ក្រុមការងារផលិតវ៉ាក់សាំងនៅ Baltimore បានឱ្យដឹងថា វ៉ាក់សាំងជាង ១៥ លានដូស ត្រូវខូចគុណភាពដោយសារ កំហុសបច្ចេកទេស ដោយលាយសារធាតុផលិតរបស់វ៉ាក់សាំង Johnson & Johnson (J&J) និងសារធាតុផលិតវ៉ាក់សាំង AstraZeneca ចូលគ្នាដោយចៃដន្យ និងបណ្ដាលឱ្យមានការបង្អាក់ដល់ការផលិតវ៉ាក់សាំង «ចាក់តែមួយដង» នៅសហរដ្ឋអាមេរិក។
បញ្ហានេះ កើតឡើងចេញពីរោងចក្រថ្មីមួយនៅ Baltimore ធ្លាប់បានចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធ (ថ្នាក់ជាតិ) កាលពីឆ្នាំមុន ដើម្បីផលិតវ៉ាក់សាំងចេញពីវ៉ាក់សាំង J&J និង AstraZeneca។ វ៉ាក់សាំងទាំង ២ ប្រើបច្ចេកវិទ្យាដូចគ្នា ដោយប្រើវីរុសគ្មានមេរោគ (ឬហៅថា វ៉ិចទ័រ) ដែលត្រូវបានបញ្ជូនទៅក្នុងកោសិកា ដើម្បីបង្កើតប្រូតេអ៊ីន។ បន្ទាប់មក វាក៏បានរំញោចប្រព័ន្ធភាពស៊ាំ ដើម្បីផលិតអង្គបដិបក្ខប្រាណ។ ប៉ុន្តែវ៉ិចទ័ររបស់វ៉ាក់សាំង J&J និង AstraZeneca មានលក្ខណៈជីវសាស្ត្រខុសគ្នា ហើយក៏មិនអាចផ្លាស់ប្តូរបានដែរ។
កាលពីចុងខែកុម្ភៈ កន្លងទៅក្រុមការងារផលិតវ៉ាក់សាំងបានច្រឡំវ៉ិចទ័រវ៉ាក់សាំងទាំង ២ ក្នុងអំឡុងពេលដំណើរការផលិតវ៉ាក់សាំង ដែលធ្វើឱ្យមានអ្នកចោទជាសំណួរថា តើក្រុមការងារទាំងនេះមានទទួលការបណ្តុះបណ្តាល និងការត្រួតពិនិត្យ ដែរឬយ៉ាងណា?
ការផលិតវ៉ាក់សាំង គឺជាវិទ្យាសាស្ត្រដ៏ស្មុគស្មាញមួយ ដែលជួនកាលក៏អាចបង្កឱ្យមានកំហុសជាញឹកញាប់ និងអាចបំផ្លាញដល់វ៉ាក់សាំងជាច្រើនដូសទៀត ដែលបានផលិតក្នុងជំនាន់ជាមួយគ្នានេះទៀតផងដែរ ។ ប៉ុន្តែកំហុសលើកនេះ មិនមានអ្នកណារកឃើញសោះក្នុង រយៈពេលជាច្រើនថ្ងៃ រហូតដល់មានការត្រួត ពិនិត្យគុណភាពទើបគេរកឃើញ។ ប៉ុន្តែ ទម្រាំមក ដល់ដំណាក់កាលនេះ វ៉ាក់សាំងប្រមាណ ១៥ លានដូស ត្រូវបានផលិតចេញរួចទៅហើយ។
ទោះយ៉ាងណាក្ដី វ៉ាក់សាំងទាំងនេះមិនទាន់ត្រូវបានចែកចាយចេញពីរោងចក្រនៅឡើយ ហើយវ៉ាក់សាំងមួយចំនួនក៏ត្រូវបានគេទុកនៅដោយឡែកផងដែរ។ ចំណែកឯ វ៉ាក់សាំង AstraZeneca វិញ បើទោះបីជាមិនទាន់ឱ្យមានការអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងក្ដី អ្នកជំនាញមិនបានរកឃើញថា វ៉ាក់សាំងទាំងនេះ ខូចគុណភាពទេ។
កំហុសបច្ចេកទេសនេះ បានក្លាយទៅរឿងអាម៉ាស់ដ៏ធំមួយសម្រាប់ក្រុមហ៊ុនវ៉ាក់សាំង J&J ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិតវ៉ាក់សាំង «ចាក់តែមួយដង» និងត្រូវបានគេជឿជាក់ថា មានសមត្ថភាពការងារប្រព័ន្ធភាពស៊ាំរាងកាយដោយមានប្រសិទ្ធភាពទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវទទួលរងការ រិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ភ្នាក់ងារកាន់ស្តុកវ៉ាក់សាំងរបស់រដ្ឋាភិបាលអាមេរិក។
យ៉ាងណាមិញ កំហុសបច្ចេកទេសមួយនេះ មិនបានបណ្ដាលធ្វើឱ្យប៉ះពាល់ដល់ការចែកចាយ និងកំពុងប្រើប្រាស់ទូទាំងប្រទេសនេះ ក៏ដូចជា ចែកចាយវ៉ាក់សាំងទៅទូទាំងរដ្ឋ ដែលគ្រោងនឹងដឹកជញ្ជូន នៅសប្តាហ៍ក្រោយនោះទេ។ នេះ គឺដោយសារចំនួនវ៉ាក់សាំងទាំងនោះ ត្រូវបានផលិតនៅក្នុងប្រទេសហូឡង់ ខណៈដែលប្រតិបត្ដិការនៃការផលិតត្រូវបានអនុម័តយ៉ាងពេញលេញដោយនិយតករសហព័ន្ធក្នុងប្រទេសនេះ។
សម្រាប់ការចែកចាយវ៉ាក់សាំង J&J នេះទៀតសោត ត្រូវបានគេរំពឹងទុកថា នឹងត្រូវចែកចាយប្រមាណ ២៤ លានដូស នៅក្នុងខែបន្ទាប់ ដែលជាផលិតផលត្រូវផលិតចេញមកពីរោងចក្រយក្សនៅ Baltimore នេះឯង។ បច្ចុប្បន្នគេនៅមិនទាន់ប្រាកដថា នឹងត្រូវដឹកចេញ ឬយ៉ាងណានោះទេ ដោយសារនៅត្រូវការត្រួតពិនិត្យគុណភាពជាមុនសិនមុននឹងចែកចាយ។
បញ្ហានេះ បានបង្កឱ្យមានការបង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់រវាងក្រុមហ៊ុន និងរដ្ឋាភិបាលអាមេរិក ដែលបានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ២០ លានដូស ដល់ប្រទេសនេះ រហូតដល់ចុងខែមីនា និងប្រមាណ ៧៥ លានដូស នៅខែឧសភាខាងមុខ។
អ្នកនាំពាក្យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា៖ «ខាងរដ្ឋបាលកំពុងយកចិត្តទុកដាក់ពីបញ្ហានេះដែរ ប៉ុន្តែយើងមិនអាចធ្វើអត្ថាធិប្បាយឱ្យលើសពីនេះបានទេ។ ទាក់ទិននឹងសំណួរពីចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនគួរតែសួរផ្ទាល់ទៅកាន់ក្រុមហ៊ុន»។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនវ៉ាក់សាំង J&J បានឱ្យដឹងថា៖ «យើងនឹងដាក់អ្នកជំនាញបន្ថែមទៀតនៅក្នុងប្រតិបត្ដិការបច្ចេកទេសនៃការផលិត និងដំណើរការពិនិត្យគុណភាព ដើម្បីជួយត្រួតពិនិត្យដឹកនាំ និងគាំទ្រដល់ការផលិតទាំងអស់របស់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់យើង»៕