ក្រុងហាណូយៈ​ វៀតណាម​បាន​ចោទ​ប្រកាន់​ប្រទេស ​ចិន ​ពី​បទ​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​ និង​បាន​ទាមទារ​ឲ្យ​នាវា​ល្បាត​ចិន​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង ​ដក​ចេញ​ពី​ដែន​ដី​ដែល​មាន​ជម្លោះ​នោះ។

ប្រទេស​ទាំង ​២ ​នេះ ​បាន​ជាប់​នៅ​​​ក្នុង​ភាព​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​ជុំវិញ​ដែន​ទឹក​សម្បូរ​ដោយ​ធនធាន​ ដោយ​ប្រទេស ​ចិន ​អះអាង​ទាមទារ​យក​តំបន់​ដែន​ទឹក​នោះ​ស្ទើរតែ​ទាំង​អស់។

ប៉ុន្តែ​សហគមន៍​អន្តរជាតិ ​បាន​គំាទ្រ​អ្នក​ទាមទារ​ដទៃ​មាន​ដូច​ជា​ប្រទេស ​វៀតណាម ហ្វីលីពីន ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ​កោះ​តៃវ៉ាន់ ​ប្រ៊ុយណេ ​ដោយ​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ​។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​ការ​បរទេស​វៀតណាម ​បាន​រិះគន់​នាវា​ល្បាត​ចិន ​Haiyang Dizhi 8 និង​នាវា​អម​ការពារ​ជា​ច្រើន​គ្រឿង​ទៀត​ចំពោះ​ការ​ចូល​ដែន​ទឹក​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ថ្វី​បើ​មិន​បាន​ផ្តល់​កាល​បរិច្ឆេទ​ជាក់​លាក់​ក្តី​។

សេចក្តី​ថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា៖ ​«​នាវា​នោះ ស្ថិត​នៅ​ក្នុង​តំបន់​សមុទ្រ​នៃ​ប្រទេស ​វៀតណាម​​ ដោយ​បាន​បន្ថែម​ថា​ ពួក​គេ​បាន​ទំនាក់​ទំនង​ជាមួយ​ចិន​ច្រើន​លើក​ច្រើន​សា​ហើយ​តាម​ផ្លូវ​​ការ​ទូត»។

«ប្រទេស ​វៀតណាម ​បាន​ស្នើ​ឲ្យ​ពួក​គេ​ដក​នាវា​ទាំង​នោះ​ចេញ​ពី​ដែន​ទឹក​របស់​ខ្លួន​ និង​គោរព​អធិបតេយ្យភាព​របស់​ខ្លួន»។ ​​

ខណៈ​ដែល​ចិន​បាន​អះអាង​ពី​វត្តមាន​របស់​នាវា​នោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា ពួក​គេ​សង្ឃឹម​ថា​ វៀតណាម​ពិត​ជា​អាច​គោរព​​ដែន​សមត្ថកិច្ច​​របស់​ចិន​នៅ​តំបន់​នោះ​។

លោក​ Geng Shuang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ថ្លែង​ថា៖ ​«យើង​សង្ឃឹម​ថា ​ភាគី​វៀតណាម​អាច​ចៀស​វាង​ចំណាត់​ការ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត»៕ AFP/PSA