កាលពីថ្ងៃចន្ទ ទី ១ ខែកុម្ភៈ សមាជិករដ្ឋសភាបារាំងបានចាប់ផ្ដើមការតស៊ូមតិសេចក្ដីព្រាងច្បាប់ប្រឆាំងអ៊ិស្លាមជ្រុលនិយមនៅក្នុងប្រទេសនេះ ដែលអាជ្ញាធរបានអះអាងថា កំពុងជ្រៀតជ្រែកចូលក្នុងសេវាសាធារណៈ សមាគមសាលារៀនមួយចំនួន និងតាមអ៊ីនធឺណិតក្នុងបំណងបំផ្លាញតម្លៃជាតិ។
សេចក្ដីព្រាងច្បាប់នេះ មានលក្ខណៈទូលំទូលាយ និងចម្រូងចម្រាស ដោយក្នុងនោះមានការព្រាងវិសោធនកម្មច្បាប់ផ្សេងទៀតប្រមាណ ១៧០។ ការតស៊ូមតិត្រូវបានចាប់ផ្ដើមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ដែលជាអ្នកតុបតែងច្បាប់ ដោយលោកនិយាយថា សេចក្ដីព្រាងច្បាប់នេះ គឺមានបំណងបញ្ឈប់ «ការកាន់កាប់ដោយហិង្សាដោយក្រុមអ៊ិស្លាមជ្រុលនិយមទៅលើប្រជាជនមូស្លីម»។
លោកបាននិយាយថា «យើងមិនប្រយុទ្ធប្រឆាំងនឹងសាសនាទេ» បើទោះបីជាអ្នកកាន់សាសនាអ៊ិស្លាមនៅបារាំងមួយចំនួនបានសម្តែងការព្រួយបារម្ភថា សេចក្ដីព្រាងច្បាប់នេះ នឹងបន្ថែមស្រទាប់ថ្មីនៃការមាក់ងាយលើពួកគេ៕