ក្រុម​ផលិត​ឱសថ​អង់គ្លេស AstraZeneca កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ៦ កុម្ភៈ បាន​ប្រកាស​ថា វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ របស់​ខ្លួន​ដែល​បង្កើត​ជាមួយ​សាកលវិទ្យាល័យ Oxford គឺ​ហាក់​ដូចជា​ផ្តល់​ការ​ការពារ​តិចតួច​ចំពោះ​វ៉ារ្យង់​វីរុស​កូរ៉ូណា​រក​ឃើញ​នៅ​អាហ្វ្រិក​ខាងត្បូង ដោយ​ផ្អែក​លើ​ទិន្នន័យ​បឋម​ពី​ការ​សាកល្បង។

បើ​យោង​តាម​ការ​រាយការណ៍​របស់​កាសែត Financial Times ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ដដែល ការ​សិក្សា​ពី​សាកលវិទ្យាល័យ​អាហ្វ្រិក​ខាងត្បូង Witwatersrand និង​សាកលវិទ្យាល័យ Oxford បាន​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​ការ​ថយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វ៉ារ្យង់​អាហ្វ្រិក​ខាង​ត្បូង​នេះ តែ​គ្មាន​អ្នក​ចូលរួម​ក្នុង​ការ​សាកល្បង​ជាង ២ ០០០ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ឬ​ស្លាប់​ទេ។

ក្នុង​ចំណោម​វ៉ារ្យង់​វីរុស​កូរ៉ូណា​បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​វ៉ារ្យង់​ចំនួន ៣ ផ្សេង​គ្នា ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អង់គ្លេស ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង ដោយសារ​វ៉ារ្យង់​ទាំង​នេះ ​គឺ​មាន​លក្ខណៈ​ងាយ​ឆ្លង​ជាង​មុន៕