
អ្នកជំងឺឥណ្ឌាដកដង្ហើមដោយមានអ៊ីកស៊ីហ្ស៊ែនជំនួយ។ AFP
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃអង្គារ ថា វ៉ារ្យ៉ង់កូវីដ១៩ ថ្មី ដែលកំពុងរាតត្បាត និងគំរាមកំហែងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង ១២ ទៀតនៅលើពិភពលោក។
ប្រភពដដែលបានឱ្យដឹងថា វ៉ារ្យ៉ង់កូវីដ ១៩ ថ្មី ប្រភេទ B1617 បានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ហើយបើគិតត្រឹមថ្ងៃអង្គារ គេរកឃើញថា វ៉ារ្យ៉ង់ប្រភេទនេះមានច្រើនជាង ១ ២០០ នៅប្រទេស ១៧ ទូទាំងពិភពលោក។ ទិន្នន័យនេះត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធទិន្នន័យបើកចំហ GISAID។
អង្គការ WHO បានឱ្យដឹងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍ស្តីពីជំងឺរាតត្បាតថា៖ «ករណីកើតច្រើនជាងគេគឺប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី»។ ក្រៅពីនេះ គេក៏បានរកឃើញថា វ៉ារ្យ៉ង់ប្រភេទនេះ នៅប្រទេសអឺរ៉ុបមួយចំនួនរួមមាន ប្រទេសបែលហ្ស៊ិក ស្វ៊ីស ក្រិក អ៊ីតាលី ផងដែរ។
ថ្មីៗនេះ អង្គការ WHO ក៏បានទទួលស្គាល់ថា វ៉ារ្យ៉ង់ B1617 នេះ មានអត្រាឆ្លងខ្ពស់ជាងវ៉ារ្យ៉ង់ផ្សេងៗ ដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា និងអាចជាកត្តាចូលរួមចំណែកនៅក្នុងរលកទី ២ នៅប្រទេសនេះ។ ថ្វីបើវ៉ារ្យ៉ង់នេះត្រូវបានគេស្គាល់ថា មានលក្ខណៈកាចសាហាវជាងវ៉ារ្យ៉ង់ដទៃក៏ដោយ អ្នកសិក្សានៅមិនទាន់អាចកំណត់ជាក់ច្បាស់អំពីវ៉ារ្យង់នេះនៅឡើយ។ ខាងក្រោម គឺជាអ្វីដែលគេដឹងត្រួសៗអំពីវ៉ារ្យ៉ង់នេះ៖
ទី ១ វាជាប្រភេទ «វីរ៉ុសបំប្លែងពូជទ្វេដង» (double mutant)។ ជាការពិតណាស់ វីរុសតែងបំប្លែងខ្លួនច្រើនពាន់រួចទៅហើយ ទម្រាំក្លាយជាវីរ៉ុសកូវីដ១៩ នេះ។ ប៉ុន្តែ បើយោងតាមអ្នកជំនាញផ្នែកជំងឺរាតត្បាត ពាក្យថា «double mutant» នេះ គឺសំដៅទៅលើវ៉ារ្យ៉ង់ថ្មី ដែលមានលក្ខណៈដូចនឹងវ៉ារ្យ៉ង់ ២ ដែលគេបានកំណត់រួចហើយ។ ដូចក្នុងករណីវ៉ារ្យ៉ង់ B1617 គឺជាការបំប្លែងចេញពីរ៉ារ្យ៉ង់២គឺ E484Q និង L452R ។
វេជ្ជបណ្ឌិត Maria Van Kerkhove នៅអង្គការ WHO បាននិយាយថា ខាងអ្នកស្រាវជ្រាវកំពុងសិក្សាពីវ៉ារ្យ៉ង់នេះបន្ថែមទៀត។ លោកស្រី បានបន្តថា៖ «ការបំប្លែងខ្លួនពីវ៉ារ្យ៉ង់ ២ ដែលមានស្រាប់ និងកំពុងឆ្លងពាសពេញពិភពលោកនេះ បង្កឱ្យមានការព្រួយបារម្ភខ្ពស់ ដោយសារការបំប្លែងខ្លួនកាន់តែបង្កើនសមត្ថភាពចម្លងកាន់តែខ្លាំង»។
លោកស្រីបានបន្ថែមទៀតថា៖ «ដោយសារតែវ៉ារ្យ៉ង់ទាំងនេះមានលក្ខណៈស្រដៀងៗគ្នា ទើបធ្វើឱ្យមានការពិបាកក្នុងការកំណត់ប្រភេទនីមួយៗឱ្យបានច្បាស់ ហើយក៏អាចជះឥទ្ធិពលដល់វិធានការប្រឆាំងនឹងវីរុស ដែលរួមមានទាំងវ៉ាក់សាំងផងដែរ»។
ទី ២ កង្វះទិន្នន័យស្ដីអំពីវ៉ារ្យ៉ង់នេះ។ នៅពេល ដែលវ៉ារ្យ៉ង់នេះបំប្លែងខ្លួនដំបូង មន្ត្រីសុខាភិបាលបាននិយាយថា វ៉ារ្យ៉ង់នេះមិនមានចំនួនគ្រប់គ្រាន់ ដើម្បីបង្កឱ្យឆ្លងខ្លាំងក្នុងរដ្ឋ Maharashtra និងរដ្ឋឥណ្ឌាដទៃទៀតទេ។ ដោយសារនាពេលនោះ ក្រុមអ្នកវិទ្យាសាស្ត្រមិនមានទិន្នន័យ និងភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់នោះឡើយ។
ដោយឡែកអង់គ្លេសដែលបានរកឃើញករណីវ៉ារ្យ៉ង់ថ្មីនេះឆ្លងជាង ១០០ ករណី កំពុងតែធ្វើការស៊ើបអង្កេត។ ទោះបីជាយ៉ាងណាក៏ដោយពួកគេមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើចំណាត់ថ្នាក់ថា វ៉ារ្យ៉ង់នេះមានលក្ខណៈកាចសាហាវនៅឡើយ។
ទី ៣ វ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ធភាពការពារវីរុសនេះមួយផ្នែកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវវីរុសវិវត្តន៍នៃសាកលវិទ្យាល័យ University of Utah evolutionary បានឱ្យដឹងថា ការបំប្លែងរបស់វ៉ារ្យ៉ង់នេះ គឺទាក់ទងទៅនឹងពូជ Eek ដែលត្រូវបានគេសង្ស័យថា មានសមត្ថភាពកាត់បន្ថយការការពារអង្គបដិបក្ខប្រាណពីការឆ្លងពីមុន ឬការចាក់វ៉ាក់សាំង។
ទោះបីជាបែបនេះក្តី អ្នកជំនាញនិយាយថា វ៉ាក់សាំងនៅតែផ្តល់ការការពារមួយចំនួន ជាពិសេសពីករណីធ្ងន់ធ្ងរ។
ទី ៤ បណ្តាប្រទេសនានាកំពុងស្វែងរកវិធី ដើម្បីបញ្ឈប់ការរីករាលដាលនៃវ៉ារ្យ៉ង់នេះ។ តួយ៉ាងក្រសួងសុខាភិបាលនៅប្រទេសសិង្ហបុរីក៏បានទប់ស្កាត់អ្នកដំណើរទាំងឡាយ ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌាក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ខែមេសា ទៅ។ នេះគឺជាវិធានមួយក្នុងចំណោមវិធានដទៃក្នុងការទប់ស្កាត់ការឆ្លងនៃវ៉ារ្យ៉ង់នេះ។
ទី ៥ វ៉ារ្យ៉ង់ថ្មីផ្សេងទៀតអាចនឹងកើតមាននៅក្នុងប្រទេសឥណ្ឌា។ ចាប់តាំងពីមានវត្តមានវ៉ារ្យ៉ង់ និងការឆ្លងកាន់តែច្រើនមក គេសង្កេតឃើញមានវ៉ារ្យ៉ង់ថ្មី១ទៀតគឺ B1618 ដែលចាប់ផ្ដើមបង្ហាញជាសញ្ញាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះគេបានរកឃើញវ៉ារ្យ៉ង់ថ្មីនេះ ៣ ករណីហើយនៅឥណ្ឌា៕