ក្រុង​វ៉ាស៊ីនតោន៖ ​ប្រមុខ​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty​ International​)​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ចូល​ធ្វើ​អន្តរាគមន៍​យោធា​អាមេរិក​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​រោងចក្រ​ផលិត​ប្រេង​​របស់​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​បាន​ស្តីបន្ទោស​ទៅ​លើ​អ៊ីរ៉ង់​នោះ​ អាច​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង​នៅ​មជ្ឈិមបូព៌ា​តែ​ប៉ុណ្ណោះ​​។​

អគ្គ​លេខាធិការ​របស់​អង្គការ​សិទ្ធិ​មនុស្ស ​លោក ​Kumi Naidoo ​បាន​ថ្លែង​ថា ​ជំនួស​មក​វិញ​ពិភព​លោក ​គួរ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ឡើង​បន្ថែម​ទៀត​ ដើម្បី​បញ្ចប់​ហិង្សា​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស ​យេម៉ែន​ ជា​ទី​ដែល​យុទ្ធនាការ​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​និង​កំពុង​វាយ​ប្រហារ​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​នោះ​។​

នៅ​ក្នុង​បទសម្ភាស​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន​ លោក Naidoo ​បាន​ថ្លែង​ប្រាប់​ AFP ​ថា​​៖ «​យើង​ត្រូវ​ការ​បញ្ឈប់​ការ​បង្ហូរ​ឈាម​បច្ចុប្បន្ន ​ហើយ​ការ-​ពិភាក្សា​ណាមួយ​អំពី​ការ​អន្តរាគមន៍​របស់​យោធា​បច្ចុប្បន្ន​ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​តែ​ប៉ុណ្ណោះ​»​។​

លោក​​ ម៉ៃក៍​ ប៉ុម​ប៉េអូ ថ្លែង​​​ក្នុង​​សន្និសីទ​​សារព័ត៌មា​ន​​នៅ​សេតវិមាន​ ក្រុងវ៉ាស៊ីនតោន​ ​នាព​េលកន្លងទៅ​​។​ AFP

លោក​បាន​ព្រមាន​អំពី​មេរៀន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ ជា​ទី​ដែល​ការ​ឈ្លាន​ពាន​របស់​អាមេរិក​នៅ​ឆ្នាំ ​២០០៣​ ដែល​បាន​លើក​ឡើង​អំពី​ការ​​​ស៊ើប​យក​ការណ៍​បាន​រក​ឃើញ​ថា​​ ​«បាន​​បង្ក​​ឲ្យ​មាន​គ្រោះ​មហន្តរាយ ​ដែល​យើង​មាន​នោះ​ មិនមែន​គ្រាន់​តែ​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់ ​ប៉ុណ្ណោះ​នោះ​ទេ​ ថែម​ទាំង​​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​នៅ​ក្បែរ​ខាង​ទៀត​ផង​»​។​

លោក​បាន​ថ្លែង​ថា៖ ​«​ក្រុម​មេ​ដឹកនាំ​នយោបាយ​ពិត​ប្រាកដ​ ​អាច​ជ្រើសរើស​ហេតុផល​មិន​ស្មោះ​ត្រង់​ ដើម្បី​ធ្វើ​សង្គ្រាម​ពី​ព្រោះ​ការ​ធ្វើ​សង្គ្រាម​អាច​នឹង​ជួយ​ឲ្យ​ពួក​គេ​ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​»​។​

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​គ្នា​អំពី​ប្រទេស​ទាំង​នោះ​ទេ​ ខ្ញុំ​គិត​ថា​ មាន​ប្រទេស​ជា​ច្រើន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​​សង្គ្រាម​នៅ​ខណៈ​ពេល​នេះ​»​។​

លោក​ រូហានី​ និង​​គណៈ​ប្រតិភូ​(ឆ្វេង)​ អេរដូហ្គែន(កណ្តាល)​ ពូទីន​ (ស្តាំ)​​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​ស្តី​ពី​ស៊ីរីថ្ងៃទី១៦កញ្ញា។ AFP

អាមេរិក​បាន​ស្តី​បន្ទោស​ទៅ​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​វាយ​ប្រហារ ទៅ​លើ​រោងចក្រ​ ​Abqaiq ​កាល​ពី​ចុង​សប្ដាហ៍​ ជា​រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភព​លោក​ ដោយ​បាន​បន្ត​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​ថ្មី​ ដែល​លោក ​ដូណាល់​ ត្រាំ​ អាច​បញ្ជា​ឲ្យ​ធ្វើ​ការ​សងសឹក​ខាង​យោធា​វិញ​។​

ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​ គ្មាន​ភ័ស្តុតាង​ដែល​ខ្លួន​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ នៅ​ក្នុង​ប្រទេស ​យេម៉ែន ​នោះ​ទេ​។​

ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ធ្វើ​អន្តរាគមន៍​ចំណាយ​ទឹក​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៥ ​នៅ​​ក្នុង​ប្រទេស យេម៉ែន​ ដោយ​បាន​​បង្ក​ឲ្យ​មាន​​ការ​​ក្តៅ​ក្រហាយ ទៅ​នឹង​អ្វី​ដែល​​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ថា​ វា​គឺ​ជា​វិបត្តិ​មនុស្ស​ធម៌​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក​ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ដែល​កើត​នៅ​ក្នុង​ប្រទេស​នេះ៕​AFP/SK