ក្រុង​គែរ៖ ​អង្គភាព​អារ៉ាប់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ សម្ព័ន្ធ​អារ៉ាប់​កំពុង​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​សៅរ៍​ ដើម្បី​ពិ​ភាក្សា​អំពី​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​តួកគី​ប្រឆាំង​កងកម្លាំង​ឃើដ​នៅ​ស៊ីរី​។​

លោក​ ហ៊ូស​សាំ​ ហ្សា​គី​ ជា​ជំនួយការ​អគ្គលេខាធិការ​របស់​សម្ព័ន្ធ​អារ៉ាប់​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​មួយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ថា ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ដោយ​ប្រទេស ​អេហ្ស៊ីប​ ក្រុម​មន្ត្រី​ការ​បរទេស​ប្រចាំ​តំបន់​នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​គែរ​នៅ​ថ្ងៃទី ​១២ ​ខែ ​តុលា ​«​ដើម្បី​ពិភាក្សា​អំពី​ការ​ឈ្លាន​ពាន​របស់​តួកគី​ទៅ​លើ​ទឹក​ដី​ស៊ីរី​»​។​

ការ​ប្រកាស​នោះ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រទេស ​តួកគី បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ និង​កាំភ្លើង​ធំ​បាន​ប្រយុទ្ធ​​គ្នា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស ​ស៊ីរី ដែល​ហែកហួរ​​ដោយ​សង្គ្រាម​មួយ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។​

ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​ជីវពល​សកម្ម​ប្រយុទ្ធ​ស៊ីរី​តួកគី​បាន​បើក​ការ​វាយ​លុក​​ថ្មើរ​ជើង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង​តែល​ អាប៊េដ​ ជា​តំបន់​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព​ការពារ​ប្រជាជន​ឃើដ ​(YPG) ​នៅ​ស៊ីរី​។​

ការ​វាយ​ប្រហារ​របស់​ក្រុង​អង់ការ៉ា ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​អាមេរិក​ភ្លាមៗ​ ដែល​បាន​មើល​ឃើញ​អាមេរិក​​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​ទីតាំង​ខ្លះ​នៅ​ស៊ីរី​ភាគ​ខាង​ជើង​ ដោយ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​​តួកគី​ធ្វើ​ប្រតិបត្តិការ​យោធា​ទៅ​លើ​ក្រុម​ឃើដ​នោះ​។​

លោក​ ហ៊ូសសាំ ហ្សាគី​ បាន​ចាត់​ទុក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នោះ​ថា​ «​ជា​ការ​វាយ​ប្រហារ​មួយ​ដែល​​មិន​អាច​ទទួល​យក​បាន​ទៅ​លើ​អធិបតេយ្យ​ភាព​របស់​ប្រទេស​សមាជិក​អារ៉ាប់​មួយ​នេះ​​ ដែល​បាន​ស្វែងរក​ផល​ប្រយោជន៍​ទៅ​តាម​ស្ថានការណ៍​បង្ក​ហេតុ​របស់​ខ្លួន​ និង​ការ​បំពាន​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ»៕ AFP/SK