សហភាព​អឺរ៉ុប​គ្រោង​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​មីយ៉ាន់ម៉ា ​ខណៈ​ដែល​ការតវ៉ា​នៅតែ​បន្តកើត​មាន​ឡើង​ក្នុង​ប្រទេស។

រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រុមតវ៉ា​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ និង​ទាមទារ​ដោះលែង​មេដឹក​នាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​ប្រជាធិប​តេយ្យ​លោកស្រី​ Aung San Suu Kyi។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​លោក​ Heiko Maas បាននិ​យាយនៅ​ក្នុង​ទី​ក្រុងប្រ៊ុច​សែលថា​ ខ្លួននឹង​មិន​ឈរ​មើល​ដោយ​មិន​ធ្វើ​អ្វី​ឡើយ។ ​លោកបាន​និយាយ​បន្ត​ថា ទណ្ឌកម្ម​ទៅលើ​ប្រទេស​មីយ៉ាន់ម៉ា ​អាច​នឹង​អនុវត្ត​។

សហគមន៍អឺរ៉ុប ​កំពុង​ពិចារណា​ទណ្ឌកម្ម​ដែល​អាចនឹង​ដាក់​អនុវត្ត​ទៅលើ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​យោធា ប៉ុន្តែ​សហគមន៍នេះ​បាន​ច្រានចោល​រាល់​ការ​អនុវត្ត​ទណ្ឌកម្ម​ទៅលើ​ពាណិជ្ជកម្ម​ដើម្បី​ចៀស​វាង​ប៉ះពាល់​ដល់​កម្មករ​ក្រីក្រ៕