចប្ដូរច្បាប់បក្ស ដើម្បីបន្តអាណត្តិ ឬលាលែងពីតំណែងហើយធ្វើការជ្រើសរើសអ្នកបន្តតំណែងដោយផ្ទាល់ខ្លួនលោក។ លោក Trong អាចនឹងតែងតាំងមនុស្សជំនិតរបស់លោក គឺលោក Tran Quoc Vuong ដែលជាសមាជិកអចិន្រៃ្តយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលបក្ស ហើយជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក Trong។
រីឯលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc វិញអាចប្រជែងដើម្បីបន្តអាណត្តិ ឬឈរឈ្មោះធ្វើជាបេក្ខភាពអគ្គលេខាបក្ស។ លោក Phucហាក់ដូចជាមានប្រជាប្រិយខ្ពស់ បន្ទាប់ពីពេល ១ ឆ្នាំដែលប្រទេសវៀតណាម បានធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងអន្តរជាតិជាច្រើន ខណៈពេលដែលដឹកនាំដោយមានស្ថិរភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ បានយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។ លោក Phuc អាចនឹងជួបការប្រជែងពីបេក្ខជនជិតស្និទ្ធនឹងលោក Trong ជាពិសេសគឺ លោក Voung៕