ក្រុង​តៃប៉ិ​: ​ក្រុម​សមាជិក​សភា​តៃវ៉ាន់​ បាន​ឈ្លោះ​ទាស់​ទែង​គ្នា​នៅ​ក្នុង​រដ្ឋ​សភា ​កាល​ពី​ថ្ងៃ​សុក្រ​ ជុំ​វិញ​បញ្ហា​នៃ​សំណើ​សុំ​កាត់​បន្ថយ​ប្រាក់​សោធន​និវត្តន៍​របស់​អតីត​យុទ្ធជន​យោធា​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ដ៏​ច្រើន​លើស​លប់​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រ​ឆាំង​តវ៉ា​ដ៏​ធំ​មួយ​។​

ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​ខណៈ​ពង្រាង​សេច​ក្តី​ព្រាង​ច្បាប់​មួយ​ស្នើ​ឡើង​ដោយ​គណៈ​រដ្ឋ​មន្ត្រី​នា​ដើម​ខែ​នេះ ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​រដ្ឋ​សភា​ជា​លើក​ដំបូង​បន្ទាប់​ពី​មាន​ការ​ប្រឆាំង​តវ៉ា​បង្ក​ឡើង​ដោយ​ក្រុម​អតីត​យុទ្ធ​ជន​យោធា​ចូល​និវត្តន៍​ក្នុង​ខែ​កុម្ភៈ​។​

បាតុ​កម្ម​នោះ​បាន​បញ្ចប់​ប្រកប​ដោយ​សោក​នាដ​កម្ម​ខណៈ​អតីត​មេ​បញ្ជា​ការឋានៈ​វរៈសេនីយ៍​ឯក​ម្នាក់​បាន​ធ្លាក់​ចុះ​ ខណៈ​ព្យាយាម​ឡើង​ជញ្ជាំង​មួយ​និង​ក្រោយ​មក​ទៀត​បាន​ទទួល​មរណ​ភាព​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។​

ក្រុម​សមាជិក​សភា ​បាន​នាំ​គ្នា​ស្រែក​រុញ​និង​ច្រាន​គ្នា​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ក្រុម​សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​គួមីនតាង​(​KMT​)​គ្រវី​ផ្ទាំង​បិទ​ប្រកាស​​ដោយ​ធ្វើ​ការ​ទាម​ឲ្យ​លោក​ស្រី​ប្រធានា​ធិបតី​ត្សៃ​អុីង​វិន​(​ Tsai Ing-wen ​) ​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ក្រុម​អតីត​យុទ្ធ​ជន​។​

ពួក​គេ​បាន​ចោល​ផ្លាក​សញ្ញា​ដែល​មាន​ដាក់​ពាក្យ​«​រដ្ឋា​ភិបាល​ផ្តាច់​ការ​»​ដោយ​លោត​លើ​តុ​និង​ឈ្លោះ​គ្នា​ជា​មួយ​ក្រុម​សមាជិក​សភា​មក​ពី​គណ​បក្ស​កំណែ​ទម្រង់​និយម​ប្រជា​ធិប​តេយ្យ​(​DPP​)​របស់​លោក​ស្រី​ត្សៃ​។​

ក្រុម​សមាជិក​បក្ស​KMT​ ក៏​បាន​ស្នើ​សុំ​ឲ្យ​សមាជិក​សភា​បក្ស​ DPP ​លោក​Tuan Yi-kang​ ធ្វើ​ការ​សុំ​ទោស​ចំពោះ​ការ​ហៅ​អតីត​យុទ្ធ​ជន​ជាន់​ខ្ពស់​មួយ​ដែល​ធ្វើ​ការ​ប្រ​ឆាំង​តវ៉ា​ឲ្យ​មាន​កំណែ​ទម្រង់​ជា​មនុស្ស​«​លោភ​លន់​មិន​ចេះ​ស្កប់​ស្កល់​»​។​

ប្រជា​រិះ​គន់​ជុំ​វិញ​បញ្ហា​នៃ​ការ​កាត់​ប្រាក់​សោធន​និវត្តន៍​នេះ ​គឺ​ជា​ឧប​សគ្គ​មួយ​ដ៏​ធំ​ចំពោះ​ប្រធានា​ធិបតី​លោក​ស្រី​ត្សៃ​ដែល​បាន​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាព​ចាប់​តាំង​ពី​លោក​ស្រី​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​កាល​ពី​២​ឆ្នាំ​កន្លង​ទៅ​៕​AFP/SN