រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas បាន​និយាយ​ថា ​ការ​បង្ក​ហេតុ​ជាច្រើន​ពី​ប្រទេស​តួកគី ​ជា​ហេតុ​ធ្វើ​ឱ្យ​គ្មាន​ការ​បង្កើត​កិច្ច​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​ទីក្រុង​អង់ការ៉ា ​និង​អាថែន ដោះស្រាយ​ជម្លោះ​ឧស្ម័ន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ ​

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃទី ៧ ធ្នូ​ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​តួកគី ​ជុំវិញ​ជម្លោះ​ឧស្ម័ន​នៅ​មេឌីទែរ៉ាណេ។ មេ​ដឹកនាំ​ប្លុក​នេះ​ នឹង​​សម្រេច​ចិត្ត​ចុង​ក្រោយ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ​ ដោយ​មាន​យន្ដការ​បង្កក​ការ​នាំ​ចេញ​អាវុធ​​ជាដើម ​ក្នុង​ចំណោម​វិធានការ​ដែល​អាច​កើត​មាន​ក្រោម​ការ​ពិចារណា​របស់​​សមាជិក​ណាតូ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ក្រិក​លោក ​Nikos Dendias ​បាន​និយាយថា ​មាន​ការ​ព្រមព្រៀង​យ៉ាង​ទូលំ​ទូលាយ​លើ​ទស្សនៈ​ដែល​ថា ​ប្រទេស​តួកគី ​មិន​បាន​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ណា​មួយ​ពី​គោល​​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​​រុករក​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​ភាគ​ខាង​កើត​សមុទ្រ​មេឌីទែរ៉ាណេ​ទេ។

ប្រធានាធិបតី​តួកគី លោក ​Recep Tayyip Erdogan ​បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃទី ៧ ​ធ្នូ ​ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​បន្ថែម​ទៀត ស្រប​ពេល​ដែល​លោក​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​លុប​ចោល​យុទ្ធសាស្រ្ត​ងងឹត​ងងុល​របស់​ខ្លួន។​

ប្រធានាធិបតី​តួកគី​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ប្រទេស​របស់​លោក​នឹង​មិន​ទទួល​យក​ផែនការ ​និង​ផែនទី​ដែល​មាន​គោល​បំណង ​ដើម្បី​បង្ខាំង​ពួក​គេ​មិន​ឱ្យ​ទៅ​ច្រាំង​សមុទ្រ​អង់តាលីយ៉ា​ឡើយ។

សម្រាប់​ប្រទេស​អាល្លឺម៉ង់ ​ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​រយៈពេល​ ​៦ ខែ ​គឺ​ជា​អ្នក​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​សម្រេចថា​តើ​ទណ្ឌកម្ម​គួរ​តែ​ដាក់ ​ឬ​អត់។ ​ទីក្រុង​ប៊ែរឡាំង​សង្ឃឹម​ថា នឹង​សម្រុះ​សម្រួល​​រវាង​ក្រុង​អាថែន​ និង​អង់ការ៉ា ​ប៉ុន្តែ​មាន​ការ​ខឹង​សម្បា​នៅ​ពេល​ដែល​ប្រទេស​តួកគី ​បន្ត​ការ​រុក​រក​ឧស្ម័ន​របស់​ខ្លួន​នៅ​ឯកោះ​ស៊ីប​ក្នុង​ខែ​តុលា ​បន្ទាប់​ពី​មាន​ការ​ផ្អាក។

ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​រវាង​ប្រទេស​ក្រិក​ និង​តួកគី ​កាល​ពី​ខែ​សីហា ​នៅ​ពេល​ដែល​ទីក្រុង​អង់​ការ៉ា​បាន​បញ្ជូន​នាវា ​១ គ្រឿង ​ទៅ​គូស​ផែន​ទី ​ដើម្បី​ខួង​រ៉ែ​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​ក្រិក។ សហភាព​អឺរ៉ុប​បាន​គាំទ្រ​ប្រទេស​ក្រិក ​នៅ​ក្នុង​​ជម្លោះ​នេះ​ហើយ​បាន​បើក​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ខែ​តុលា ​ដែល​មេ​ដឹកនាំ​អឺរ៉ុប​បាន​ព្រមាន​ប្រទេស​តួកគី ​ឱ្យ​ដក​នាវា​រុក​រក​ថាមពល​រ៉ែ​របស់​ខ្លួន​ចេញ ​ឬ​ក៏​ត្រូវ​ប្រឈម​នឹង​វិធានការ​ដាក់​ទណ្ឌកម្ម។​

សហភាព​អឺរ៉ុប​និយាយ​ថា ​សមយុទ្ធ​របស់​តួកគី​ និង​នាវា​របស់​គេ​បាន​បន្ត​ដំណើរការ​នៅ​ក្នុង​ដែន​ទឹក​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​ប្រទេស​ក្រិក​ និង​សាធារណរដ្ឋ​ស៊ីប​ដែល​ប្រទេស​ក្រិក ​និយាយ​ថា ​សកម្មភាព​បែប​នេះ ធ្វើ​ឱ្យ​កិច្ច​ពិភាក្សា​ជា​ផ្លូវការ​ជាមួយ​ប្រទេស​តួក​គី ​ជុំវិញ​ការ​ទាមទារ​ដែន​សមុទ្រ​​មិន​អាច​កើត​មាន​ឡើង​ឡើយ​។

ទាក់ទង​នឹង​ទណ្ឌកម្ម​តួកគី​បាន​ច្រាន​ចោល​ការ​ដាក់​ទណ្ឌកម្ម​របស់​​អឺរ៉ុប​ដោយ​និយាយ​ថា ​វា​មិន​សម​ស្រប​ឡើយ។ សភា​សហភាព​​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នៅ​ថ្ងៃទី ​២៦ ​ខែ​វិច្ឆិកា ប៉ុន្តែ​ការ​វិល​ត្រឡប់​របស់​នាវា​តួកគី ​Oruc Reis ​ហើយ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​តួកគី ​លោក Tayyip Erdogan ឱ្យ​មាន​កិច្ច​សន្ទនា​ជាមួយ​សហព័ន្ធ​អឺរ៉ុប​ អាច​ផ្តល់​​ហេតុផល​ដល់​សហភាព​អឺរ៉ុប​ ​ដើម្បី​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​នេះ។​

តួកគី​ក៏​បាន​ផ្ញើសារ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ផង​ដែរ នៅ​ពេល​ដែល​​ប្រធានាធិបតី ​Recep Tayyip Erdogan​ បាន​បញ្ជាក់​ជា​ថ្មី​ថា ​អនាគត​របស់​ប្រទេស​តួកគី គឺ​ស្ថិត​នៅ​ក្នុង​សហភាព​នេះ។ នាពេល​ថ្មីៗ​លោក​ក៏​បាន​បញ្ជូន​ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស ​គឺ​លោក ​Ibrahim Kalin ​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក ​ដើម្បី​បញ្ជូន​សារ​នេះ ​និង​គូស​បញ្ជាក់​ថា ទណ្ឌកម្ម​លើ​ប្រទេស​តួកគី ​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​ថែម​ទៀត​។

ដូច​​ករណី​នៅ​ក្នុង​ខែ​តុលា ​អធិការបតី​អាល្លឺម៉ង់​លោកស្រី ​Angela Merkel​ បាន​សារ​ភាព​ថា ​មិន​មាន​ការ​ប្រសើរ​ឡើង​រវាង​ទំនាក់ទំនង​ជាមួយ​តួកគី ​ជុំវិញ​បញ្ហា​នៅ​ភាគ​ខាង​កើត​សមុទ្រ​មេឌីទែរ៉ាណេ​នោះ​ទេ បើ​ទោះបី​ជា​​លោកស្រី​បាន​និយាយ​ថា ​ការ​វិល​ត្រឡប់​របស់​នាវា ​Oruc Reis ​គឺ​ជា​សញ្ញា​ល្អ​ក៏​ដោយ​។

អាល្លឺម៉ង់​បាន​ប្រឆាំង​ទណ្ឌកម្ម​​ដាក់​លើ​តួក​គី​កាល​ពី​ខែ​តុលា ​ថ្វី​បើ​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់ ​និង​ទីក្រុង​អង់ការ៉ា​អាច​នៅ​តែ​បន្ត​មាន​​ភាព​ស្មុគ្រស្មាញ ​ប៉ុន្តែ​ក្នុង​រយៈពេល ២ ​ខែ​កន្លង​មក​នេះ ​ប្រទេស​អាល្លឺម៉ង់ ​បាន​ខក​ចិត្ត​ជា​ខ្លាំង​ជា​ពិសេស​ការ​បដិសេធ​របស់​តួកគី​ចំពោះ​សំណើ​ដែល​បាន​លើក​ឡើង​ដោយ​សហគមន៍​អឺរ៉ុប​កាល​ពី​ដើម​ខែតុលា​។

អគ្គលេខាធិការ​អង្គការ​ណាតូ​លោក ​Jens Stoltenberg ក៏​បាន​​ស្វាគមន៍​ការ​សម្រេច​ដក​នាវា ​Oruc Reis នេះ​តែ ១ ​ថ្ងៃ​ប៉ុណ្ណោះ ​មុន​​ការ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​ណាតូ​នៅ​ថ្ងៃ​ទី ​១ ​ធ្នូ។ វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​​ប្រទេស​តួកគី ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ចំហ​ដល់​ប្រទេស​ក្រិក​ ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ការ​រុករក​នៅ​ថ្ងៃ​ដដែល ​ដែល​ជា​ថ្ងៃ​ដែល​រដ្ឋមន្រ្តី​ការ​បរទេស​ណាតូ​បាន​ជួប​ប្រជុំ​គ្នា។ ​

រដ្ឋមន្ត្រី​ការ​បរទេស​តួកគី លោក Mevlut Cavusoglu ​ក៏​អាច​នឹង​​អំពាវនាវ​ម្តងទៀត​ដល់​សមភាគី​​របស់​លោក​មក​ពី​បណ្តា​ប្រទេស​​ណាតូ ​ផ្សេង​ទៀត​ផង​ដែរ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មាន​ទស្សន​វិស័យ​តិច​តួច​ណាស់ ​ដែល​​ក្រិក​យល់ព្រម​នឹង​អង្គុយ​នៅ​តុ​តែ​មួយ​ជា​មួយ​តួកគី​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប។ ប្រទេស​ក្រិក ​ចង់​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​តួកគី ​ហើយ​មិន​យល់​ស្រប​ទេ​ដែល​ថា ភាព​តានតឹង​បាន​ថយ​ចុះ​ដោយសារ​ការ​ដក​ចេញ​នូវ​នាវា​ ​Oruc Reis​៕