កាល​ពី​ថ្ងៃ​អង្គារ ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្តឹង​ប្រឆាំង​នឹង​ប្រទេស​ស៊ីប (Cyprus) និង​ប្រទេស​ម៉ាល់ត៍ ​(Malta) ​ពី​បទ​ផ្តល់​សញ្ជាតិ​សហភាព​អឺរ៉ុប​ទៅ​ដល់​អ្នក​ដែល​មាន​លុយ​តាមរយៈ​ការ «ទិញ» លិខិត​ឆ្លង​ដែន (Golden Passport) ​របស់​ពួក​គេ។ ​

តាមរយៈ​មធ្យោបាយ​វិនិយោគ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​អនុញ្ញាត​ឱ្យ​សេដ្ឋីៗ ​ក្រៅ​ប្រទេស​អាច​ទទួល​បាន​លិខិត​ឆ្លង​ដែន​អឺរ៉ុប​តាម​ទ្វារ​ក្រោយ។ ​នៅ​ក្នុង​ប្រទេស​ស៊ីប ​ដើម្បី​ទទួល​បាន​លិខិត​ឆ្លងដែន​មាស​នេះ ​គេ​ត្រូវ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ ២ លានអឺរ៉ូ​ រី​ឯ​ប្រទេស​ម៉ាល់ត៍ ​វិញ​ត្រូវ​ការ​ប្រមាណ ​១ លាន​អឺរ៉ូ។

កម្មវិធី​ផ្តល់​លិខិត​ឆ្លង​ដែន​មាស​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ​របស់​ប្រទេស​ទាំង ​២ ខណៈ​ប្រទេស​ទាំង ២ ជា​សមាជិក​សហភាព​អឺរ៉ុប។ ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា៖ «ការ​សម្រេច​ចិត្ត​ប្តឹង​សមាជិក​របស់​ខ្លួន ​គឺ​ដោយសារ​តែ​ពួក​គេ​បាន​ផ្តល់​សញ្ជាតិ​ទៅ​ឱ្យ​មនុស្ស​ ដែល​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ទាល់​តែ​សោះ​ ហើយ​អ្នក​ដែល​មាន​ត្រឹម​តែ​លិខិត​ឆ្លង​ដែន​មាស​នេះ​ក៏​គ្មាន​សិទ្ធិ​រស់នៅ​លើ​ទឹក​ដី​អឺរ៉ុប​ដែរ​»។

យោង​តាម​របាយការណ៍​ឆ្នាំ ២០១៩​ គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ទទួល​ស្គាល់​ថា​ គម្រោង​ទិដ្ឋាការ​មាស និង​គម្រោង​លិខិត​ឆ្លង​ដែន​មាស ​មាន​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​។ ​នាពេល​ថ្មីៗ​នេះ​ប្រទេស​ប៊ុលហ្គារី ​ព័រទុយហ្គាល់​ និង​ក្រិក ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ការ​ផ្តល់​ជូន​នូវ​គ្រោង​ការណ៍​លិខិត​ឆ្លង​ដែន​មាស​ក្រោម​លក្ខខណ្ឌ​ធូរ​រលុង​ទៅ​កាន់​ជន​បរទេស​ផង​ដែរ​។

លោក Vera Jourova មន្ត្រី​ទទួល​បន្ទុក​ផ្នែក​វាយ​តម្លៃ​ និង​តម្លាភាព​របស់​សហភាព​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា៖ «សហភាព​អឺរ៉ុប​ មិន​អាច​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​កម្ចាត់​ចោល​នូវ​អំពើ​ពុក​រលួយ និង​ការ​លាង​លុយ​កខ្វក់​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ​»។

កាល​ពី​សប្តាហ៍​មុន​នេះ​ រដ្ឋាភិបាល​ស៊ីប​បាន​ប្រកាស​ផ្អាក​ការ​វិនិយោគ​ភាព​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ការ​ទិញ​លិខិត​ឆ្លង​ដែន​មាស​ចាប់​ពី​ថ្ងៃទី ១ ​ខែ​វិច្ឆិកា ​ខាង​មុខ​។ ការ​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​វីដេអូ​ឯកសារ​ស្តីពី​គោល​នយោបាយ​ផ្តល់​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​ស៊ីប​ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍ Al Jazeera។

ដោយ​ឡែក​រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាល់ត៍ ​វិញ​បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​បណ្តឹង​របស់​សហគមន៍​អឺរ៉ុប​វិញ​ថា​ នឹង​បញ្ចប់​កម្មវិធី​ផ្តល់​ជូន​លិខិត​ឆ្លងដែន​មាស​ក្នុង​ពេល​ឆាប់ៗ​ ហើយ​នឹង​ដាក់​ជំនួស​មក​វិញ​ដោយ​បទប្បញ្ញត្តិ​ថ្មី​មួយ​ទៀត។ នាយកដ្ឋាន​ព័ត៌មាន​របស់​ប្រទេស​ម៉ាល់ត៍​ បាន​និយាយ​ថា ទីភ្នាក់ងារ​ទទួល​បន្ទុក​កម្មវិធី​ផ្តល់​លិខិត​ឆ្លង​ដែន​មាស​បាន​ឈប់​ទទួល​វិនិយោគិន​ចាប់​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ។​ លោក​បន្ថែម​ថា ​យ៉ាង​ហោច​ណាស់​កម្មវិធី​នេះ ​បាន​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ប្រទេស​អំឡុង​ពេល​កូវីដ ១៩ រាតត្បាត។

គួរ​បញ្ជាក់​ថា​ កម្មវិធី​លក់​លិខិត​ឆ្លង​ដែន​មាស​របស់​ប្រទេស​ស៊ីប​ បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ​២០១៣ គ្រា​ដែល​ប្រទេស​នេះ ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួល​យក​កម្មវិធី​សង្គ្រោះ​ហិរញ្ញវត្ថុ​ពី​ម្ចាស់​បំណុល​។ វា​ក៏​ក្លាយ​ជា​វិធី​ដ៏​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាសេដ្ឋី​រុស្ស៊ី ​និង​អាស៊ី​ដែល​ចង់​កាន់​លិខិត​ឆ្លង​ដែន​អឺរ៉ុប។ គិត​មក​ដល់​បច្ចុប្បន្ន​ លិខិត​ឆ្លង​ដែន​មាស ដែល​ផ្តល់​ដោយ​ប្រទេស​ស៊ីប ​ទៅ​ឱ្យ​វិនិយោគិន​មាន​ប្រមាណ​ជា ​៤ ០០០ ​លិខិត ​ដោយ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ​៧ ពាន់​លាន​អឺរ៉ូ ស្មើ​នឹង​ជាង ​៨ ពាន់​លាន​ដុល្លារ​។

ចំណែក​នៅ​ក្នុង​ប្រទេស​ម៉ាល់ត៍ ​វិញ​ កម្មវិធី​ទិញ​លិខិត​ឆ្លងដែន​មាស​នេះ​ បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ជា​ច្រើន​រូប​ចូល​មក​ក្នុង​ប្រទេស​ ព្រោះ​តែ​លិខិត​ឆ្លង​ដែន​ពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​ផ្តល់​សិទ្ធិ​ឱ្យ​ចេញ​ចូលទៅ​កាន់​សហភាព​អឺរ៉ុប​ទាំង ​២៧ ​ប្រទេស ដោយ​ស្វ័យ​ប្រវត្តិ​។

ប្រធានបទ​នៃ​លិខិត​ឆ្លងដែន​មាស​ក៏​បាន​ក្លាយ​ជា​ប្រធានបទ​ស៊ើប​អង្កេត​ដ៏​សំខាន់​ពី​សំណាក់​អ្នក​សារព័ត៌មាន​ ជា​ពិសេស​ចាប់​តាំង​ពី​អ្នក​កាសែត​ម្នាក់​ Daphne Caruana Galizia ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​បំផ្ទុះ​គ្រាប់​បែក នៅ​ក្នុង​ឡាន​របស់​នាង​ក្នុង​ឆ្នាំ ២០១៧ ​បន្ទាប់​ពី​នាង​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ប្រធានបទ ​១ ​នេះ​។

យ៉ាង​ណា​ក៏​ដោយ​បើ​ទោះ​ជា​សហភាព​អឺរ៉ុប​មិន​អាច​ហាម​ឃាត់​គ្រោង​ការណ៍​លក់​លិខិត​ឆ្លង​ដែន​មាស​ទាំង​ស្រុង​ក៏​ដោយ ប៉ុន្តែ​បាន​សន្យា​ថា​នឹង​ព្យាយាម​ចាត់​វិធានការ​ជាក់ស្តែង ​ដើម្បី​បញ្ឈប់​សកម្មភាព​ទាំង​អស់​នេះ​។ ចំពោះ​អ្នក​ដែល​បាន​ទិញ​លិខិត​ឆ្លង​ដែន​មាស​យក​ទៅ​ប្រើប្រាស់​រួច ហើយ​គណៈកម្មការ​សហភាព​អឺរ៉ុប​មិន​ទាន់​ចេញ​ចំណាត់​ការ​ណាមួយ​ទៅ​លើ​ពួក​គេ​ឡើយ។

រី​ឯ​រដ្ឋាភិបាល​ប្រទេស​ស៊ីប​ (Cyprus) ​និង​ប្រទេស​ម៉ាល់ត៍ ​(Malta) ​វិញ គឺ​មាន​ពេល ​២ ​ខែ ​ដើម្បី​រក​វិធី​កែប្រែ​ស្ថានការណ៍។ ​បើ​មិន​ដូច្នេះ​ទេ​គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​យុត្តិធម៌ ហើយ​ចុង​ក្រោយ​បំផុត​ស្នើ​ឱ្យ​តុលាការ​ដាក់​ទណ្ឌកម្ម​លើ​ពួក​គេ​។ យ៉ាងណាក្តី​ គេ​ក៏​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ចំពោះ​អ្នក​ដែល​ទទួល​បាន​លិខិត​ឆ្លងដែន​កន្លង​មក​នោះ​ឡើយ៕

អ៊ឹង ម៉េងគង់