កាលពីល្ងាចថ្ងៃអង្គារ ទី ២៩ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបេក្ខជនបក្សប្រជាធិបតេយ្យលោក Joe Biden បានធ្វើការតស៊ូមតិជាមួយគ្នាជាលើកទី១ ដែលពោរពេញទៅដោយភាពតានតឹង និងច្របូកច្របល់។
អ្នកនយោបាយទាំង 2 នាក់ទោះជាមានអាយុជាង ៧០ ឆ្នាំអស់ហើយក៏ដោយ ប៉ុន្តែបានប្រើសម្តីអសុរោះប្រមាថគ្នាទៅវិញទៅមក។ លោក Biden បានហៅលោក Trump ថាជាមនុស្ស «ល្ងីល្ងើ» (Clown) ហើយលោក Trump វិញបានហៅលោក Joe Biden ថាជាមនុស្ស «កុហក»។
ក្នុងការតស៊ូមតិនោះ លោកTrump បាននិយាយឡូឡាកាត់សម្ដីលោក Biden និងអ្នកសម្របសម្រួលលោក Chris Wallace ជាច្រើនលើកច្រើនសាហើយបានធ្វើការអះអាងដោយគ្មានភ័ស្តុតាងជាច្រើនទៀត។ សកម្មភាពរបស់លោក Trump ត្រូវបានគេគិតថា បានរំលោភទៅលើលក្ខខណ្ឌនៃការតស៊ូមតិនេះ។
លោក Wallace ជាពិធីករកម្មវិធីព័ត៌មាននៅទូរទស្សន៍ Fox News បានទទូចម្ដងហើយម្ដងទៀតដល់ប្រធានាធិបតីរូបនេះ ដើម្បីអនុញ្ញាតឱ្យលោក Biden ឆ្លើយសំណួរ។ នៅពេលដែលលោក Trump បានជំទាស់ថា លោក Biden កំពុងកាត់សម្ដីរបស់ខ្លួនលោក Wallace បានឆ្លើយថា៖ «និយាយឱ្យត្រង់លោកបានធ្វើឱ្យមានការរំខានច្រើនជាង»។
នៅពេលមួយលោក Wallace បាននិយាយបែបលេងសើចទៅកាន់លោក Trump ថា លោក និងលោក ត្រាំ គួរតែផ្លាស់ប្ដូរកន្លែងគ្នាដោយឱ្យលោក Trump ធ្វើអ្នកសម្របសម្រួលវិញព្រោះ លោក Trump និយាយកាត់សម្ដីគ្រប់ភាគី។
លោក Biden បាននិយាយថា៖ «តើអ្នកអាចនឹងបិទមាត់ទេ?» នៅចំណុចមួយដែលលោក Donald Trump បានកាត់សម្ដីលោក។
លោក Trump ក៏បានវាយប្រហារកូនប្រុសរបស់លោក Biden លោក Hunter Biden ដោយលើករឿងពីអតីតកាលដែលលោក Hunter ប្រើប្រាស់ថ្នាំញៀននាំឱ្យមានការបណ្ដេញចេញពីកងទ័ពជើងទឹក។ លោក Trump ក៏បានចោទលោក Hunter ដោយគ្មានភ័ស្តុតាងថា លោកបានទទួលប្រាក់រាប់លានដុល្លារពីជនជាតិរុស្ស៊ី។ លោក Biden បានការពារកូនរបស់លោកដោយបានលើកឡើងថា កូនរបស់គាត់ក៏ដូចជាមនុស្សជាច្រើននាក់ផ្សេងទៀតដែល មានបញ្ហាញៀនថ្នាំ ហើយគាត់មានមោទនភាពណាស់ដែលកូនគាត់ផ្ដាច់គ្រឿងញៀនបានសម្រេច។
ក្នុងការតស៊ូមតិនេះ លោក Trump បដិសេធមិនថ្កោលទោសក្រុមលើកតម្កើងជនជាតិស្បែកស Proud Boys ដែលប្រកាន់ និងបណ្ដុះគំនិតរើសអើងពូជសាសន៍អាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងជនអន្តោប្រវេសន៍ចូលប្រទេស។
លោក Trump បានថ្លែងថា «Proud Boys, stand back and stand by» ដែលមានន័យថា Proud Boys ត្រូវដកថយសិនតែត្រូវត្រៀមខ្លួន។ ក្រុម Proud Boys បានយល់សម្ដីរបស់ លោក Trump ថា ពួកគេត្រូវត្រៀមខ្លួន ដើម្បីប្រមូលផ្ដុំគ្នា។
អ្នកនយោបាយទាំង ២ រូបបានចំណាយពេលភាគច្រើនវាយប្រហារគ្នាទៅវិញទៅមក ហើយមិនបានឆ្លើយសំណួរទាក់ទងនឹងគោលនយោបាយរបស់ខ្លួន។ អ្នកសម្របសម្រួលបានចោទសួរលោក Trump ទៅលើគម្រោងរបស់លោកក្នុងការលុបចោល និងជំនួសគម្រោងធានារ៉ាប់រងសុខភាព Affordable Care Act ឬគេហៅថា Obama Care លោកបានត្រឹមឆ្លើយថា លោកចង់ធ្វើគម្រោងនេះ តែលោកមិនបានបញ្ជាក់ថា លោកនឹងធ្វើដូចម្ដេច។ ជាមួយគ្នានេះ អ្នកសម្របសម្រួលបានចោទសួរទៅកាន់លោក Biden អំពីជំហររបស់លោកក្នុងការបន្ថែមអាសនៈនៅក្នុងតុលាការកំពូលប្រសិនបើបក្សប្រជាធិបតេយ្យឈ្នះឆ្នោត ប៉ុន្តែលោកបានត្រឹមតែសម្លឹងទៅកាមេរ៉ា និងជំរុញឱ្យប្រជាជនអាមេរិកទៅបោះឆ្នោតតែប៉ុណ្ណោះ។
ក្នុងការឆ្លើយសំណួរជាច្រើនដងលោក Biden ហាក់ដូចជាព្យាយាមសម្លឹងទៅកាមេរ៉ា ដើម្បីនិយាយទៅកាន់ប្រជាជនអាមេរិកឱ្យទៅបោះឆ្នោតហើយ និងនិយាយតទល់ទៅនឹងការអះអាងរបស់លោក Trump។ ចំណែកឯលោក Trump ព្យាយាមក្ដោបក្ដាប់ការតស៊ូមតិនេះរួមទាំងលោក Biden ផង តាមរយៈការពិពណ៌នាថា លោក Biden មានសមត្ថភាពខ្សោយនៅលើផ្នែក «ច្បាប់ និងសណ្ដាប់ធ្នាប់» ក៏ដូចជាឆន្ទៈរបស់អ្នកសេរីនៅក្នុងជួរបក្សរបស់ខ្លួនផងដែរ ដោយលើកឡើងថា «ប្រជាជននៅក្នុងប្រទេសនេះទាមទារ និងចង់បាននូវច្បាប់ និងសណ្ដាប់ធ្នាប់តែលោកភ័យខ្លាចមិនហ៊ានសូម្បីនិយាយអំពីវា»។
ក្រោយពីការតស៊ូមតិបានចប់ភ្នាក់ងារព័ត៌មាន និងសហការីរបស់ CNN បានលើកឡើងថា «នេះគឺជាការតស៊ូមតិអាក្រក់ជាងគេបំផុតដែលខ្ញុំធ្លាប់ឃើញ» និងថា «ការតស៊ូមតិនេះគឺរញ៉េរញ៉ៃបែប (Shitshow)»។ លោក Wallace បាននិយាយថា៖ «ខ្ញុំមិនដែលសុបិនថា វានឹងប្រព្រឹត្តទៅតាមផ្លូវខុសបែបនេះទេ»។ លោក Trump បានរិះគន់លោក Wallaceថា មានភាពលម្អៀងទៅរកលោក Biden បើទោះបីលោកធ្វើការនៅ FoxNews ក្តី។
វេទិកាតស៊ូមតិប្រធានាធិបតីនេះ គឺជាកម្មវិធីទី១ ក្នុងចំណោមការតស៊ូមតិប្រធានាធិបតីចំនួន ៣។ ការតស៊ូមតិប្រធានាធិបតីលើកទី២ នឹងប្រព្រឹត្តនៅថ្ងៃទី ១៥ ខែតុលា និងការតស៊ូមតិប្រធានាធិបតីលើកទី៣ នៅថ្ងៃទី ២២ ខែតុលា ហើយការតស៊ូមតិរបស់អនុប្រធានាធិបតីនៅថ្ងៃទី ៧ ខែតុលា។ គណៈកម្មាធិការរៀបចំការតស៊ូមតិប្រធានាធិបតីបានសន្យាថា នឹងកែប្រែបទប្បញ្ញត្តិនៃការតស៊ូមតិ ដើម្បីកុំឱ្យមានរឿងនេះកើតឡើងទៀត។
ការបោះឆ្នោតកំពុងដំណើរការរួចហើយនៅក្នុងរដ្ឋមួយចំនួន រួមទាំងសមរភូមិសំខាន់ៗដូចជារដ្ឋ Pennsylvania និងរដ្ឋ Michigan។ នៅទូទាំងប្រទេសប្រជាជនជិត ១,៣ លាននាក់ បានបោះឆ្នោតរួចហើយ តាមរយៈការបោះឆ្នោតតាមប្រអប់សំបុត្រ៕