
លោកប្រធានាធិបតី Nguyen Xuan Phuc (កណ្តាល)ស្បថចូលកាន់តំណែង។ AFP
កាលពីថ្ងៃចន្ទកន្លងទៅសភាវៀតណាមសម្រេចជ្រើសរើសលោក Pham Minh Chinh ប្រធានគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្ត ជានាយករដ្ឋមន្ត្រីប្រទេសវៀតណាម ខណៈលោក Nguyen Xuan Phuc នឹងឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសផងដែរ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia។
ដោយមានបទពិសោធផ្នែកការងារចារកម្មអស់រយៈពេលជាង ២៤ ឆ្នាំ លោក Chinh បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោកបន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតជានាយករដ្ឋមន្ត្រីថា នឹងប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយ៉ាងម៉ឺងម៉ាត់ ខណៈភាពតានតឹងរវាងវៀតណាម និងចិន បាននិងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង។
នៅថ្ងៃដដែលនេះលោក Phuc ក៏ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតីផងដែរ ហើយលោក Chinh គ្រោងនឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីចូលកាន់តំណែង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Vnexpress បានឱ្យដឹងថា នៅថ្ងៃទី ៧ និងទី ៨ ខែ មេសា រដ្ឋសភានឹងរំលាយរដ្ឋាភិបាលបច្ចុប្បន្ន ហើយអនុម័តលើការតែងតាំងសមាជិករដ្ឋាភិបាលថ្មីមួយចំនួន។ រដ្ឋាភិបាលបច្ចុប្បន្នមានសមាជិក ២៦ រូបក្នុងនោះមានឧបនាយករដ្ឋមន្ត្រី ៤ រូប និងរដ្ឋមន្ត្រី ២១ រូប និងប្រធានសាខាជាច្រើនរូបទៀត។
ក្នុងអំឡុងពេលសមាជបក្សទូទាំងប្រទេសលើកទី១៣ ដែលបានប្រារព្ធធ្វើនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ គណបក្សកាន់អំណាចបានជ្រើសរើសលោក Nguyen PhuTrong ជាអគ្គលេខាធិការការងារកំពូលរបស់ប្រទេសសម្រាប់អាណត្តិទី៣ ដែលជាការកាន់អំណាចជាប់អាណត្តិគ្នាមិនធ្លាប់មានពីមុនមក។
គួរបញ្ជាក់ផងដែរថា លោក Chinh មានដើមកំណើតនៅភាគខាងជើងខេត្តថាញ់ ហាវ (Thanh Hoa) បានបម្រើការងារផ្នែកសន្តិសុខសាធារណៈ និងត្រូវបានជ្រើសរើសជាសមាជិកការិយាល័យនយោបាយ ដែលមានសមាជិក ១៨ រូប ដែលជាគណបក្សជាន់ខ្ពស់បំផុតរបស់ប្រទេសនៅក្នុងសមាជគណបក្សជាតិលើកទី១២ នៅឆ្នាំ ២០១៦។
អ្នកវិភាគក្នុងតំបន់បាននិយាយថា យុទ្ធនាការផ្សព្វផ្សាយរបស់លោក Chinh គឺស្របជាមួយនឹងការផ្លាស់ប្តូរថ្មីរបស់ទីក្រុងហាណូយ ក្នុងការធ្វើឱ្យមានការយកចិត្តទុកដាក់ចំពោះវិស័យសារព័ត៌មាន និងឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងទ្វីបអាស៊ីរួមមានហុងកុង ថៃ និងមីយ៉ាន់ម៉ា។
នៅក្នុងសុន្ទរកថារបស់លោក Chinh លោកបានប្តេជ្ញារក្សាការជំរុញប្រឆាំងនឹងអំពើពុករលួយរបស់ទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីថ្មីរូបនេះ បាននិយាយថា រដ្ឋាភិបាលនឹង «ចាត់វិធានការយ៉ាងសកម្មជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយថវិកា ការិយាធិបតេយ្យ និងការធ្វេសប្រហែស ដោយការដាក់ចេញនូវយន្តការ ព្រមទាំងដំណោះស្រាយកាន់តែតឹងរ៉ឹង និងមានប្រសិទ្ធភាពជាងមុន»។
យ៉ាងណាមិញ លោក Ngo Vinh Long សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រអាស៊ីនៃសាកលវិទ្យាល័យមេន (Maine) បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាម ចង់រក្សាស្ថិរភាពសង្គម និងនយោបាយដើម្បីរក្សាអត្រាកំណើនអភិវឌ្ឍន៍ប្រទេសជាតិប្រហែល ៦% សម្រាប់អនាគតដ៏ខ្លីខាងមុខ»។
ដោយឡែកលោក Carh Thayer សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales មានប្រសាសន៍ថា លោក Chinh មិនមានបទពិសោធក្នុងការធ្វើកិច្ចសហប្រតិបត្តិការថ្នាក់ខ្ពស់ប៉ុន្មានទេ ប៉ុន្តែសាវតារចម្រុះរបស់គាត់អាចធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលម្នាក់។
លោក Chinh បច្ចប្បន្នមានវ័យ ៦២ ឆ្នាំបានចំណាយពេល ១២ ឆ្នាំដំបូងរបស់លោកជាមន្ត្រីកម្រិតទាប ដែលចាប់ផ្តើមនៅឆ្នាំ ១៩៨៤ ក្នុងនាមជាអ្នកស្រាវជ្រាវនៅក្នុងក្រសួងមហាផ្ទៃ និងជាអ្នកការទូតនៅក្នុងទ្វីបអឺរ៉ុប គឺប្រទេសរ៉ូម៉ានី។ ក្រោយមក លោកបានបម្រើការងារនៅក្រសួងសន្តិសុខសាធារណៈចាប់ផ្តើមពីឆ្នាំ ១៩៩៦ និងបំពេញការងារផ្សេងៗជាច្រើនមុខ មុនពេលក្លាយជាអនុរដ្ឋមន្ត្រីក្នុងឆ្នាំ ២០១០។
ក្រោយមកទៀត លោកបានបម្រើការងារនៅថ្នាក់ខេត្តដោយចំណាយពេល ៤ ឆ្នាំនៅខេត្តក្វាងនិញ និងបានក្លាយជាលេខាបក្ស។ អាជីពរបស់គាត់បានផ្លាស់ប្តូរនៅឆ្នាំ ២០១៥ នៅពេលដែលគាត់ត្រូវបានគេតែងតាំងជាអនុប្រធាន និងជាប្រធានគណៈកម្មាធិការអង្គការរបស់គណបក្ស ក៏ដូចជាសមាជិកនៃលេខាធិការដ្ឋាននៅទីក្រុងហាណូយ។
ក្នុងនាមជាប្រធានាធិបតីថ្មីលោក Phuc ត្រូវបានគេស្គាល់ថា ជាអ្នករក្សាសេដ្ឋកិច្ចរបស់ប្រទេសឱ្យស្ថិតនៅលើគន្លងឆ្ពោះទៅមុខ បើទោះជាមានវិបត្តិជំងឺរាតត្បាតជុំវិញពិភពលោកក៏ដោយ ហើយលោកក៏ត្រូវបានគេជឿថា នឹងក្លាយជាអ្នកការទូតកំពូលរបស់ប្រទេសនេះដែរ។
គួរំឭកផងដែរថា ការដឹកនាំនយោបាយរបស់វៀតណាមមានសសរគ្រឹះចំនួនសំខាន់ៗ គឺប្រធានបក្សកុម្មុយនីស្តប្រធានាធិបតីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងរដ្ឋសភា។
អាទិភាពសម្រាប់ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងផ្តោតលើសេដ្ឋកិច្ចក្នុងពេលដែលប្រទេសវៀតណាម ព្យាយាមងើបចេញវិបត្តិកូវីដ ១៩។ ហេតុដូចនេះហើយសសរស្តម្ភទាំង ៤ របស់វៀតណាមចាំបាច់ត្រូវរក្សាអត្រាកំណើនខ្ពស់ ដើម្បីកសាងទំនុកចិត្តជាមួយសាធារណជនទូទៅ៕