យោង​តាម​ក្រុម​សកម្មជន​ផ្នែក​សិទិ្ធ ​និង​ទិន្នន័យ​ប្រមូល​ដោយ​សារព័ត៌មាន ​Reuters ​គណបក្ស​កុម្មុយនីស្ត​​វៀតណាម​ដែល​កំពុង​កាន់​អំណាច​កំពុង​ត្រៀម​រៀបចំ​ការ​ប្រជុំ​សមាជ​មួយ​ ក្រោម​អធិបតីភាព​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ បង្ក​ឱ្យ​មាន​​ការ​ប្រើ​ធម៌​ក្ដៅ​ពី​សំណាក់​រដ្ឋាភិបាល​​វៀតណាម​ ដើម្បី​បង្ក្រាប​ទៅ​លើ​អ្នក​ប្រឆាំង​ទាំង​នោះ​។

ចំនួន​អ្នក​ទោស​នយោបាយ​ដែល​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​យូរ​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សកម្មជន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ក៏​ជា​កត្ដា​មួយ​ក្នុង​ការ​រួម​ចំណែក​បង្ក​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​មុន​នឹង​ប្រជុំ​សមាជ​ក្នុង​សប្តាហ៍​នេះ​ចូល​មក​ដល់​។​

ការ​ប្រមូល​ផ្ដុំ​នេះ ​បង្ក​ឱ្យ​មាន​មន្ទិល​ពី​សំណាក់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​សមាជិក​សភា​មួយ​ចំនួន​ថា ​តើ​វៀតណាម​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​ ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ជួយ​ជំរុញ​ឱ្យ​ប្រទេស​នេះ​​​រក្សា​ជំហរ​កម្លាំង​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​ដែរ ​ឬ​យ៉ាង​ណា​។​

លោក​ Nguyen​ Quang​ A ​ដែល​ជា​សកម្មជន​ជើង​ចាស់​នៅ​ទីក្រុង​ហាណូយ ​បាន​បដិសេធ​មិន​និយាយ​លម្អិត​​ ថា​តើ​លោក​នឹង​ត្រូវ​ជួប​នឹង​ស្ថានភាព​បែប​ណា​នៅ​ពេល​ខាង​មុខ​ទេ​ គាត់​គ្រាន់​និយាយ​ថា​ ប៉ូលិស​បាន​កោះ​ហៅ​លោក​ជា​ច្រើន​ដង​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃទី ៩ ​ ខែ​ធ្នូ​ ឆ្នាំ ២០២០។​ លោក​បាន​ប្រាប់​សារព័ត៌មាន ​Reuter ​ថា​ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ក្រសួង​ការពារ​ជាតិ​បាន​ប្រមូល​អ្នក​រិះគន់​រដ្ឋាភិបាល​ផ្សេង​ទៀត​ដោយ​មិន​និយាយ​ពី​មូលហេតុ​ដោយចោទ​ថា​​ សកម្មជន​មាន​ទំនាក់ទំនង​ជាមួយ​គាត់​។​

«​ពួក​គេ ​(ប៉ូលិស)​ កោះ​ហៅ​ក្រុម​ទាំង​នោះ​ និង​រក​មូលហេតុ ​​ដើម្បី​ផ្តន្ទាទោស​ពួក​គេ​ក្រោម​មាត្រា​ដែល​មិន​ច្បាស់​នៃ​ច្បាប់​ព្រហ្មទណ្ឌ​។​ វា​ជា​ការ​រំលោភ​ច្បាប់​ទាំង​ស្រុង​ ប៉ុន្តែ​ពួក​គេ​ប្រើប្រាស់​តែងតែ​ធ្វើ​អ៊ីចឹង​រហូត​។​ ខ្ញុំ​បាន​ប្រាប់​ពួក​ប៉ូលិស​ថា​ ទោះ​យ៉ាង​ណា​ពួក​គេ​មិន​អាច​​បិទ​មាត់​ខ្ញុំ​បាន​ទេ​»​។​

ក្រសួង​ការ​បរទេស​របស់​ប្រទេស​វៀតណាម​ ទទួល​បន្ទុក​ឆ្លើយ​តប​សារព័ត៌មាន​បរទេស​មិន​បាន​​ឆ្លើយ​តប​ជាមួយ​នឹង​សារព័ត៌មាន Reuter ​ស្ដីពី​ការ​ឃុំ​ខ្លួន​សកម្មជន​ទេ​។​

ប្រទេស​វៀតណាម ​ត្រូវ​បាន​អន្តរជាតិ​ថ្កោល​ទោស​កាល​ពី ដើម​ខែ​នេះ​​ នៅ​ពេល​ដែល​ប្រទេស​​​នេះ​បាន​កាត់​ទោស​អ្នក​កាសែត​​ឯករាជ្យ​ចំនួន​ ៣ ​នាក់ ​ដែល​រិះគន់​រដ្ឋាភិបាល​ឱ្យ​ជាប់​ពន្ធនាគារ​ពី ​១១ ​ទៅ ​១៥ ​ឆ្នាំ ​ពី​បទ​ផ្សព្វផ្សាយ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​និយាយ​ថា​ ខ្លួន​ការពារ ​«សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ការ​បញ្ចេញមតិ​សេរីភាព​សារព័ត៌មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ប្រមូល​ផ្តុំ​បង្កើត​សមាគម​ និង​ធ្វើ​បាតុកម្ម​»។​

យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuter ​បាន​រក​ឃើញ​ថា ​មនុស្ស ​២៨០ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​នេះ ​ចាប់​តាំង​ពី​សមាជបក្ស​ចុង​ក្រោយ​ដែល​ក្នុង​ចំណោម​ជន​ចំនួន ​២៦០ នាក់​ ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង ​១០ ​ឆ្នាំ​។ ​ក្នុង​រយៈពេល ៥ ឆ្នាំ​ឈាន​ដល់​សមាជ​ឆ្នាំ ២០១៦ ក៏​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ចំនួន ​៦៨​ នាក់​ និង​ផ្តន្ទាទោស​ចំនួន ​៥៨​ នាក់​ផង​ដែរ​។​

អ្នក​កាសែត​ទាំង​នោះ​ត្រូវ បាន​​ចោទ​ប្រកាន់​តាម​មាត្រា ​១១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ទាក់ទង​នឹង «ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​»។​

ក្រុមអ្នក​រាយការណ៍​ពិសេស ​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ប្រើប្រាស់​ច្បាប់​មាត្រា ​១១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ហើយ​មើល​ទៅ​ហាក់​ដូច​ជា​មាន​គោល​បំណង​បំបិទ​មាត់​អ្នក​ដែល​ស្វែងរក​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​ចែក​រំលែក​ព័ត៌មាន​ជាមួយ​អ្នក​ដទៃ​។​

ទោះបី​ជា​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ថា​ ​ខ្លួន​គ្រាន់​តែ​ធ្វើ​ការ​កាត់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​ច្បាប់​​នៃ​មាត្រា ​១១៧ ​ក៏​ដោយ​ក៏​ទង្វើ​នេះ​មាន​ភាព​មិន​សមស្រប​នឹង​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​វៀតណាម​សោះ​ ហើយ​ចំណុច​នេះ​ត្រូវ​តែ​កែ​សម្រួល។ ​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​៕