កាល​ពី​ថ្ងៃ​ពុធ ទី ១៨ ឯកអគ្គរដ្ឋទូត​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប (EU) ទាំង ២៧ បាន​យល់ព្រម​លើ​ការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី និង​នីតិបុគ្គល​ចិន​មួយ​ចំនួន ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង នេះ​បើ​តាម​មន្ត្រី​ការទូត EU ចំនួន ២ នាក់។

នេះ គឺ​ជា​ទណ្ឌកម្ម​ដំបូង​ដែល EU បាន​ដាក់​លើ​ចិន​តាំង​ពី​ការ​អនុម័ត​ការ​ហាមឃាត់​ការ​ជួញដូរ​អាវុធ​កាល​ពី​ឆ្នាំ ១៩៨៩ ដែល​ជា​ការ​ឆ្លើយតប​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ធានអានមេន។ ការ​ហាម​ឃាត់​ការ​ជួញដូរ​អាវុធ​នេះ គឺ​នៅ​អនុវត្ត​រហូត​មក​ដល់​សព្វថ្ងៃ។

ទណ្ឌកម្ម​ខាង​លើ​នឹង​បង្កក​ទ្រព្យ​សម្បត្តិ និង​ដាក់​ការ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​លើ​មន្ត្រី​ចិន​ចំនួន ៤ រូប និង​នីតិបុគ្គល​មួយ​ចំនួន ដែល​ឈ្មោះ​បុគ្គល​ទាំង​នេះ នឹង​មិន​ត្រូវ​បញ្ចេញ​ជា​សាធារណៈ រហូត​ដល់​ពេល​មាន​ការ​អនុម័ត​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក EU នៅ​ថ្ងៃ​ចន្ទ ទី ២២ មីនា ជា​ផ្នែក​មួយ​នៃ​ការ​ប្រកាស​បញ្ជី​ទណ្ឌកម្ម​ថ្មី​មួយ ដែល​រួមមាន​ទណ្ឌកម្ម​លើ​បុគ្គល​នៅ​រុស្ស៊ី លីប៊ី ស៊ូដង់​ខាងត្បូង និង​កូរ៉េខាងជើង។

ខណៈ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ មាន​លក្ខណៈ​ជា​និមិត្តរូប​ប៉ុណ្ណោះ តែ​ការ​អនុម័ត​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​នៃ​គោល​នយោបាយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ប្រទេស​ចិន ​ដែល​កាល​ពី​មុន EU ចាត់​ទុក​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ទន់ភ្លន់ ​ប៉ុន្តែ​ឥឡូវ​នេះ​ចាត់​ទុក​ជា​អ្នក​រំលោភ​សិទ្ធិ និង​សេរីភាព​មូលដ្ឋាន។

មន្ត្រី​ការទូត EU ទាំង ២ ខាង​លើ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា​មន្ត្រី​ចិន​ខាង​លើ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ជនជាតិ​ភាគ​តិច​មូស្លីម​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​ជនជាតិ​អ៊ុយហ្គ័រ​នៅ​អឺរ៉ុប​សហរដ្ឋ​អាមេរិក និង​កាណាដា។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​អ៊ុយហ្គ័រ ១ លាន​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ជំរំ​អប់រំ​ឡើង​វិញ។ ក្រុម​សកម្មជន និង​អ្នក​នយោបាយ​លោក​ខាង​លិច​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន ​ថា ​បាន​ប្រើ​ទារុណកម្ម បង្ខំ​ឱ្យ​ធ្វើ​ការ និង​កំពុង​បំបាត់​សមត្ថភាព​បន្ត​ពូជ​របស់​ជនជាតិ​នេះ។ សភា​ហូឡង់​បាន​ធ្វើ​តាម​កាណាដា និង​អាមេរិក​ក្នុង​ការ​ចាត់​ទុក​សកម្មភាព​របស់​ចិន​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​ថា ជា​អំពើ​ប្រល័យ​ពូជសាសន៍។ ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​និយាយ​ថា ជំរំ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម។

ជា​ការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​នេះ ស្ថានទូត​ចិន​ប្រចាំ EU បាន​បង្ហោះ​សម្ដី​របស់​លោក​ឯកអគ្គ​រដ្ឋទូត​លោក Zhang Ming និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​បណ្ដាញ​សង្គម Twitter។ លោក Zhang បាន​និយាយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម ​គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា។ យើង​ចង់​បាន​ការ​សន្ទនា​មិនមែន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទេ។ យើង​ស្នើ​ឱ្យ​ភាគី​អឺរ៉ុប​គិត​ម្ដងទៀត។ ប្រសិន​បើ​អ្នក​ខ្លះ​ទទូច​ចង់​ប្រឈម​មុខ​ដាក់​គ្នា យើង​នឹង​មិន​ចុះ​ចាញ់​ទេ ​ព្រោះ​យើង​គ្មាន​ជម្រើស ក្រៅ​ពី​ការ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​ប្រជាជន»។

លោក Zhang ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​របស់​ជនជាតិ​អ៊ុយហ្គ័រ ដោយ​និយាយ​ថា «អ្នក​ស្អប់​ចិន» កំពុង​តែ​ផ្សព្វផ្សាយ​ការ​កុហក ដើម្បី​ផល​ប្រយោជន៍​នយោបាយ។

ទីក្រុង​ប៉េកាំង បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ចិន ​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ស៊ីនជាំង ជា​ច្រើន​លើក​ច្រើនសា តែ​មន្ត្រីការ​ទូត​រូប​នេះ បាន​បដិសេធ​មិន​ទៅ​ដោយ​និយាយ​ថា ពួក​គេ​មិន​អាច​ធ្វើ​ទស្សនកិច្ច​ក្រោម​លក្ខខណ្ឌ​តឹងរ៊ឹង និង​ក្រោម​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ​ចិន។ សហភាព​អឺរ៉ុប​ក៏​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ជនជាតិ​អ៊ុយហ្គ័រ​ឈ្មោះ Ilham Tohti ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ជីវិត ​កាល​ពី​ឆ្នាំ ២០១៤។

ទាក់ទង​នឹង​ការ​បដិសេធ​នេះ លោក Zhang បាន​និយាយ​ថា «អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​រៀបចំ» សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​ប៉ុន្តែ «សំណើ​ដែល​មិន​អាច​ទទួល​យកបាន បាន​នាំ​ឱ្យ​មាន​បញ្ហា»។

«ពួក​គេ​ទទូច​ឱ្យមាន​ការជួប​ជាមួយ​ឧក្រិដ្ឋជន​ម្នាក់ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ច្បាប់​ចិន»។ លោក Zhang បាន​និយាយ​បែបនេះ ហើយ​បន្តទៀត​ថា៖ «នេះ​មិនអាច​ទទួល​យក​បាន​ទេ ខ្ញុំ​សុំទោស»។

លោក Zhang ​ក៏​បាន​ប្រាប់ EU ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការភ្ជាប់​កិច្ចព្រមព្រៀង​វិនិយោគទុន ដែល​ភាគី​ទាំង ២ បាន​យល់ព្រម​កាល​ពី​ខែធ្នូ ឱ្យ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ឬ​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង ​នៅ​ហុងកុង។ លោក​បាន​និយាយ​ថា៖ «បញ្ហា​សេដ្ឋកិច្ច​មិន​គួរ​ធ្វើ​ឱ្យ​ទៅជា​​​បញ្ហា​នយោបាយ​ទេ»។

សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​វិនិយោគទុន​ថា ផ្ដល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​ក្នុង​ការ​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ចិន និង​ដោះស្រាយ​បញ្ហា​អតុល្យភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង។ ប៉ុន្តែ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​អាច​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​សមាជិក​សភា EU ដែល​ការ​យល់ព្រម​ឱ្យ​អនុម័ត​របស់​ពួក​គេ គឺ​ត្រូវ​ការ​សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

បន្ថែម​ពី​លើ​នេះ អ្នក​រិះគន់​កិច្ច​ព្រមព្រៀង​នេះ​បាន​និយាយថា ការ​ហាមឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​វិនិយោគ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​ចិន ខណៈ​មិន​មាន​ការ​រារាំង​មិន​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​បែប​នេះ​នៅ​អឺរ៉ុប​អាច​ធ្វើ​ឱ្យ​ចិន​គ្រប់គ្រង​វិស័យ​ព័ត៌មាន​នៅ​អឺរ៉ុប។

ការ​យល់ព្រម​លើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​អាមេរិក​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន និង​ហុងកុង​ចំនួន ២៤ រូប ដែល​រដ្ឋមន្ត្រី​ការ​បរទេស​លោក Anthony Blinken និយាយ​ថា ជា​ការ​ឆ្លើយតប​នឹង​កំណែទម្រង់​ក្រុង​ប៉េកាំង​ទៅលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ហុងកុង។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​រួមមាន​លោក Wang Chen ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន និង​លោក Tam Yiu-chung ជា​ពលរដ្ឋ​ហុងកុង​តែ​មួយ​គត់​នៅ​ក្នុង​គណៈកម្មាធិការ​ដែល​បាន​ព្រាង​ច្បាប់​សន្តិសុខ​ជាតិ។

ទណ្ឌ​កម្មនេះ ជា​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ដែល​រួម​មាន​ការ​ហាម​ឃាត់​ទទួល​សេវា​ពី​ធនាគារ​អាមេរិក​ខ្ចី​ប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក ការ​ទិញ​អចលនទ្រព្យ ​ឬ​ជួញដូរ​ជាមួយនឹង​នីតិបុគ្គល​អាមេរិក។ ការ​ដាក់​ទណ្ឌកម្ម​នេះ ​គឺ​ធ្វើ​ក្រោម «ច្បាប់​ស្វ័យភាព​ហុងកុង» (HKAA) ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្រោម​រដ្ឋបាល។

មេ​ដឹកនាំ​ហុងកុង​លោកស្រី Carrie Lam ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ក្រោម ​HKAA ដោយ​រដ្ឋបាល​លោក​ Trump បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​បាន​ផ្ដាច់​លោកស្រី​ចេញ​ពី​ប្រព័ន្ធ​ធនាគារ​ពិភព​លោក ហើយ​បង្ខំ​ឱ្យ​លោកស្រី​ស្តុក​ទុក​សាច់​ប្រាក់ ពី​ព្រោះ​ធនាគារ​មិន​ព្រម​ធ្វើ​ជំនួញ​ជាមួយ​លោកស្រី​ទេ៕