ក្រុងការ៉ាកាសៈ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានរិះគន់អាមេរិកកាលពីថ្ងៃពុធ ដោយចោទប្រកាន់រដ្ឋការរបស់លោកដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សានៅប្រទេស អាមេរិក ខាងត្បូងនេះ ដោយបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សភាគ្រប់គ្រងដោយគណបក្សប្រឆាំងមិនឲ្យទទួលស្គាល់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Jorge Arreaza បានសរសេរនៅលើគេហទំព័រធ្វីធើរថា៖ «វ៉េណេស៊ុយអេឡា បានទាមទារឲ្យគោរពលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន» ដោយបានអះអាងថា រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ម៉ៃក៍ប៉ុមប៉េអូ និង «អ្នកសំឡេងជ្រុលនិយមផ្សេងទៀត កំពុងបង្កអស្ថិរភាពដល់ប្រទេស វ៉េណេស៊ុយអេឡា និងញុះញង់ឲ្យមានអំពើហិង្សា»។
អាមេរិក គឺជាអ្នករិះគន់ម្នាក់នៃអ្នករិះគន់ធំបំផុតរបស់របបលោក ម៉ាឌូរ៉ូ នៅវ៉េណេស៊ុយអេឡា និងបានចាត់ទុកប្រធានាធិបតីរូបនេះថា មិនស្របច្បាប់កាលពីសប្តាហ៍មុន នៅពេលដែលលោកបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី ២ របស់លោកដ៏ចម្រូងចម្រាសនោះ។
លោក នីកូឡាស ម៉ាឌូរ៉ូ បានឈ្នះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០១៨ ដែលត្រូវបានធ្វើពហិការដោយគណបក្សប្រឆាំង និងត្រូវបានអាមេរិកចាត់ទុកថាមានការលួចបន្លំ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានថ្លែងថា ប្រទេសរបស់លោកនឹង «ប្រើប្រាស់ការទូត សម្ភារ និងសេដ្ឋកិច្ចដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវ៉េណេស៊ុយអេឡាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសពួកគេឲ្យបានល្អប្រសើរឡើងវិញ»៕ AFP/SK