The Phnom Penh Post Search

Search form

វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដក​អភ័យឯក​សិទ្ធិ​ពី​សមាជិក សភា​បក្ស​ប្រឆាំង ​ជុំវិញ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន

Content image - Phnom Penh Post
អនុប្រធានបក្សប្រឆាំងលោក Juan Requesens ថ្លែងនៅ​ស​ភា​។ AFP

វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដក​អភ័យឯក​សិទ្ធិ​ពី​សមាជិក សភា​បក្ស​ប្រឆាំង ​ជុំវិញ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន

ក្រុង​កា​រ៉ា​កាសៈ ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែល​ស្មោះ​នឹង​លោក​ប្រធានាធិបតី​នីកូឡាស​ម៉ាឌូរ៉ូ​បាន​ដក​អភ័យ​ឯក​សិទ្ធិ​ពី​សមាជិក​សភា​ប្រឆាំង​វ៉េណេស៊ុយ​អេឡា ២ រូប​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​កាត់​ទោស​ពួកគេ​ពី​បទ​ធ្វើ​ជា​មេ​គំនិត​ក្នុង​កិច្ច​ប្រឹង​ប្រែង​ធ្វើ​ឃាត​មេដឹកនាំ ដោយ​ប្រើ​យន្ត​ហោះ ដ្រូន។

លោក​ម៉ា​ឌូ​រ៉ូ ដែល​បាន​ចាត់ទុក​បក្សប្រឆាំង​មិន​សំខាន់ ខណៈ​លោក​រឹតបន្តឹង​ការ​គ្រប់គ្រង​ប្រទេស បាន​ធ្វើការ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង និង​កូឡុំប៊ី​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន​កាល​ពី​ថ្ងៃ​សៅរ៍។

លោក បាន​ផ្តោតទៅលើ សមាជិកសភា ២ រូប​គឺ​លោក Julio Borges អតីត​ប្រធាន​រដ្ឋសភា​គ្រប​ដណ្តប់​ដោយ​បក្ស​ប្រឆាំង ដែល​ឥឡូវ​នេះ រស់​នៅ​ក្នុង​ភាព​និរទេស​ខ្លួន និង​លោក Juan Requesens។

លោក Requesens ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​ស៊ើបអង្កេត​នៅពេល​រាត្រី ខណៈ​តុលាការ​កំពូល​វ៉េណេស៊ុយ​អេឡា កាល​ពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក Julio Borges។

សភា​រដ្ឋធម្មនុញ្ញ​នោះ ជា​ស្ថាប័ន​មួយ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៧ ដោយ​លោក​ម៉ាឌូរ៉ូ ដើម្បី​ដណ្តើម​អំណាច​ពី​សភា​ដែល​ជាប់​ឆ្នោត បាន​ធ្វើ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក Borges និង​លោក Requesens។

ស្ថាប័ន​ជាប់ឆ្នោត​នោះ ត្រូវបាន​គេ​ហៅថា​សភា បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ទាត់​ចោលការ​ប៉ុនប៉ង​ណាមួយ​ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​របស់​សមាជិក​ដោយ​គ្មាន​លក្ខខណ្ឌ៕

អត្ថបទគួរចាប់អារម្មណ៍