កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ​Charles Michel ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា សហភាព​អឺរ៉ុប​ចែកចាយ​វ៉ាក់សាំង​មាន​លក្ខណៈ​បក្ខពួក​និយម ដោយ​ហាម​ឃាត់​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​នាំចេញ​វ៉ាក់សាំង​កូវីដ ១៩ ខណៈ​ខ្លួន​នៅ​បន្ត​ការ​នាំចេញ​ដដែល។

សហគមន៍​អឺរ៉ុប​ទទួល​រង​ការ​រិះគន់​ចំពោះ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យ​ប្រទេស​ក្រីក្រ​មាន​លក្ខណៈ​យឺតយ៉ាវ​ជាង​ប្រទេស​អង់គ្លេស ឬ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ដែល​បច្ចុប្បន្ន​កម្រិត​នៃ​ការ​ចែកចាយ​តិច​ជាង​ចិន រុស្ស៊ី ឬ​ឥណ្ឌា​ជាដើម។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន សហភាព​អឺរ៉ុប​បាន​បង្ក​ឱ្យ​មាន​ភាព​រអាក់រអួល​ដល់​ប្រទេស​ទិញ​វ៉ាក់សាំង​ដោយ​គាំទ្រ​លើ​ការ​សម្រេច​ចិត្ត​របស់​អ៊ីតាលី​ក្នុង​ការ​ហាម​មិន​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​អូស្ត្រាលី។

នៅ​ថ្ងៃ​ដដែល​នោះ ប្រទេស​អ៊ីតាលី ​ប្រកាស​ហាម​មិន​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ ​AstraZeneca ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដោយ​អះអាង​ថា ជា​បទប្បញ្ញត្តិ​ថ្មី​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​មាន​តម្លាភាព។ ក្រោម​យន្តការ​ថ្មី​នេះ ប្រទេស​នានា​ត្រូវ​ជូន​ដំណឹង​ជា​មុន​ទៅ​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ថា គួរ​ហាមប្រាម ឬ​អនុញ្ញាត​ឱ្យ​មាន​នាំចេញ​វ៉ាក់សាំង​ទៅ​ក្រៅ​ប្លុក​អឺរ៉ុប ឬ​យ៉ាងណា?

យ៉ាងណា​មិញ បើ​យោង​តាម​មន្ត្រី​សហគមន៍​អឺរ៉ុប​ម្នាក់​បាន​និយាយ​ថា គណៈកម្មការ​មិន​បាន​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ីតាលី ​ទេ ​ដោយ​ឡែក​ក្រុមហ៊ុន​វ៉ាក់សាំង AstraZeneca វិញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ។

ការ​សម្រេច​របស់​អ៊ីតាលី​ធ្វើ​ឡើង ក្រោយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​លោក Mario Draghi អំពាវនាវ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប កាល​ពី​សប្តាហ៍​មុន​ឱ្យ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​វ៉ាក់សាំង​ណា ដែល​មិន​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ប្រទេស​នៅ​អឺរ៉ុប។

ក្រសួង​ការ​បរទេស​អ៊ីតាលី​បាន​និយាយ​ថា វ៉ាក់សាំង​ចំនួន ២៥០ ៧០០ ដូស ដែល​គ្រោង​នឹង​ដឹក​ទៅ​អូស្ត្រាលី គឺ​ជា​​ការ​ផ្គត់ផ្គង់​មួយ​ទាំង​ដែល​អឺរ៉ុប ​និង​អ៊ីតាលី កំពុង​ខ្វះខាត​វ៉ាក់សាំង​សម្រាប់​ចែកចាយ​ប្រជាជន​ខ្លួន និង​បាន​លើក​ឡើងថា ប្រទេស​អូស្ត្រាលី ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស «មិន​ងាយ​រងគ្រោះ» ដូច​ប្រទេស​ក្រីក្រ​ដទៃ។

ប្រទេស​អង់គ្លេស មាន​ប្រតិកម្ម​រហ័ស​ចំពោះ​ការ​បដិសេធ​របស់​លោក Michel ដែលជា​បុគ្គល​តំណាង​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង ២៧ របស់​សហភាព​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​មិន​ដែល​រារាំង​ការ​នាំចេញ​វ៉ាក់សាំង​អ្វី​នោះ​ឡើយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ថា៖ «រាល់​ការ​លើក​ឡើង​អំពី​ការ​ហាមឃាត់​ការ​នាំចេញ​របស់​ចក្រភព​អង់គ្លេស ឬ​កា​រឹតត្បិត​ការ​នាំចេញ​វ៉ាក់សាំង​នោះ​ពី​សហភាព​អឺរ៉ុប គឺ​ជា​ពាក្យ​មិន​ពិត​ទេ»។ បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស លោក ​Dominic Raab បាន​ប្រាប់​លោក Michael ថា ឱ្យ​និយាយ​ពាក្យ​ពិត​មក។

ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា កើត​ឡើង​ក្រោយ​ពេល​លោក Michael បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​វែង​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ថា បើ​គ្មាន​អឺរ៉ុប​ទេ ម្ល៉េះ​នឹង​មិនមាន​ការ​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង​ជា​ច្រើន​ប្រភេទ​ក្នុង​រយៈពេល​តិច​ជាង ១ ឆ្នាំ​នេះ​ទេ ហើយ​ក៏​ដោយសារ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​នេះ​ហើយ ទើប​ធានា​បាន​ថា បណ្តា​ប្រទេស​ក្រីក្រ​នៃ​ប្លុក​នេះ​នឹង​ទទួល​បាន​វ៉ាក់សាំង​មុន​គេ។

 

លោក Michel បាន​ឱ្យ​ដឹង​ថា សហភាព​អឺរ៉ុប​ជា​តំបន់​ដែល​ផលិត​វ៉ាក់សាំង​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​បាន​រៀបចំ​គោលការណ៍​រួចជា​ស្រេច​ក្នុង​ការ​គ្រប់គ្រង​ចំនួន​វ៉ាក់សាំង ដើម្បី​ធានា​ថា ​ចែកចាយ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប។

លោក​បាន​បន្ថែម​ថា គោល​បំណង​របស់​​អឺរ៉ុប គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​ក្រុមហ៊ុន​វ៉ាក់សាំង ចែកចាយ​ឱ្យ​បាន​ត្រឹមត្រូវ ពោល​គឺ​សហភាព​អឺរ៉ុប​បញ្ជា​ទិញ​បាន​មុន ដូចនេះ​ប្រទេស​ខ្លួន​ត្រូវ​ទទួល​បាន​មុន បំណង​គឺ​ដើម្បី​ចែកចាយ​ឱ្យ​បាន​ដល់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត និង​តាម​លំដាប់​លំដោយ ហើយ​សហភាព​អឺរ៉ុប​ប្ដេជ្ញា​មិន​ឈប់​ចែកចាយ​វ៉ាក់សាំង​ឡើយ៕