ក្រុងការ៉ាកាសៈ ​ប្រទេស ​វ៉េណេស៊ុយអេឡា​ បាន​ទទួល​​ជំនួយ​មនុស្ស​ធម៌​កាក​បាទ​ក្រហម​លើក​ទី​២ ក្នុង​នោះ​មាន​សម្ភារ​ពេទ្យ ២៤ ​តោន​ និង​ម៉ាស៊ីន​ភ្លើង​ជា​ច្រើន​គ្រឿង​​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រទេស ​ប៉ាណាម៉ា ​​សម្រាប់​មន្ទីរ​ពេទ្យ ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​សុខាភិបាល​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រទេស​មួយ​នេះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាក​បាទ​ក្រហម​ប្រទេស ​វ៉េណេស៊ុយអេឡា​ បាន​ថ្លែង​ថា ​ខ្លួន​បាន​ទទួល​នូវ​ «​ថ្នាំ​ពេទ្យ​ សម្ភារ​ផ្គត់ផ្គង់​ ​និង​ម៉ាស៊ីន​ភ្លើង​ជា​ច្រើន​» ​ដែល​នឹង​ត្រូវ​ចែកចាយ​​ដល់​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ​ វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ កាល​ពី​ពេល​ថ្មីៗ​នេះ​។​

អ្នក​កាសែត​ AFP ​ម្នាក់ ​បាន​អះអាង​ថា ​រថយន្ត​ ៦ ​គ្រឿង ​បាន​ដឹក​ជញ្ជូន​ជំនួយ​ទាំង​នោះ​ទៅ​ឃ្លាំង​កាក​បាទ​ក្រហម​មួយ​កន្លែង​នៅ​ក្រុង​ការ៉ាកាស​។​

ការ​ដឹក​ជញ្ជូន​ជំនួយ​ បាន​ជួយ​បន្ធូរបន្ថយ​ការ​ខ្វះខាត​ថ្នាំ​ពេទ្យ​ខ្លះ​ និង​សម្ភារ​ផ្គត់ផ្គង់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស ​វ៉េណេស៊ុយអេឡា​ ដែល​បាន​រង​ការ​ឈឺ​ចាប់​ជាង ​៤ ​ឆ្នាំ​ ដោយសារ​សេដ្ឋកិច្ច​ធ្លាក់ចុះ​យ៉ាង​​ដុនដាប​ ​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវ​ការ​​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​ជា​ច្រើន។​

អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ ១ ភាគ ​៤​ នៃ​ចំនួន​ប្រជាជន ​៣០ ​លាន​នាក់ ​របស់​ប្រទេស ​វ៉េណេស៊ុយអេឡា​ ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

ប្រទេស​​នៅ​អាមេរិក​ខាង​ត្បូង សម្បូរ​​ប្រេង​មួយ​នេះ​ ​បាន​រង​ផល​ប៉ះពាល់ ​ដោយសារ​ផលិតកម្ម​ប្រេង​ធ្លាក់ចុះ​៕ AFP/SK