សហភាព​អឺរ៉ុបកាលពី​ថ្ងៃ​សៅរ៍ ទី ៣០ មករា បាន​លុបចោល​ផែន​ការដាក់​កម្រិត​លើ​ការនាំចេញ​វ៉ាក់សាំង​កូ​វីដ ១៩ ទៅកាន់​ចក្រភព​អង់គ្លេស​តាមរយៈ​អៀរ​ឡង់​ខាងជើង បន្ទាប់ពី​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សាធារណរដ្ឋ​អៀរ​ឡង់ ចក្រភព​អង់គ្លេស និង​អង្គការ​សុខភាព​ពិភពលោក។

កាលពី​ថ្ងៃ​សុក្រ សហភាពអឺរ៉ុបដោយ​មិនបាន​ពិភាក្សាជាមួយ​ប្រទេស​ជា​សមាជិក​ឬ​ចក្រភព​អង់គ្លេស បានប្រកាស​ផែនការ​ប្រើប្រាស់​វិធានការ​បន្ទាន់​មួយ​នៃ​កិច្ចព្រមព្រៀង Brexit ដើម្បី​ដាក់​កម្រិត​លើ​ការនាំចេញ​វ៉ាក់សាំង​កូ​វីដ ១៩ តាមរយៈ​ព្រំដែន​អៀរ​ឡង់ ខណៈ​ប្លុក​នេះ កំពុង​ប្រឈម​នឹង​ការខ្វះខាត​វ៉ាក់សាំង។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេ​សលោក Boris Johnson បាន​និយាយថា លោក «មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង» អំពី​ការប្រកាស​នេះ រីឯ​រដ្ឋមន្ត្រី​កិច្ចការ​អៀរ​ឡង់​ខាងជើង​លោកស្រី Arlene Foster បាន​និយាយថា ផែនការ​នេះ

គឺជា «អំពើ​អរិភាព»។

ភ្លាមៗក្រោយ​ការប្រកាស លោក Johnson និង​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​អៀរ​ឡង់​លោក Micheal Martin បាន​និយាយ​ជាមួយ​ប្រធាន​គណៈកម្ម​ការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen រៀងខ្លួន។

ក្រោយពី​ការជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ទាំង ២ រូបនេះ​ លោកស្រី von der Leyen បាន​បង្ហោះ​សារ​ទៅកាន់​បណ្ដាញ Twitter ថា៖ «យើង​បាន​ឯកភាព​លើ​គោលការណ៍​ថា​ មិនគួរ​មានការ​ដាក់កម្រិត​លើ​ការនាំចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ដែល​កំពុង​បំពេញភារកិច្ច​តាម​កិច្ចសន្យា»។

មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប​មួយចំនួន​បាន​និយាយថា​ ការដាក់​កម្រិត​នេះ គឺជា​កំហុស ហើយ​ធានាថា ការដាក់​កម្រិត​នឹងមិន​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង Brexit ទេ ដែល​កិច្ចព្រមព្រៀង​នេះ បាន​ធានា​មិនឱ្យ​មានការ​ត្រួតពិនិត្យ​ព្រំដែន​ថ្មី​រវាង​សាធារណរដ្ឋ​អៀរ​ឡង់ និង​អៀរ​ឡង់​ខាងជើង។

អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​ចូលរួម​ក្នុងការ​រិះគន់​សហភាព​អឺរ៉ុប​ផងដែរ ដោយបាន​និយាយថា​វិធានការ​បែបនេះ អាចធ្វើឱ្យ​បន្ត​អូសបន្លាយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩។ អគ្គនាយក WHO លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា «ជាតិនិយម​វ៉ាក់សាំង» អាច​នាំទៅរក «ការ​ងើប​ឡើងវិញ​យ៉ាង​យឺត»។

បើទោះជា​បាន​ដក​ការដាក់កម្រិត​នេះ​ក៏ដោយ សហភាព​អឺរ៉ុប​នៅតែមាន​បំណង​ធ្វើការ​ត្រួតពិនិត្យ​ការនាំចេញ​វ៉ា​ក់សាំង​ទៅកាន់​ប្រទេស​ដែលមិនមែន​សមាជិក​សហ​ភាព​អឺរ៉ុប ដោយ​មិនមាន​ការពាក់ព័ន្ធ​ជាមួយ​ព្រំដែន​អៀរ​ឡង់​ខាងជើង ដែល​ការត្រួតពិនិត្យ​នេះ អាច​កាត់បន្ថយ​ការនាំចេញ​វ៉ា​ក់សាំង​ទៅ​ប្រទេស​ទាំងនោះ។

យ៉ាងណាមិញ​ការប្រកាស​ដាក់​កម្រិត​នាំចេញ​វ៉ាក់សាំង គឺធ្វើឡើង​នៅពេល​ជាមួយ​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស/ស៊ុយអែត Astra Zeneca។ សហភាព​អឺរ៉ុប​គឺ​កំពុង​ស្ថិតក្នុង​ជម្លោះ​ជាមួយ AstraZencaទាក់ទង​ការ​កាត់បន្ថយ​ការផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វីដ ១៩ សម្រាប់​ប្លុក​នេះ ដោយសារ​បញ្ហា​ផលិតកម្ម។ ការប្រកាស​ដាក់​កម្រិត​នាំចេញ​វ៉ាក់សាំង​គឺ ត្រូវបាន​គេ​យល់ឃើញថា ​គឺ​តម្រង់​ទៅកាន់​ក្រុមហ៊ុន AstraZeneca ដែលមាន​រោងចក្រ​មួយ​នៅ​ប្រទេស​បែលហ្ស៊ិក។

សហភាព​អឺរ៉ុប បាន​ចោទប្រកាន់ AstraZenca ថា​បាន​រំលោភ​កិច្ចសន្យា ហើយ​ធ្វើការ​ផ្គត់ផ្គង់​ទៅ​ចក្រភព​អង់គ្លេស​ច្រើនជាង និង​រួមទាំង​បាន​ដឹកជញ្ជូន​វ៉ាក់សាំង​ផលិត​នៅ​ទ្វីបអឺរ៉ុប​ទៅកាន់​ទីនោះ​ផងដែរ។ សហភាព​អឺរ៉ុប​បានទាមទារ​ឱ្យ AstraZeneca ទាញយក​វ៉ាក់សាំង​ផលិត​សម្រាប់​អង់គ្លេ​សមក​ផ្គត់ផ្គង់​ពួកគេ​វិញ។

ក្រុមហ៊ុន AstraZeneca បាន​ច្រានចោល​ការទាមទារ​នេះ ហើយ​បាន​និយាយថា ខ្លួន​មិនបាន​រំលោភ​កិច្ចសន្យា​ទេ។ ចក្រភព​អង់គ្លេសបាន​ចុះ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​នេះ​រយៈពេល ៣ ខែ មុន​សហភាព​អឺរ៉ុប ហើយ​ក្រោម​កិច្ចសន្យា​នោះ វ៉ាក់សាំង​ដែល​ផលិត​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​ផ្គត់ផ្គង់​ទៅ​ទីនោះ ជាមុនសិន។

រឿង​ទាំងអស់នេះ កើតឡើង​ខណៈពេលដែល ផែនការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការចាក់​វ៉ា​ក់សាំង​ជូន​ប្រជាជន​ពេញវ័យ​ចំនួន ៧០% ត្រឹម​រដូវក្ដៅ គឺ​កំពុង​បរាជ័យ​ដោយសារ​បញ្ហា​ផលិតកម្ម​វ៉ាក់សាំង Pfizer/BioNTechនិង Moderna ដែល​បង្កឱ្យមាន​កង្វះ​វ៉ាក់សាំង​នៅ​ទ្វីប​នេះ៕