បក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់ប្រទេសវៀតណាម បានបោះឆ្នោតជ្រើសរើសប្រធានបក្សកុម្មុយនីស្ត លោក Nguyen PhuTrong អាយុ ៧៦ ឆ្នាំ បន្តកាន់តំណែង ដែលនេះជាអាណត្តិទី៣ របស់លោក។
លោក Trong ត្រូវបានគេចាត់ចូលជាករណីលើកលែងចំពោះច្បាប់របស់គណបក្សដែលបានចែងថា ប្រជាជនដែលមានអាយុលើសពី ៦៥ ឆ្នាំគួរតែចូលនិវត្តន៍ ខណៈលោកនៅតែពង្រឹងជំហររបស់ខ្លួនជាមេដឹកនាំម្នាក់ និងជាប់ឈ្មោះជាប្រធានាធិបតីកាន់តំណែងអស់រយៈពេលជាច្រើនទសវត្សរ៍ និងយូរជាងគេក្នុងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការ VNA បានរាយការណ៍ថា៖ «សមមិត្ត Nguyen PhuTrong ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាមសម្រាប់អាណត្តិទី៣»។
ការបោះឆ្នោតឡើងវិញនេះ ធ្វើឡើងក្នុងសន្និបាតគណបក្សធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង នៅទីក្រុងហាណូយ ដែលចូលរួមដោយប្រតិភូគណបក្សចំនួន ១ ៦០០ នាក់ មកពីទូទាំងប្រទេសវៀតណាម៕