ក្រុង​សា​ណាៈ​ យោង​តាម​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ​សង្គ្រាម​នៅ​ប្រទេស ​យេម៉ែន បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ​និង​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្ស​​ធម៌​អាក្រក់​​បំផុត​នៅ​ក្នុង​ពិភព​លោក​។​

សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី ​និង​កង​កម្លាំង​គាំ​ទ្រ​រដ្ឋាភិបាល ​បាន​កើត​ឡើង​កាន់​ខ្លាំង​កាល​ពី​ខែ​មីនា​ ឆ្នាំ​​ ២០១៥​ នៅ​ពេល​ដែល​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត​ បាន​ធ្វើ​ការ​​អន្តរាគមន៍​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​។​

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រហែល​ ១ ​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​​ជា​ជន​ស៊ីវិល​ត្រូវ​បាន​ស្លាប់ ​និង​ជាង ​៦ ​​ម៉ឺន​នាក់​បាន​រង​របួស ​ចាប់​តាំង​ពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត​ បាន​ចូលរួម​នៅ​ក្នុង​ជម្លោះ​នោះ​មក​។​

ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ​ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ហើយ​ក្រុម​ជំនួយ​មនុស្ស​ធម៌​បាន​ព្រមាន​ថា ​ចំនួន​នោះ​ទំនង​ជា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ជា​មួយ​នឹង​សកម្មភាព​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ដែល​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​មាន​​ជាង​​ ៥៧ ​ពាន់​នាក់​។​

យុទ្ធ​ជ​ន​​​ស្មោះត្រង់​ប្រធានាធិបតីយេម៉ែន​គាំទ្រដោយ អារ៉ាប៊ី សាអ៊ូឌីត ដឹកអ្នករងរប​ួស​​ទៅ​កាន់មន្ទីរ​ពេទ្យ​​​។ ​AFP

កាល​ពី​ថ្ងៃ​ទី ​១៨ ​ខែ ​មីនា ឆ្នាំ ​២០១៩ ​ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស​ បាន​ថ្លែង​ថា ​ក្រុម​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​បាន​កើន​ឡើង​នៅ​ក្នុង​ ​ប្រទេស ​យេម៉ែន​ ទោះបី​ជា​មាន​បទ​ឈប់​បាញ់​រយៈពេល ​៣ ​ខែ​នៅ​កំពង់ផែ​​ហូដេដា​ក្តី​។​

យោងតាម​ក្រុម​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​របស់​បារាំង​ Action Contre la Faim​ បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ចំនួន​ ៣,៣ ​លាន​នាក់ ​​បាន​រត់​ភៀស​ខ្លួន​នៅ​ក្នុង​ទឹកដី​ប្រទេស ​យេម៉ែន​។​

ប្រទេស ​យេម៉ែន ​បាន​រង​ការ​ប៉ះពាល់​​ដោយ​ជំងឺ​អាសន្ន​រោគ ​ដែល​បាន​បណ្តាល​​ឲ្យ​​មនុស្ស​ជាង ​២ ៥០០ ​នាក់ ស្លាប់​ចាប់​តាំង​ពី​ខែ ​មេសា​ ឆ្នាំ ​២០១៧ ​មក​ម្ល៉េះ​។ ​យោង​តាម​អង្គការ​ WHO ​បាន​ឲ្យ​ដឹង​ថា ​ករណី​មនុស្ស ​ដែល​គួរ​ឲ្យ​សង្ស័យ​មាន​ប្រហែល ​១,២ លាន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​មាន​ជំងឺ​នេះ​។​

មូលនិធិ​គាំពារ​កុមារ​អង្គការ​សហ​ប្រជាជាតិ​ (UNICEF)​ បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​រឿយៗ​អំពី​ឥទ្ធិពល​នៃ​ជម្លោះ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​។​

ក្រុមឧទ្ទាមហ៊ូធី បង្ហាញអ្វី​​​ដែល​ជាកង​​កម្លាំង​យោធា​ហ៊ូធី ​ដែលបានធ្វើ​ការវាយ​ប្រហារ​មីស៊ីល​ប​ាលីស្ទិក​​។ AFP

អង្គការ​ WHO ​បាន​និយាយ​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ​២០១៨​ ថា​​៖ «​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​​ក្មេង​ប្រុស​ ក្មេង​ស្រី​គ្រប់ៗ​គ្នា​នៅ​ក្នុង​ប្រទេស យេម៉ែន​» ហាក់​ដូច​ជា​ការ​រស់នៅ​ក្នុង​​ឋាន​នរក​អ៊ីចឹង​។ ​

អង្គការ ​WHO​ បាន​និយាយ​ថា ​កុមារ​មាន​អាយុ​តិច​ជាង ​៥ ​ឆ្នាំ​ចំនួន ​១,៨ ​លាន​នាក់​កំពុង​មាន​ជំងឺ​បណ្តាល​​មក​ពី​​កង្វះ​អាហារ​រូបត្ថម្ភ​យ៉ាង​ធ្ងន់ធ្ងរ​។​

មូលនិធិ​គាំពារ​កុមារ​បាន​ថ្លែង​ថា ​នៅ​រវាង​ខែ ​មេសា​ ឆ្នាំ ​២០១៥​ និង​ខែ ​តុលា​ ឆ្នាំ ​២០១៨ ​កុមារ​ប្រហែល ​៨៥ ​ពាន់​នាក់ ​អាច​នឹង​​ស្លាប់​ដោយសារ​កង្វះ​អាហាររូបត្ថម្ភ​៕ AFP/SK