អាជ្ញាធរចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ខណៈពេលដែលប្រធានក្រុមហ៊ុនបានអះអាងថា វ៉ាក់សាំងពួកគេគឺមានប្រសិទ្ធភាពស្រដៀងនឹងវ៉ាក់សាំងផលិតដោយ Pfizer/BioNTech និង Moderna។
ប្រភពព័ត៌មានដែលសុំមិនបង្ហាញអត្តសញ្ញាណបានប្រាប់ព័ត៌មាន Bloomberg ថា ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែរក្សាសុខភាព (MHRA) អាចអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca/Oxford នៅដើមសប្ដាហ៍នេះ។ រីឯកាសែត The Telegraph វិញបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី ២៦ ធ្នូ ថារដ្ឋាភិបាលអង់គ្លេស គឺកំពុងរៀបចំផែនការចាប់ផ្ដើមចាក់វ៉ាក់សាំងនេះនៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ ដែលរួមមានគោលដៅឱ្យប្រជាជន ២ លាននាក់ ទទួលបានដូសទី១ នៃវ៉ាក់សាំង AstraZeneca/Oxford ឬវ៉ាក់សាំង Pfizer/BioNTech ត្រឹមដំណាច់សប្ដាហ៍ដំបូងនៃឆ្នាំ ២០២១។
ជាការឆ្លើយតបនឹងការរាយការណ៍ទាំងនេះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសមួយរូបបាននិយាយថា៖ «និយតករឱសថកំពុងពិនិត្យមើលលើទិន្នន័យចុងក្រោយពីការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងសាកលវិទ្យាល័យ Oxford/ AstraZeneca ដើម្បីកំណត់ថា តើវ៉ាក់សាំងនេះបានបំពេញស្តង់ដាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពដែរឬទេ?»។
លោកបានបន្តទៀតថា៖ «ឥឡូវយើងត្រូវផ្ដល់ពេលឱ្យ MHRA ដើម្បីអនុវត្តការងារសំខាន់របស់ពួកគេ ហើយយើងត្រូវរង់ចាំការណែនាំរបស់ពួកគេ»។
គួរបញ្ជាក់ផងដែរ បើតាមរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃពុធ ទី ២៣ ធ្នូ AstraZeneca/Oxford បានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ និងបញ្ជូនទិន្នន័យការសាកល្បងដំណាក់កាលទី៣ ទៅកាន់ MHRA រួចជាស្រេច។ រដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង AstraZeneca/Oxford ចំនួន ១០០ លានដូសដោយរំពឹងថា នឹងទទួលបានចំនួន ៤០ លានដូសនៅចុងខែមីនា។
កាលពីបីសប្ដាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានផ្ដល់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាជនរបស់ពួកគេដោយប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech។ មកដល់ពេលនេះចក្រភពអង់គ្លេសបានផ្ដល់វ៉ាក់សាំងទៅកាន់ប្រជាជនជាង ៦០០ ០០០ នាក់ ហើយបើសិនជាមានការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca/Oxford គេរំពឹងថា ចំនួននេះនឹងមានសំទុះកើនយ៉ាងលឿន ដោយសារវ៉ាក់សាំងនេះមិនត្រូវការរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងដូចវ៉ាក់សាំង Pfizer/BioNTech ទេធ្វើឱ្យងាយស្រួលក្នុងការស្តុកទុកការដឹកជញ្ជូន និងការប្រើប្រាស់។
បើទោះបីជាយ៉ាងនេះ ក៏ដោយក៏មានការព្រួយបារម្ភខ្លះៗថា វ៉ាក់សាំង AstraZeneca/Oxford គឺមិនមានប្រសិទ្ធភាពល្អដូចវ៉ាក់សាំង Pfizer/BioNTech នោះទេ ដោយសារទិន្នន័យបឋមបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពត្រឹមតែ ៦២% ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក បានរកឃើញថា មានប្រសិទ្ធភាព ៩០% ក្នុងជនស្ម័គ្រចិត្ត ដែលគេច្រឡំផ្ដល់វ៉ាក់សាំងត្រឹមតែពាក់កណ្ដាលដូសក្នុងការចាក់ទី១ និងដូសពេញក្នុងការចាក់ទី២។ កំហុសច្រឡំទំហំដូសនេះ ធ្វើឱ្យគេរិះគន់ AstraZeneca/Oxford ហើយបង្កឱ្យមានការព្រួយបារម្ភនៅរដ្ឋបាលម្ហូបអាហារ និងឱសថ (FDA) អាមេរិក។
កាលពីថ្ងៃសៅរ៍ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានប្រាប់កាសែត The Telegraphថា៖ «យើងគិតថា យើងបានរកឃើញរូបមន្តដែលឈ្នះ និងរកឃើញវិធីសាស្ត្រ ដើម្បីទទួលប្រសិទ្ធភាពដូចគេផ្សេង ក្រោយពីទទួលវ៉ាក់សាំងចំនួន ២ ដូស»។
លោកបានបន្តទៀតថា៖ «ខ្ញុំមិនអាចប្រាប់អ្នកបន្ថែមទៀតទេ ព្រោះយើងនឹងផ្សព្វផ្សាយនៅពេលណាមួយ»។
លោក Soriot ក៏បានបានបង្ហាញការជឿជាក់ថា វ៉ាក់សាំងក្រុមហ៊ុនលោកអាចនឹងបង្ការនឹងវ៉ារ្យ៉ង់ថ្មីនៃជំងឺកូវីដ ១៩។ លោកបាននិយាយថា៖ «រហូតមកដល់ពេលនេះយើងគិតថា វ៉ាក់សាំងគួរតែបន្តមានប្រសិទ្ធភាព។ ប៉ុន្តែយើងមិនប្រាកដទេ ដូច្នេះយើងនឹងត្រូវធ្វើការសាកល្បង»។
វ៉ារ្យ៉ង់ថ្មីនៃវីរុសជំងឺកូវីដ ១៩ ដែលដំបូងរកឃើញនៅចក្រភពអង់គ្លេស គឺត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា មានសមត្ថភាពចម្លងខ្ពស់ជាងធម្មតា ៥៦%។ មកដល់ពេលនេះ គេរកឃើញករណីឆ្លងវ៉ារ៉្យង់ថ្មីនេះ នៅប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ អៀរឡង់ ហូឡង់ ស៊ុយអែត ដាណឺម៉ាក ជប៉ុន លីបង់ អូស្ត្រាលី និងកាណាដា ធ្វើឱ្យការព្រួយបារម្ភថា វ៉ារ្យ៉ង់នេះបានធ្វើដំណើរជុំវិញពិភពលោកជាច្រើនសប្ដាហ៍រួចទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីអ៊ីតាលី ចក្រភពអង់គ្លេស គឺជាប្រទេសរងគ្រោះខ្លាំងបំផុតមួយនៅអឺរ៉ុបដែលមានមនុស្សស្លាប់ជាង ៧ ម៊ឺននាក់។
ក្រោយពីរកឃើញវ៉ារ៉្យង់ថ្មី ភាគច្រើននៃប្រទេសនេះត្រូវបានដាក់ក្រោមការបង្ខាំងមិនឱ្យចេញចូលកម្រិត ៤ ជាកម្រិតតឹងរ៉ឹងបំផុតដែលរួមមានការបិទភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀត និងហាមឃាត់ការរស់នៅលាយឡំគ្រួសារ៕