
ប្រជាជនឥណ្ឌារងចាំចាក់វ៉ាក់សាំងកូវីដ១៩ នៅមជ្ឈមណ្ឌលសុខភាពមួយក្នុងទីក្រុងញូវដេលីកាលពីថ្ងៃទី ១៣ ឧសភា។
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភថា វ៉ារ្យ៉ង់ថ្មីមកពីឥណ្ឌាបានបង្កឱ្យមានចំនួនករណីឆ្លងកូវីដ ១៩ នៅចក្រភពអង់គ្លេសកើនឡើងកាន់តែច្រើន ហើយអាចនឹងបង្អាក់ដល់ផែនការក្នុងការបើកប្រទេសឡើងវិញនៅសប្ដាហ៍ក្រោយ។
វ៉ារ្យ៉ង់ B.1.617.2 គឺជាវ៉ារ្យ៉ង់មួយត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាហើយកាលពីថ្ងៃពុធកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រទេសឥណ្ឌាមានចំនួនករណីឆ្លងស្មើនឹងចំនួនឆ្លងពាក់កណ្តាលនៃករណីឆ្លងទាំងអស់នៅទូទាំងពិភពលោកកាលពីសប្តាហ៍មុនក៏ដូចជាស្មើនឹង ៣០% នៃការស្លាប់ទូទាំងពិភពលោក។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា មនុស្សយ៉ាងហោច ៤២០៥ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមចំនួនករណីឆ្លងនៅប្រទេសនៅអាស៊ីខាងត្បូង ។
សាស្ត្រាចារ្យ Christina Pagel ប្រធានអង្គភាពស្រាវជ្រាវប្រតិបត្តិការគ្លីនិកនៃសាកលវិទ្យាល័យមហាវិទ្យាល័យទីក្រុងឡុងដ៍បានឱ្យដឹងថា វ៉ារ្យ៉ង់ថ្មីនេះ គួរឱ្យបារម្ភខ្លាំងរហូតអាចធ្វើឱ្យប៉ះពាល់ដល់វិធានការ ដែលគ្រោងនឹងបើកប្រទេសវិញនៅថ្ងៃ ចន្ទ សប្ដាហ៍ក្រោយ។
ទន្ទឹមនឹងនេះដែរ បើតាមទិន្នន័យតាមដានរបស់វិទ្យាស្ថាន Wellcome Sanger ដែលមិនរាប់បញ្ចូលចំនួនអ្នកធ្វើដំណើរ និងគំរូសាកល្បងថ្មីៗបានបង្ហាញថា ចំនួនប្រមាណជាង ៦,១% នៃករណីឆ្លងក្នុងប្រទេសអង់គ្លេស ស្ថិតក្នុងអំឡុងទាំង ៤ សប្តាហ៍ពោលមកត្រឹមថ្ងៃទី ២៤ ខែមេសាអាចត្រូវបានគេសន្និដ្ឋានថាជាប្រភេទហ្ស៊ែននៃវ៉ារ្យ៉ង់ B.1.617.2 ។
ក្នុងអំឡុងពេល ដែលវ៉ារ្យ៉ង់ Kent កំពុងថយចុះ ឬមានស្ថិរភាពក្នុងប្រទេសនេះ វ៉ារ្យ៉ង់ B.1.617.2 បែរជាកើនឡើងខ្លាំងទៅវិញ។ នៅផ្នែកខ្លះនៃប្រទេសរួមមានរដ្ឋ Bolton និង Blackburn វ៉ារ្យ៉ង់ B.1.617.2 មានជាង ៥០% នៃចំនួនករណីសរុប។ លោក Andy Burnham អភិបាលក្រុង Greater Manchester បាននិយាយថា គណៈកម្មាធិការចម្រុះរៀបចំការចាក់វ៉ាក់សាំង កំពុងពិចារណាលើសំណើ ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជន ដែលមានអាយុ ១៦ ឆ្នាំនៅក្នុងទីក្រុង Bolton ដើម្បីទប់ទល់ទៅនឹងអត្រាឆ្លង ដែលកំពុងកើនឡើង។
បើទោះជាចំនួនករណីឆ្លងវ៉ារ្យ៉ង់ថ្មីនេះ នៅមិនទាន់មានច្រើននៅឡើយ ប៉ុន្តែចំនួនករណីទាំងនេះបានកើនឡើងទ្វេដងរៀងរាល់សប្តាហ៍ក្នុងចន្លោះពេល ៣ សប្តាហ៍កន្លងមក។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ឯកសារបែកធ្លាយចេញពីវិទ្យាស្ថានសុខភាពសាធារណៈរបស់អង់គ្លេសបានឱ្យដឹងថា ក្រុមអ្នកវេជ្ជសាស្ត្របានរកឃើញចង្កោមវ៉ារ្យ៉ង់ B.1.617.2 ប្រមាណ ៤៨ ចង្កោម ដែលត្រូវបានរកឃើញចេញពីការជួបជុំនៅសាលាអនុវិទ្យាល័យ មណ្ឌលថែទាំ និងការជួបជុំសាសនានានាផងដែរ។
ការប្រជុំថ្មីៗពីក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់ភាពអាសន្ន (Sage) របស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញថា វ៉ារ្យ៉ង់នេះអាចគេចផុតចេញពីភាពស៊ាំ និងមានសមត្ថភាពចម្លងបានខ្ពស់ (ខ្លាំងជាងវ៉ារ្យ៉ង់ Kent) បង្កឱ្យមានរលកធំជាងអ្វី ដែលគេឃើញកាលពីខែមករាឆ្នាំ ២០២១ ទៀត។
លោកស្រី Deborah Dunn-Walters សាស្ត្រាចារ្យផ្នែកប្រព័ន្ធភាពស៊ាំនៅសាកលវិទ្យាល័យ University of Surrey បានមានប្រសាសន៍ថា៖ «ទិន្នន័យដំបូងបានបង្ហាញថាប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងអាចនឹងត្រូវថយចុះបន្តិចក្នុងការប្រឆាំងតបតនឹងវ៉ារ្យ៉ង់ថ្មីនេះ ប៉ុន្តែមិនមែនខ្សោយដូចនឹងវ៉ារ្យ៉ង់នៅអាហ្វ្រិកខាងត្បូងទេ៕