ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

រដ្ឋាភិបាល​នឹង​បង្ហាញ​ពី​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ដែល​ត្រូវ​បាន​កែប្រែ​រួច​នៅ​ជំនួប​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ ​មុន​នឹង​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ​ ទៅ​សភា​សម្រាប់​ការ​ជជែក​ដេញ​ដោល​ដែល​ត្រូវ​បាន​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១៧ ​ខែ​កុម្ភៈ​។

លោក Philippe Martinez ​អគ្គលេខា​សម្ព័ន្ធ​សហជីព​ការងារ (CGT) ​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ ​BFM កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា៖ «​ការ​បង្ហាញ​ពី​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍ ​ដែល​ត្រូវ​បាន​កែប្រែ​រួច​នោះ​នៅ​ថ្ងៃ​សុក្រ​នេះ»។

ក្រុម​មេ​ដឹកនាំ​សហជីព​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​នៅ​ផ្នែក​រថភ្លើង​ផ្លូវ​ដែក ​និង​រថភ្លើង​ក្រោម​ដី​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​នេះ​ ប៉ុន្តែ​ការ​រំខាន​ទាំង​នោះ​បាន​ចប់​ទាំង​ស្រុង​ ក្រោយ​​ពី​ក្រុម​មន្ត្រី​បាន​បោះបង់​ចោល​គម្រោង​​​ផ្សេងៗ​ជា​បណ្តោះអាសន្ន​ ដែល​យ៉ាង​ហោច​ណាស់​បង្កើន​អាយុ​ចូល​និវត្តន៍​ពី ​៦២ ​ឆ្នាំ ​ទៅ ​៦៤ ​ឆ្នាំ។

ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​​ប្រឆាំង​​បាន​ប្រែ​ក្លាយ​ទៅ​ជា​វិធានការ​បដិវត្តន៍​​ដូច​ជា​ការ​ផ្តាច់​ភ្លើង​អគ្គិសនី ​និង​បិទ​កំពង់ផែ​ និង​មាន​ការ​កាន់​កាប់​ទីស្នាក់ការ​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ ​(CFDT) ​ដោយ​ក្រុម​អ្នក​ប្រឆាំង​សកម្ម​ជា​ច្រើន​នោះ​៕ AFP/PSA