កាលពីថ្ងៃពុធ ទី ១៣ មករា ២០២១ សភាតំណាងសហរដ្ឋអាមេរិកបានធ្វើការអនុម័តឱ្យចាប់ផ្ដើមដំណើរការដកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចេញពីតំណែង (Impeachment) ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការបះបោរ» ជុំវិញកុបកម្មរបស់ក្រុមអ្នកគាំទ្ររបស់លោក ដែលបានធ្វើការវាយសម្រុកចូលអគារសភា ខណៈពេលដែលសមាជិកសភា ទាំង ២ កំពុងធ្វើការបញ្ជាក់លទ្ធផលបោះឆ្នោតប្រធានាធិបតី ២០២០។
នេះគឺជាលើកទី២ ក្នុងរយៈពេល ១៣ ខែ ដែលសភាតំណាងចាប់ផ្ដើមដំណើរការដកលោក Trump ចេញពីតំណែង ហើយធ្វើឡើងតិចជាង ១ សប្ដាហ៍មុនប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ត្រូវកាន់អំណាច។
ដោយមានការធានាសន្តិសុខដោយទាហានកងទ័ពឆ្មាំជាតិនៅទាំងក្នុង និងក្រៅអគារសភាមាត្រានៃការចោទប្រកាន់ត្រូវបានអនុម័តដោយសភាតំណាងក្នុងសំឡេង ២៣២-១៩៧ ដោយមានសមាជិកបក្សសាធារណរដ្ឋចំនួន ១០ រូប ចូលរួមបោះឆ្នោតគាំទ្រជាមួយសមាជិកទាំង ២២២ របស់បក្សប្រជាធិបតេយ្យ។ ការបោះឆ្នោតអនុម័តនេះ ធ្វើឡើងលឿនជាងការអនុម័តមុនៗ ដោយសមាជិកសភាបោះឆ្នោតត្រឹម ១ សប្ដាហ៍ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក Trump វាយសម្រុកចូលអគារសភា។
មាត្រានៃការចោទប្រកាន់បានចែងថា៖ «ប្រធានាធិបតី Trump បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់សហរដ្ឋអាមេរិក និងស្ថាប័នរដ្ឋាភិបាល។ លោកបានគំរាមកំហែងដល់ភាពសុចរិតនៃប្រព័ន្ធប្រជាធិបតេយ្យរំខានដល់ដំណើរការផ្ទេរអំណាចដោយសន្តិភាព និងធ្វើឱ្យសភាប្រឈមនឹងគ្រោះថ្នាក់។ ដោយហេតុនេះលោកបានក្បត់ការទុកចិត្តលោកក្នុងនាមជាប្រធានាធិបតីដោយធ្វើឱ្យមានការរងរបួសចំពោះប្រជាជនអាមេរិក»។
មាត្រានេះបានបញ្ចប់ដោយឃ្លា៖ «អង្គហេតុបានបញ្ជាក់ថា លោកគឺមិនសមកាន់តំណែងក្នុង ១ ថ្ងៃទៀតទេ ធ្វើឱ្យមានតម្រូវការដកលោកប្រធានាធិបតី Trump ចេញពីតំណែងភ្លាមៗ»។
តាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកជំហានបន្ទាប់ គឺការធ្វើជំនុំជម្រះក្ដីនៅព្រឹទ្ធសភា តែការដកលោក Trump ចេញពីតំណែងតាមនីតិវិធីអាចនឹងមិនកើតដោយសារព្រឹទ្ធសភានឹងមិនធ្វើកិច្ចប្រជុំរហូតដល់ថ្ងៃទី ១៩ មករា ១ ថ្ងៃមុនលោក Biden ចូលកាន់អំណាច។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Mitch McConnell បាននិយាយថា៖ «ខ្ញុំជឿជាក់ថា ដើម្បីបម្រើជាតិឱ្យបានល្អ សភា និងនីតិប្រតិបត្តិត្រូវចំណាយពេល ៧ ថ្ងៃខាងមុខផ្ដោតទាំងស្រុងលើការសម្របសម្រួលការចូលកាន់តំណែងដោយសុវត្ថិភាព និងការផ្ទេរអំណាចដោយសណ្ដាប់ធ្នាប់ទៅរដ្ឋបាល Biden»។
ពេលវេលាដ៏ខ្លីនេះ នឹងធ្វើឱ្យមានការលំបាកសម្រាប់ព្រឹទ្ធសភាក្នុងការសម្រេចផ្ដន្ទាទោស ឬដកលោក Trump ចេញពីតំណែងមុនលោក Biden ចូលកាន់តំណែង។ បើទោះជាយ៉ាងនេះក៏ដោយ លោក McConnell បានបង្ហាញថា ព្រឹទ្ធសភានឹងធ្វើការជំនុំជម្រះក្ដី ដែលអាចចាប់ផ្ដើមនៅពេលលោក Trump ដាច់អាណត្តិ។
លើកដំបូងដែលសភាតំណាងចាប់ផ្ដើមដំណើរការដកលោក Trump ចេញពីតំណែង គឺកាលពីចុងឆ្នាំ ២០១៩ ជុំវិញការទាក់ទងរបស់លោកទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីជំរុញបើកការស៊ើបអង្កេតលើអាជីវកម្មកូនប្រុសលោក Biden ប៉ុន្តែដល់ពេលបញ្ចប់ការជំនុំជម្រះក្ដីនៅដើមឆ្នាំ ២០២០ ព្រឹទ្ធសភាបានបោះឆ្នោតលើកលែងទោសរបស់លោក។
តាំងពីផ្ដើមប្រវត្តិសាស្ត្រអាមេរិកមកទល់ពេលនេះ ព្រឹទ្ធសភាមិនទាន់បានអនុវត្តការផ្ដន្ទាទោសលើប្រធានាធិបតីរូបណាទេ តែស្ថានភាពនេះអាចប្ដូរបាន។ មានការរាយការណ៍ថា លោក McConnell គិតថា ការដកលោក Trump ចេញពីតំណែងនឹងស្ដារឈ្មោះគណបក្សសាធារណរដ្ឋ ហើយនឹងបំបាត់ឥទ្ធិពលលោក Trump នៅក្នុងបក្ស។ តែមកទល់ពេលនេះលោកមិនទាន់បង្ហាញថា លោកនឹងបោះឆ្នោតឱ្យផ្ដន្ទាទោសលោក Trump ដែរឬទេ។
យ៉ាងណាមិញ ការបោះឆ្នោតអនុម័តមាត្រានៃការចោទប្រកាន់ គឺធ្វើឡើងបន្ទាប់ពីសភាតំណាងបានព្យាយាមជំរុញអនុប្រធានាធិបតីលោក Mike Pence ឱ្យប្រើប្រាស់អំណាចក្នុងវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកលោក Trump ចេញពីតំណែង។
វិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញបានចែងថា អនុប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីមានសិទ្ធិដកអំណាចប្រធានាធិបតី បើសិនពួកគេសម្រេចក្នុងសំឡេងភាគច្រើនថា ប្រធានាធិបតីគឺអសមត្ថភាពក្នុងការកាន់អំណាច ហើយក្រោយមកសភាអាមេរិកអាចសម្រេចដកប្រធានាធិបតីចេញពីតំណែងក្នុងសំឡេង ២ ភាគ ៣។ តែលោក Pence បដិសេធធ្វើតាមការជំរុញនេះ៕