កាល​ពី​ថ្ងៃ​ពុធ ​ទី ១៣ មករា ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ និង​ប្រធាន​សហភាព​អាហ្វ្រិក​លោក​ Cyril Ramaphosa បាន​ប្រកាស​ថា​ សហភាព​អាហ្វ្រិក​និង​ទិញ​យក​វ៉ាក់សាំង​កូវីដ ១៩ ​ចំនួន​ ២៧០ លាន​ដូស​ ពី​ក្រុមហ៊ុន​ផលិត​ចំនួន​ ៣ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ជា​សមាជិក​។

លោក​ Ramaphosa បាន​និយាយ​ថា៖ «ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ផ្ទាល់ មក​ដល់​ពេល​នេះ​យើង​ទទួល​បាន​ការ​ប្ដេជ្ញា​ចិត្ត​ផ្គត់​ផ្គង់​វ៉ាក់សាំង​ចំនួន ២៧០ លាន​ពី​អ្នក​ផ្គត់ផ្គង់​ធំ​ៗ ចំនួន ៣ គឺ Pfizer, AstraZeneca (តាម​រយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា) និង Johnson & Johnson»។

លោក​ក៏​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​វ៉ាក់សាំង​ចំនួន ៥០ លាន​ដូស​ នឹង​មាន​ឱ្យ​ប្រើ​ប្រាស់​ «សម្រាប់​រយៈពេល​ដ៏​សំខាន់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ​ឆ្នាំ ២០២១»​។

វ៉ាក់សាំង​ចំនួន ២៧០ លាន​ដូស​ នឹង​បន្ថែម​ពី​លើ​នូវ​វ៉ាក់សាំង​ចំនួន ៦០០ លាន​ដូស ​ដែល​ត្រូវ​បាន​សន្យា​ផ្គត់ផ្គង់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​តាម​កម្មវិធី​ COVAX​។ តែ​ចំនួន​នេះ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ជូន​ប្រជាជន​ទេ​ ដោយ​សារ​ទ្វីប​អាហ្វ្រិក​មាន​ប្រជាជន​សរុប ១,៣ ពាន់​លាន​នាក់ ហើយ​មនុស្ស​ម្នាក់​ៗ ត្រូវ​ការ​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ ធ្វើ​ឱ្យ​អាហ្វ្រិក​ត្រូវ​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ចំនួន ២,៦ ពាន់​លាន​ដូស​៕