ក្រុង​ម៉ា​ណា​ហ្គាៈ ​សម្ព័ន្ធមិត្ត​ប្រឆាំង​របស់​នីការ៉ាហ្គា ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​របស់​លោក​​ ដាញ៉ែល​ អរតេហ្គា មិន​អាច​បន្ត​​ទៅ​ទៀត​ទេ ប្រសិន​បើ​ក្រុម​អ្នក​ទោស​នយោបាយ ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​​ និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​របប​នេះ​ មិន​ទាន់​ចប់​។

លោកស្រី​ មេ​ធាវី​បក្ស​ប្រឆាំង​ Azahalea Solis ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា៖ ​«​មិន​មាន​លក្ខខណ្ឌ​ច្រើន​ ដើម្បី​បន្ត​ការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​ទេ​»។ ​សម្ព័ន្ធ​មិត្ត​ប្រឆាំង​ស៊ីវិល ​ដើម្បី​យុត្តិធម៌​ និង​លទ្ធិ​ប្រជាធិបតេយ្យ (ACJD) បាន​ព្យួរ​ការ​ចរចា​ជា​មួយ​រដ្ឋាភិបាល​ ដែល​មាន​បំណង​ធ្វើ​ការ​​ទម្លាយ​ភាព​ទាល់​ច្រក​ជុំវិញ​វិបត្តិ​នយោបាយ​មួយ​ ដែល​អូស​បន្លាយ ​១១ ​ខែ​ហើយ​នោះ​។

ទោះ​បី​ជា​ ACJD ​បាន​បង្ហាញ​មុខ​នៅ​កន្លែង​មួយ​នៅ​ក្នុង​ក្រុង ​ម៉ាណាហ្គា ​ជា​ទី​ដែល​ការ​ចរចា​ ត្រូវ​បាន​ទទួល​ជា​ម្ចាស់​ផ្ទះ​ដោយ​វិទ្យាស្ថាន​​គ្រប់គ្រង​ពាណិជ្ជកម្ម​​អាមេរិក​កណ្តាល​ក្តី ​ក៏​គណៈ​ប្រតិភូ​មិន​បាន​ជួប​ជា​មួយ​ក្រុម​អ្នក​ចរចា​របស់​រដ្ឋាភិបាល​ដែរ​។

លោកស្រី​​ Solis បាន​ថ្លែង​ថា ជំនួស​មក​វិញ ​សម្ព័ន្ធ​មិត្ត​ប្រឆាំង​នោះ​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​សម្រប​សម្រួល​ Waldemar Stanislaw Sommertag ​ជា​ប្រេសិត​ពិសេស​នៃ​បុរី​វ៉ាទីកង់​ និង​ប្រេសិត​ពិសេស​នៃ​អង្គការ​នៃ​ក្រុម​រដ្ឋ​អាមេរិក​លោក Luis Angel Rosadilla​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​នេះ បង្ហាញ​ឆន្ទៈ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ។ ​

លោកស្រីមេធាវី Azalean Solis (ទី៣ ឆ្វេង) ថ្លែង​នៅក្នុងអំឡុង​សន្និ​សីទកាសែត។ AFP

ការ​ចរចា​នោះ​ ត្រូវ​បាន​ព្យួរ​កាល​ពី​ថ្ងៃ​ចន្ទ ​​ដោយ​សារ​មាន​ការ​តវ៉ា​ចំពោះ​អំពើ​ហិង្សា ​និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​យ៉ាង​ធ្ងន់ធ្ងរ​។

ប៉ូលិស​ប្រឆាំង​កុបកម្ម ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បញ្ឈប់​ការ​តវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ដែល​មាន​ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស ​១០០ ​នាក់​បណ្តោះ​អាសន្ន​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​​ ដែល​នៅ​ក្នុង​នោះ​មាន​មេ​ដឹកនាំ​ប្រឆាំង​ ២ ​នាក់។

សម្ព័ន្ធមិត្ត​ប្រឆាំង​ ក៏​បាន​ផ្ទុះ​កំហឹង​ថា ​មាន​អ្នក​ទោស ​១៥០ ​នាក់ ​ដែល​ត្រូវ​បាន​ដោះលែង​ចាប់​តាំង​ពី​ការ​ចរចា ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី ​២៧ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០១៨​ ត្រូវ​បាន​គេ​​ឃុំ​ខ្លួន​ឲ្យ​នៅ​ក្នុង​ផ្ទះ​ និង​បាន​​ទាមទារ​ឲ្យ​ពួក​គេ​​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។

រដ្ឋាភិបាល​នីការ៉ាហ្គា ​មិន​បាន​ធ្វើ​ការ​ពន្យល់​អំពី​ការ​ជាប់​គាំង​ក្នុង​ការ​ចរចា​នា​ពេល​ថ្មីៗ​នេះ​ទេ​៕ AFP/PSA