ក្រុងញូវដែលី៖ តំណាងតំបន់ទីបេម្នាក់ បានថ្លែងកាលពីថ្ងៃអង្គារថា ទាហានតំបន់ទីបេម្នាក់ ជាមួយកងកម្លាំងពិសេសរបស់ឥណ្ឌាបានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនចុងក្រោយបំផុត ជាមួយកងកម្លាំងប្រទេសចិន នៅព្រំដែនជម្លោះជួរភ្នំហិមាល័យរបស់ពួកគេ។
ការស្លាប់នោះ ត្រូវបានគេរាយការណ៍ដំបូងចេញពីឧប្បត្តិហេតុ ២ នៅក្នុងរយៈពេល ៤៨ ម៉ោង នៅតាមព្រំដែនដែលមានភាពតានតឹងយ៉ាងខ្លាំង រវាងប្រទេសមហាយក្សទាំង ២ ទើបតែ ២ ខែប៉ុណ្ណោះ ក្រោយពីមានការប្រយុទ្ធគ្នាមួយ ដែលបានបណ្តាលឲ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ស្លាប់។
ប្រទេសឥណ្ឌា និងចិន ដែលបានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមព្រំដែនមួយ កាលពីឆ្នាំ ១៩៦២ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទព្យាយាមឆ្លងចូលព្រំដែនក្រៅផ្លូវការ នៅក្នុងតំបន់ឡាដាកហ៍នៅក្នុងការព្យាយាម ដើម្បីដណ្តើមយកទឹកដីនៅទីនោះ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ហើយបន្ទាប់មកនៅថ្ងៃចន្ទម្តងទៀត។
ភាគីប្រទេសទាំង ២ បានប្រកាសថា មិនមានអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែលោកស្រី ណាមហ្គីយ៉ាល់ ឌូលការឡាហាហ្គីយ៉ារី ជាសមាជិកម្នាក់របស់សភាទីបេ នៅក្នុងការរស់នៅនិរទេសខ្លួន បានថ្លែងប្រាប់កាសែត AFP ថា ទាហានតំបន់ទីបេ បាន «ស្លាប់នៅក្នុងការប៉ះទង្គិចគ្នា» កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។
លោកស្រីបានថ្លែងថា សមាជិកកងកម្លាំងព្រំដែនពិសេសផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ រួមមានកងកម្លាំងជនជាតិភាគតិចទីបេជាច្រើន ដែលបានប្រឆាំងទៅនឹងការទាមទាររបស់ប្រទេសចិន បានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕ AFP/SK