នៅ​រាត្រី​ថ្ងៃ​ពុធ ​ទី ​៦ ខែ​មករា ​សភា​ជាតិ​អាមេរិក​បន្ត​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដោយ​អង្គ​បោះឆ្នោត​ថា​ លោក​ Joe Biden ឈ្នះ​បន្ទាប់​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន ​ដោយ​សារ​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​ក្រោយ​មក​សម្រុក​ចូល​អគារ​សភាជាតិ​ដែល​ឈាន​​ដល់​ការ​បាញ់​សម្លាប់​ស្ត្រី ​១ រូប​។

បាតុកម្ម​ដោយ​ហិង្សា​នេះ​​កើត​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក ​Trump បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​តវ៉ា​នឹង​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត ដែល​ជា​ដំណើរការ​មួយ​ដែល​នឹង​ធានា​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត លោក Biden។

កាល​ពី​ម៉ោង ​១២ ថ្ងៃ​ត្រង់​លោក​ Trump និយាយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ប្រមាណ ​២៥ ០០០ នាក់ ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សេតវិមាន​ថា៖ «យើង​នឹង​ដើរ​ទៅ​កាពីតូល ​[អគារ​សភាជាតិ] ហើយ​យើង​នឹង​លើក​ទឹក​ចិត្ត​ដល់​សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​សភា​តំណាង​របស់​យើង​ដែល​មាន​សេចក្ដី​ក្លាហាន​»។

លោក Trump បាន​បន្ត​ទៀត​ថា៖ «យើង​នឹង​មិន​បោះបង់​ចោល យើង​នឹង​មិន​ចុះ​ចាញ់​»។

នៅ​ម៉ោង​ ១ រសៀល ម៉ោង​ក្នុង​ស្រុក (អាមេរិក) ក្រុម​បាតុករ​បាន​ឡោមព័ទ្ធ​អគារ​សភា​ជាតិ ហើយ​ចាប់​ផ្ដើម​ច្រាន​ប៉ូលិស​វាយ​បំបែក​បង្អួច រុញ​បំបាក់​ទ្វារ​ និង​សម្រុក​ចូល​អង្គ​សភា​ទាំង ​២ ដែល​កំពុង​ពិភាក្សា​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ​ Arizona។

ប៉ូលិស​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ទៅ​កាន់​បាតុករ​ដែល​កំពុង​រុញ​បំបាក់​ទ្វារ​បន្ទប់​សភា​តំណាង​ ហើយ​ CNN បាន​រាយការណ៍​ថា​​ បាតុករ​ ៤ នាក់​បាន​ស្លាប់ ​ដែល​រួម​មាន​ស្ត្រី​ម្នាក់​ស្លាប់​ បន្ទាប់​ពី​ត្រូវ​ ១ ​គ្រាប់​ចំ​ដើម​ទ្រូង​។

អនុ​ប្រធានាធិបតី​ Mike Pence ដែល​កំពុង​ដើរ​តួ​ជា​ប្រធាន​ព្រឹទ្ធសភា, ​លោកស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត ​លោកស្រី Kamala Harris ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​បាន​ជម្លៀស​ទៅ​កន្លែង​​ដែល​មាន​សុវត្ថិភាព​ ហើយ​អគារ​សភា​ត្រូវ​បាន​ដាក់​ក្រោម​ការ​បង្ខាំង​មិន​ឱ្យ​ចេញ​ចូល​។

លោកស្រី​ Pelosi និង​មេ​ដឹកនាំ​សំឡេង​ភាគ​តិច​ក្នុង​ព្រឹទ្ធសភា​លោក Chuck Schumer បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថា​៖​ «យើង​សូម​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី Trump ឱ្យ​ទាមទារ​ក្រុម​បាតុករ​ទាំង​អស់​ចាកចេញ​ពី​បរិវេណ​កាពីតូល​​ភ្លាមៗ»។

រីឯ​លោក​ Biden វិញ​បាន ថ្លែង​សុន្ទរកថា​ភ្លាមៗ​ថា​៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ហ្វូង​បាតុករ​ទាំង​នេះ​ឱ្យ​ដក​ថយ​ហើយ​អនុញ្ញាត​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ​»។ លោក​បន្ត​ទៀត​ថា​៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី Trump ចេញ​​ទៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ឥឡូវ​នេះ ​ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​សម្បថ​របស់​លោក​ថា ​នឹង​ការពារ​រដ្ឋ​ធម្មនុញ្ញ​ និង​ទាមទារ​ឱ្យ​បញ្ចប់​ការ​ឡោមព័ទ្ធ​អគារ​សភា​នេះ»​។

ក្រោយ​ពី​ការ​ទាមទារ​ទាំង​នេះ លោក​ Trump បាន​បង្ហោះសារ​​តាម​បណ្ដាញ​សង្គម ​Twitter ថា​៖ «ខ្ញុំ​ស្នើសុំ​អ្នក​រាល់​​គ្នា​នៅ​​កាពីតូល ​[អគារ​សភា] សហរដ្ឋ​អាមេរិក​ឱ្យ​រក្សា​សន្តិភាព​។ អហិង្សា​! សូម​ចងចាំ​ថា​យើង​ជា​​គណបក្ស​គោរព​ច្បាប់​ និង​បទបញ្ជា​គោរព​ច្បាប់​ និង​បុរស​ និង​ស្ត្រី​ដ៏​អស្ចារ្យ​របស់​យើង​ដែល​មាន​ពណ៌​ខៀវ ​[បក្ស​ប្រជាធិបតេយ្យ]។ សូម​អរគុណ!»។

ប៉ុន្តែ​ក្រោយ​មក​លោក​ Trump បាន​ការពារ​អ្នក​គាំទ្រ​របស់​លោក​​ថា​៖ «ទាំង​នេះ ​គឺ​ជា​រឿង​និង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ពេល​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ត្រូវ​បាន​គេ​ដក​ហូត​ដោយ​ខ្វះ​សុជីវធម៌​ និង​កាច​សាហាវ​ពី​អ្នក​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជា​យូរ​មក​ហើយ​»។

លោក​បន្ត​៖ «សូម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ក្ដី​ស្រឡាញ់​ និង​ដោយ​សន្តិភាព​។ សូម​ចងចាំ​ថ្ងៃ​​នេះ​​ជា​រៀង​រហូត​!»។

​ប៉ូលិស​ប្រមូលផ្តុំគ្នា​​ខណៈ​អ្នកគាំទ្រ Trump ប៉ះទង្គិ​ច​ជាមួយ​កងកម្លាំងសន្តិសុខ​។ AFP

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Twitter និង​ Facebook បាន​ចាត់​វិធានការ​លុប​ចោល​សារ ​២ ចុង​ក្រោយ​នេះ​ ដោយ​លើក​ឡើង​ថា​ សារ​ទាំង​នេះ​ បាន​​រំលោភ​គោលការណ៍​ណែនាំ​​សហគមន៍​របស់​ពួក​គេ​ ហើយ​ក្រុមហ៊ុន​ Facebook បាន​ដាក់​​​ការ​ហាម​ឃាត់​មិន​ឱ្យ​លោក​ Trump បង្ហោះសារ​ថ្មី​ក្នុង​រយៈពេល ​២៤ ម៉ោង​ហើយ​​ក្រុមហ៊ុន​ Twitter វិញ​បាន​ធ្វើ​ការ​ហាម​ឃាត់​រយៈពេល​ ១២ ម៉ោង​។

លោក Pence ដែល​ប៉ុន្មាន​ថ្ងៃ​​នេះ​រង​ការ​រិះគន់​ពី​លោក Trump និង​អ្នក​គាំទ្រ​ថា ​មិន​យល់ព្រម​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​អង្គ​បោះឆ្នោត​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​លើ​អំពើ​ហិង្សា​នេះ​។

លោក​ Pence បង្ហោះ​សារ​ថា​៖ «អំពើ​ហិង្សា និង​ការ​បំផ្លាញ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​​កាពីតូល​អាមេរិក​ត្រូវ​តែ​បញ្ឈប់​ ហើយ​ត្រូវ​តែ​បញ្ឈប់​ឥឡូវ​នេះ។ អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​គោរព​មន្ត្រី​អនុវត្ត​ច្បាប់​ហើយ​ចាកចេញ​ពី​អគារ​ជា​បន្ទាន់​»។

លោក​បន្ត​ទៀត​ថា​៖ «ការ​​តវ៉ា​ដោយ​សន្តិវិធី ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិក​ទាំង​អស់ ប៉ុន្តែ​ការ​វាយ​ប្រហារ​នេះ​ទៅ​លើ​អគារ​កាពីតូល​របស់​យើង​នឹង​មិន​ត្រូវ​បាន​អត់​ឱន​ទេ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​កាត់​ទោស​តាម​ច្បាប់​យ៉ាង​ពេញលេញ» ។

ប៉ូលិស​ទីបំផុត​ បាន​ដក​ក្រុម​បាតុករ​ និង​គ្រប់គ្រង​អគារ​ឡើង​វិញ​នៅ​ម៉ោង ​៣ ​រសៀល​ម៉ោង​ក្នុង​ស្រុក​ ហើយ​ប៉ុន្មាន​បន្ទាប់​មក​ទើប​បាន​សភា​អាមេរិក​បាន​បន្ត​ការ​រាប់​សន្លឹក​ឆ្នោត​។ ក្រសួង​សន្តិសុខ​ដែនដី​ជាតិ​ និង​ទីភ្នាក់ងារ​សម្ងាត់ FBI បាន​ដាក់​ពង្រាយ​ភ្នាក់ងារ​ប្រដាប់​ដោយ​អាវុធ​ ដើម្បី​ជួយ​ប៉ូលិស​ក្នុង​ការ​រក្សា​សន្តិសុខ​។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​លោក Christopher Miller និង​ប្រធាន​នាយសេនាធិការ​រួម​នាយឧត្ដមសេនីយ៍​ Mark Milley បាន​ចល័ត​ទ័ព​ឆ្មាំ​ជាតិ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ចំនួន ​១ ១០០ នាក់​ ក្រោយ​ពី​បាន​​ពិភាក្សា​ជាមួយ​នឹង​លោក​ Pence លោកស្រី​ Pelosi លោក​ Schumer និង​លោក​ Mitch McConnell​។

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​លោកស្រី​ Muriel Bowser បាន​ដាក់​បម្រាម​គោចរ​ពី​ម៉ោង​ ៦ ល្ងាច​ដល់ ៦ ព្រឹក​ សម្រាប់​រយៈពេល​ ១៥ ថ្ងៃ​ខាង​មុខ​ ហើយ​បាន​ស្នើសុំ​ដល់​អភិបាលរដ្ឋ​ Virginia និង​អភិបាល​​រដ្ឋ​ Maryland ឱ្យ​ជួយ​បញ្ជូន​ប៉ូលិស​ និង​ទ័ព​ឆ្មាំ​ជាតិ​របស់​ពួក​គេ​មក​ជួយ​រក្សា​សន្តិសុខ​។

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ និង​ខ្លះ​គណបក្ស​សាធារណរដ្ឋ​បាន​ស្ដីបន្ទោស​លោក Trump ចំពោះ​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា។ សមាជិក​ខ្លះ ​បាន​ទាមទារ​ឱ្យ​ដក​លោក Trump ចេញ​ពី​តំណែង​ជា​បន្ទាន់​ ខ្លះ​ទៀត​បាន​ទាមទារ​ឱ្យ​លោក​ Pence ប្រើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ ដើម្បី​ដក​លោក​ Trump​។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ បាន​អនុញ្ញាត​ឱ្យ​អនុ​ប្រធានាធិបតី​នឹង​សំឡេង​ភាគ​ច្រើន​នៃ​គណៈរដ្ឋមន្ត្រី​ ធ្វើ​ការ​ប្រកាស​ថា ​ប្រធានាធិបតី​មិន​មាន​សមត្ថភាព​កាន់​អំណាច​ និង​ដក​ហូត​​អំណាច​ជា​បណ្ដោះ​អាសន្ន ហើយ​បន្ទាប់​មក​សភា​អាច​បោះឆ្នោត ​២ ​ភាគ ​៣​ ដើម្បី​ដក​ប្រធានាធិបតី​ពី​តំណែង​។

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បាន​​កន្លង​ផុត​ទៅ​ហើយ​ ចាប់​តាំង​ពី​រដ្ឋ​នានា​បាន​បញ្ចប់​ការ​បញ្ជាក់​ថា​ លោក Biden បាន​ឈ្នះ​អង្គ​បោះ​ឆ្នោត ៣០៦ ធៀប​នឹង​ ២៣២ របស់​លោក Trump ហើយ​ការ​តវ៉ា​របស់​លោក Trump ចំពោះ​លទ្ធផល​នេះ ​បាន​បរាជ័យ​នៅ​ក្នុង​តុលាការ​នៅ​ទូទាំង​ប្រទេស​។ ​សមាជិក​បក្ស​សាធារណរដ្ឋ​បាន​​សន្យា​ថា​ នឹង​ធ្វើ​ការ​តវ៉ា​លទ្ធផល​​នៅ​រដ្ឋ​ចំនួន ​៦ នៅ​ពេល​ដែល​សភា​បញ្ជាក់​លទ្ធផល​។

តែ​ក្រោយ​​​ពី​ការ​សម្រុក​ចូល​អគារ​សភា​បាន​ធ្វើ​ឱ្យ​ការ​តវ៉ា​លទ្ធផល​នៅ​ រដ្ឋ Arizona និងរដ្ឋ Pennsylvania បាន​បរាជ័យ​ដោយ​សភា​​ទាំង ​២​ បាន​បោះឆ្នោត​ច្រាន​ចោល​ការ​តវ៉ា​ ហើយ​ផែនការ​តវ៉ា​លទ្ធផល​នៅ​ រដ្ឋ Georgia, រដ្ឋ Michigan​ និង​រដ្ឋ Nevada ត្រូវ​​បាន​បោះបង់​ចោល​៕