យោងតាមឯកសាររបស់គណៈកម្មការអឺរ៉ុបក្រុមហ៊ុនហ្វេសប៊ុក ក្រុមហ៊ុន Alphabet នៃ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀត​ ត្រូវសន្យាថានឹង​ចាត់វិធាន​ការ​បន្ថែមទៀត​ ដើម្បី​ទប់ស្កាត់​ការចែក​ចាយ​ព័ត៌មានមិនពិត​តាមរយៈការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។

នាយកប្រតិបត្តិសហភាពអ៊ឺរ៉ុបក៏​ស្នើឱ្យមាន​ការ​ចាត់​វិធាន​ការ​ដូច​គ្នា​ ពី​សំណាក់​ប្រព័ន្ធផ្សព្វផ្សាយសង្គមឬ​សេវា​កម្មឧបករណ៍​ស្វែង​រក​ (search service) តូចៗ​មួយ​ចំនួន​ផ្សេងទៀត​ ក្រុម​ហ៊ុនសេវា​ផ្ញើរសារ​សម្ងាត់​ (private messaging service)​ ការ​ផ្សាយពាណិជ្ជកម្មក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាភ្នាក់​ងារ​ទំនាក់ទំនងនិងសេវាកម្មទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្រព័ន្ធប្រមូលមូលនិធិ /​ ការបរិច្ចាគផ្សេងៗ។

សំណើនេះ​ ក៏មាន​គោលបំណងចង់​ឱ្យ​មាន​ក្រុម​ការ​ងារស្ម័គ្រចិត្ត​​ ស្តីពី​ការ​ទប់​ស្កាត់​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​នៅ ដូច​ដែល​​​ក្រុមហ៊ុន Google, Facebook, Twitter (TWTR.N), ក្រុមហ៊ុន Microsoft (MSFT.O), Mozilla និង TikTok បានចុះឈ្មោះ​ស្ម័គ្រ​ចិត្ត​កាលពីឆ្នាំ ២០១៨​។

ប្រភពដដែលបានលើក​ឡើង​ថា សហភាពអឺរ៉ុប​ចង់​ឱ្យ​បណ្ដាញ​សង្គម​ទាំង​នេះរឹតប​ន្តឹងលក្ខន្តិកៈ​ស្រប​ច្បាប់​បន្ថែម​ និងដំណើរការពិនិត្យមាតិកាឡើងវិញ​សម្រាប់ការរកប្រាក់​លើមាតិកា​ និងកម្មវិធីចែករំលែក​ផ្សេងៗ​ ដែលមានផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​៕