កាលពី​ថ្ងៃ​សុក្រ ទី ៧ ឧសភា​ប្រទេស​វៀតណាម​មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​ការចាក់​វ៉ាក់សាំង​កូវីដ១៩។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​ TuQuoc Tuan បាន​និយាយថា​ស្ត្រី​ម្នាក់​ដែល​ទទួល​មរណភាព​រូប​នោះ​ជា​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ខេត្ត​ An Giang បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី ៦ ឧសភា។

យោងតាម​ក្រុមប្រឹក្សា​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ខាងត្បូង​វៀតណាម ស្ត្រី​រូបនេះ​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទី ១ ហើយ​ការដែល​ស្លាប់​នោះ​គឺ​ដោយសារ​ប្រតិកម្ម​ថ្នាំ​ប្រឆាំង​នឹង​ការរលាក​ដែល​មិនមែន​ជា​ស្តេរ៉ូអ៊ីត (non-steroidal anti-inflammatory drug allergy)។

អ្នកស្រី​មានប្រតិកម្ម​ក្រោយពេល​ចាក់​វ៉ាក់សាំង​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ហើយ​ក្រសួងសុខាភិបាល​បាន​ស្នើសុំ​ឱ្យ​មន្ទីរពេទ្យ​ជោរៃ​បញ្ជូន​អ្នកជំនាញ​សង្គ្រោះបន្ទាន់​ និង​ផ្តល់ជំនួយ​បន្ទាន់​ក្នុង​ការជួយ​សង្គ្រោះ​ស្ត្រី​រូបនោះ។ ជា​អកុសល​អ្នកស្រី​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៧ ឧសភា។

កាលពី​ថ្ងៃទី ៥ ឧសភា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក Nguyen Thanh Long បាន​និយាយថា​ការពិនិត្យ​ឡើងវិញ​លើ​មនុស្ស​ជាង ៦០ ម៉ឺន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​បង្ហាញថា ១៦ ភាគរយ​មានប្រតិកម្ម​ធម្មតា​ បន្ទាប់ពី​ចាក់​វ៉ាក់សាំង។ ប្រតិកម្ម​ទាំងនេះ​បាន​បាត់​ទៅវិញ​ បន្ទាប់ពី​រយៈពេល ២៤ ម៉ោង​ក្រោយ​ចាក់​វ៉ាក់សាំង។ លោក​បាន​និយាយ​បន្ថែមថា​ករណី​មួយចំនួន​ដែល​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ត្រូវបាន​ពិនិត្យមើល​ដោយ​វេជ្ជបណ្ឌិត៕